ក្រុងបាងកកៈ ការព្យាករ​ពី​កំណើន​ទីផ្សារ​អចលនទ្រព្យ​លំនៅឋាន​ក្នុងប្រទេស​ថៃ​នៅ​ឆ្នាំនេះ​ត្រូវបាន​ទម្លាក់​ពី ៥-៧ ​ភាគរយ​មក​នៅត្រឹម ៣-៥​ ភាគរយ បន្ទាប់ពី​មាន​ការទម្លាក់​ការ​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​មក​នៅត្រឹម​ពី ១,៥-២,៥ ​ភាគរយ​ក្នុង​គ្រា​ដែលមាន​ការរីក​រាលដាល​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន Real Estate Information Center (REIC)​។

លោក Vichai Viratkapan អគ្គនាយក​ស្តីទី​នៃ​ក្រុមហ៊ុន REIC ត្រូវបាន​កាសែត​បាងកក​ប៉ុស្តិ៍​ដកស្រង់​សម្ដី​ ខណៈ​លោក​ថ្លែងថា ការផ្ទុះ​ជំងឺ​នេះ​គឺជា​ការគំរាមកំហែង​ថ្មី​មួយ​ដែល​នឹងមាន​ផលប៉ះពាល់​ខ្លាំង​លើ​សេដ្ឋកិច្ច​របស់​ពិភពលោក និង​សេដ្ឋកិច្ច​របស់​ថៃ​។

លោក​មានប្រសាសន៍​ថា​៖ «​បើទោះជា​មានការ​លើកទឹកចិត្ត​ក្នុង​ទីផ្សារ​អចលនទ្រព្យ និង​អត្រា​ការប្រាក់​កាន់តែ​ទាប​ក្តី ក៏​អារម្មណ៍​ទីផ្សារ​នឹង​មិនមាន​ភាពអំណោយ​ផល​ទេ ដោយសារ​ផលប៉ះពាល់​នៃ​ការផ្ទុះ​ជំងឺ​នេះ​ទៅលើ​ប្រព័ន្ធ​សេដ្ឋកិច្ច​»​។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​កាលពី​ម្សិលមិញ​ថា កាលពី​សប្តាហ៍​មុន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមជាតិ (NESDC) របស់​ប្រទេស​ថៃ​បាន​ទម្លាក់​ការព្យាករ​ពី​កំណើនសេដ្ឋកិច្ច​ពី ២,៧-៣,៧ ​ភាគរយ​ដែល​បាន​ព្យាករ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន​មក​ត្រឹម ១,៥-២,៥ ​ភាគរយ​។

លោក Vichai បាន​ថ្លែងថា កត្តា​សំខាន់​មួយ​សម្រាប់​ការទម្លាក់​ការព្យាករ​នេះ​គឺជា​ការព្យាករ​ពី​ការធ្លាក់ចុះ​ការផ្ទេ​កម្មសិទ្ធិ​លំនៅឋាន​ពី​សំណាក់​អតិថិជន​ចិន​។

ក្នុង​សេណារីយោ​ករណី​មូលដ្ឋាន​មួយ​ចំនួន​យូនីត​ដែល​ត្រូវបាន​ផ្ទេរកម្មសិទ្ធិ​នៅ​ទូទាំង​ប្រទេស​នឹង​ធ្លាក់​ ៤,៥ ​ភាគរយ​មក​ត្រឹម ៣៥៦ ៦៦១ ​យូនីត​ធ្លាក់ចុះ​ពី​ការព្យាករ​កន្លងមក​ដែលថា ធ្លាក់​តែ ០,២ ​ភាគរយ​។

សេណារីយោ​អាក្រក់​បំផុត​គឺ​ការធ្លាក់ចុះ​ខ្លាំង ១៤ ​ភាគរយ​មក​នៅត្រឹម ៣២០ ៩៩៥ ​យូនីត និង​សេណារីយោ​ល្អ​បំផុត​គឺ​កើនឡើង ៣,៩ ​ភាគរយ​ដល់ ៣៨៧ ៩២៧ ​យូនីត​។

តម្លៃ​ផ្ទេរកម្មសិទ្ធិ​នៅក្នុង​សេណារីយោ​ករណី​មូលដ្ឋាន​ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់ចុះ ៦,១ ​ភាគរយ​មក​នៅត្រឹម ៨៨២ ​ពាន់​បាត (២៥,៧៦ ​ពាន់​លាន​ដុល្លារ​)​។ ក្នុង​សេណារីយោ​អាក្រក់​បំផុត តម្លៃ​ផ្ទេរកម្មសិទ្ធិ​អាច​ធ្លាក់ចុះ ១៥,៥ ​ភាគរយ​មក​នៅត្រឹម ៧៤០ ​ពាន់​លាន​បាត ហើយ​សេណារីយោ​ល្អ​បំផុត​អាច​កើនឡើង ២,៨ ​ភាគរយ​ដល់ ៩០០ ​ពាន់​លាន​បាត​។

ក្នុង​ឆ្នាំ​ ២០១៩ ចំនួន​យូនីត​លំនៅឋាន​ដែល​ត្រូវបាន​ផ្ទេរកម្មសិទ្ធិ​នៅ​ទូទាំង​ប្រទេស​បាន​កើនឡើង ២,៧ ​ភាគរយ​ដល់ ៣៧៣ ៣៦៥ ​យូនីត​ដែល​មាន​តម្លៃ​រួម ៨៧៥ ​ពាន់​លាន​បាត កើនឡើង ៤,៣ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

