ក្រុងបាងកកៈ ការស្ទង់មតិរបស់ក្រុមហ៊ុនអចលនទ្រព្យ Plus Property បានឲ្យដឹងថា ខុនដូនៅទីក្រុងហួហ៊ីន និងទីក្រុងឆាអាំមានចក្ខុវិស័យល្អប្រសើរដោយការលក់ខុនដូដែលមានទីតាំងនៅជិតឆ្នេរសមុទ្រកើនឡើងដល់ ៨១ ភាគរយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
ការស្ទង់មតិនេះបានឲ្យដឹងថា៖ «ប្រហែល ៣ ៧០០ យូនីត ឬ ៧០ ភាគរយ [នៃខុនដូសម្រាប់លក់ក្នុងអំឡុងការស្ទង់មតិនេះ] គឺបានមកពីគម្រោងនៅជិតឆ្នេរ។ តំបន់នេះមានអនុបាតលក់ខ្ពស់បំផុតចំនួន ៨១ ភាគរយ ដោយតម្លៃការលក់ជាមធ្យមចំនួន ៨៨ ០០០ បាត (២ ៩០៣ ដុល្លារ) ក្នុង ១ ម៉ែត្រការ៉េ ដែលទាបជាងជិត ៣០ ភាគរយ ធៀបនឹងតម្លៃជាមធ្យមសម្រាប់តំបន់មាត់សមុទ្រដែលថ្លៃ ១២០ ០០០ បាត ក្នុង ១ ម៉ែត្រការ៉េ»។
លោកស្រី Suwannee Mahanarongchai នាយករងផ្នែកគ្រប់គ្រងយុទ្ធសាស្ដ្រពាណិជ្ជកម្ម និងការគ្រប់គ្រងទ្រព្យសកម្មនៅក្រុមហ៊ុន Plus Property បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា មានខុនដូប្រហែល ៥ ២០០ យូនីត ដាក់លក់នៅទីក្រុងហួហ៊ីនក្នុងអំឡុងពេលធ្វើការស្ទង់មតិរយៈពេល ៦ ខែ ដែលបញ្ចប់នៅខែមិថុនាឆ្នាំនេះ។
មានការផ្គត់ផ្គង់ខុនដូសរុបចំនួន ១១ ៧០០ យូនីត និងមានអនុបាតលក់ចំនួន ៧៦ ភាគរយ សម្រាប់ទីក្រុងហួហ៊ីន និងតំបន់ឆាអាំ។ តម្លៃលក់ជាមធ្យមសម្រាប់តំបន់ទាំងអស់នៅក្នុងតំបន់នេះមានតម្លៃ ៩០ ០០០ បាត ក្នុង ១ ម៉ែត្រការ៉េ។
ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ខុនដូប្រហែលពី ១ ០០០ ដល់ ២ ០០០ យូនីត នៃការផ្គត់ផ្គង់ថ្មីបានដាក់ចូលទីផ្សាររាល់ឆ្នាំ។
ជាង ៥០ ភាគរយ នៃការផ្គត់ផ្គង់មានទីតាំងនៅតំបន់ឆាអាំជាទីដែលគម្រោងអចលនទ្រព្យជាទូទៅមានទីធ្លាធំជាងនៅទីក្រុងហួហ៊ីន។
ប៉ុន្តែអត្រាការលក់នៅទីក្រុងហួហ៊ីនបានប្រសើរជាងការលក់នៅតំបន់ឆាអាំ ដោយសារតែទីក្រុងហួហ៊ីនបានបង្ហាញភាពឆើតឆាយដែលរួមមានមន្ទីរពេទ្យ ផ្សារទំនើបធំៗ ផ្សារទំនើបសហគមន៍ សួនទឹក និងទីវាលលេងកូនហ្គោល។