លោក Vichai បាន​ថ្លែងថា បរិមាណ និង​តម្លៃ​បាន​កើនឡើង​ខ្ពស់ជាង​ការ​ព្យាករ​ដែល​ថា​ធ្លាក់ចុះ -៨,៤​ ភាគរយ និង -៨,២ ​ភាគរយ​រៀង​គ្នា​។

លោក​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​រៀនសូត្រ​ពី​ផលប៉ះពាល់​នៃ​ការកំណត់​កម្ចី​ធៀប​នឹង​តម្លៃ (LTV Limit) និង​អារម្មណ៍​ទីផ្សារ​មិន​អំណោយផល​នៅ​ត្រីមាស​ទី​ ២ ឆ្នាំមុន​។ ការណ៍​នេះ​នឹង​ជួយ​គ្រប់គ្រង​ការផ្គត់ផ្គង់​នៅ​ឆ្នាំនេះ​»​។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ដោយ​ដកស្រង់​សម្ដី​របស់លោក Somprawin Manprasert ដែលជា​ប្រធាន​សេដ្ឋវិទូ ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ជា​អនុប្រធាន​ធនាគារ Bank of Ayudhya ខណៈ​លោក​ថ្លែងថា មាន​កត្តា​ចំនួន​ ៣ ​ដែល​ដាក់បន្ទុក​លើ​កំណើន​សេដ្ឋកិច្ច​។ កត្តា​ធំជាងគេ​គឺ​ការផ្ទុះ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ដែល​បាន​ជះឥទ្ធិពល​ដល់​ផលិតផល​ក្នុងស្រុក​សរុប (​ផ.ស.ស) ០,៤ ​ពិន្ទុ​ភាគរយ​តាមរយៈ​ការខាតបង់​ក្នុង​វិស័យ​ទេសចរណ៍​។

លោក​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​នៅឯ​សិក្ខាសាលា​ស្តីពី​អចលនទ្រព្យ​មួយ​ថា​៖ «​ការរីក​រាលដាល​វីរុស​នេះ​គឺជា​ក្តីបារម្ភ​ដ៏ធំ​មួយ ពីព្រោះ​សេដ្ឋកិច្ច​ចិន​មាន​ទំហំ​ធំ​»​។

ប្រទេស​ចិន​ដើរ​នាទី​យ៉ាង​ធំ​ក្នុង​ទីផ្សារ​ទេសចរណ៍​ពិភពលោក ដោយសារ​ទេសចរណ៍​ចិន​មាន​ចំណែក ២០ ​ភាគរយ​នៃ​វិស័យនេះ​ដែល​កើនឡើង ៣ ​ភាគរយ​ពី​ឆ្នាំ​ ២០០២​។

លោក Somprawin បាន​ឲ្យ​ដឹងថា ការផ្ទុះ​វីរុស​នេះ​ក៏​ជះឥទ្ធិពល​ដល់​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​ផងដែរ ដោយសារ​សម្ភារ​ជាច្រើន​មិនអាច​នាំ​ចេញពី​ប្រទេស​ចិន​បាន​។ ការណ៍​នេះ​ក៏​នឹង​ឈាន​ទៅ​រក​ការ​អត់​ការងារ​ធ្វើ​ផងដែរ​។

លោក​បន្ថែមថា​៖ «​ផលប៉ះពាល់​រីវុស​នឹង​វាយប្រហារ​ធ្ងន់ធ្ងរ​លើ​វិស័យ​ទេសចរណ៍​ថៃ​នៅ​ត្រីមាស​ទី​ ១ មុនពេល​វិស័យនេះ​មាន​ភាពប្រសើរ​ឡើង​សន្សឹមៗ​ឡើងវិញ​នៅ​ត្រីមាស​ទី​ ២ និង​កើនឡើង​វិញ​ដោយសារ​ការមកដល់​របស់​ភ្ញៀវទេសចរ​ចាប់ពី​ត្រីមាស​ទី​ ៣ ​ទៅ​»​។

លោក Somprawin បាន​បន្តថា អារម្មណ៍​វិជ្ជមាន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នឹង​វិលត្រឡប់​មកវិញ​នៅ​ឆមាស​ទី​ ២»​។

លោក​ថ្លែងថា​៖ «​ការផ្ទុះ​វីរុស​កូរ៉ូណា​មិនគួរ​ឲ្យ​ខ្លាច​ទេ ពីព្រោះ​អត្រា​ស្លាប់​មាន​កម្រិត​ទាប​ខ្លាំង​ត្រឹម ២ ​ភាគរយ​។ ជំងឺ​នេះ​នឹង​កើនឡើង​ខ្លាំង​នៅ​ខែមីនា និង​មេសា​ដោយ​មាន​ការឆ្លង ២ ​ម៉ឺន​នាក់​ក្នុង​ ១ ​សប្តាហ៍​»​។ លោក​បន្ថែមថា​៖ «​ចំនួន​ករណី​នេះ​នឹងមាន​ស្ថិរភាព​នៅ​ខែឧសភា និង​កាន់តែ​ទាប​ខ្លាំង​បន្ទាប់ពី​ពេលនោះ​»៕ KC