មានតំបន់ចំនួន ៣ នៅក្នុងទីក្រុងហួហ៊ីន ដែលខុនដូត្រូវបានអភិវឌ្ឍរួមមានតំបន់មាត់សមុទ្រ តំបន់ជិតតំបន់ឆ្នេរ និងតំបន់ជើងភ្នំ។ តំបន់នៅជិតឆ្នេរមានភាពពេញនិយមខ្លាំងបំផុត ដោយសារតែវាមានតម្លៃទាបជាងតំបន់មាត់សមុទ្រ ហើយមានទីតាំងនៅជិតសមុទ្រជាងបើធៀបនឹងតំបន់ជើងភ្នំ។
ចាប់តាំងពីឆ្នាំ ២០១៧ មកគម្រោងសរុបចំនួន ៤ ត្រូវបានដំណើរការនៅក្នុងតំបន់ឆ្នេរគម្រោងចំនួន ៣ នៅក្រៅតំបន់ទីប្រជុំជនរបស់ទីក្រុងហួហ៊ីន និងជាប់ជាមួយនឹងផ្លូវជាតិ Phetkasem។ ទីតាំងនេះមានន័យថា ការធ្វើដំណើរអាចមានភាពងាយស្រួល ហើយអ្នកស្នាក់នៅអាចធ្វើដំណើរងាយស្រួលទៅតំបន់ឆ្នេរ ផ្សារទំនើប និងមន្ទីរពេទ្យ ខណៈដែលតម្លៃទាបជាងតំបន់ឆ្នេរ។
កតា្តវិជ្ជមានមួយដែលរួមចំណែកដល់ចំណាប់អារម្មណ៍ប្រកបដោយស្ថិរភាពសម្រាប់ខុនដូនៅទីក្រុងហួហ៊ីនគឺថាតំបន់នេះនៅតែជាតំបន់មួយក្នុងចំណោមតំបន់កម្សាន្តដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរមកពីទីក្រុងបាងកក។ ក្នុងរយៈពេល ៥ ឆ្នាំមុនកន្លងមកនេះ ចំនួនភ្ញៀវទេសចរថៃ និងបរទេសទៅទីក្រុងហួហ៊ីនបានកើនឡើង ៦ ភាគរយ ក្នុង ១ ឆ្នាំ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ការមកដល់ភ្ញៀវទេសចរទៅទីក្រុងហួហ៊ីន ត្រូវបានព្យាករថា នឹងកើនឡើងដោយសារតែការអភិវឌ្ឍផ្លូវដែកល្បឿនលឿន និងការពង្រីកព្រលានយន្តហោះ។ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនដំណើរការជើងហោះហើរត្រង់ជាលក្ខណៈអន្តរជាតិទៅទីក្រុងហួហ៊ីន ការណ៍នេះត្រូវបានរំពឹងថានឹងរួមចំណែកដល់ការមកដល់ភ្ញៀវទេសចរបរទេសបន្ថែមទៀត។
អ្នកស្រី Suwannee បានថ្លែងថា៖ «ទីក្រុងហួហ៊ីន មានចក្ខុវិស័យកំណើននៅពេលអនាគត ដោយសារផែនការរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍការតភ្ជាប់ផ្លូវដែកល្បឿនលឿនសម្រាប់ភាគខាងត្បូង។ ខ្សែផ្លូវដែកល្បឿនលឿនដែលឆ្លងកាត់តាមទីក្រុងហួហ៊ីន គឺជាដំណាក់កាលដំបូងនៃផែនការនេះ»។
ដំណាក់កាលទី ១ រួមបញ្ចូលទៅក្នុងរបៀបវារៈអភិវឌ្ឍន៍រយៈពេលមធ្យមរបស់រដ្ឋាភិបាលដោយសេវាគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៧។
នៅពេលដំណើរការសេវានេះ ការជិះរថភ្លើងទៅកាន់ទីក្រុងហួហ៊ីននឹងចំណាយពេលតិចជាងកាក់កណ្តាលនៃការចំណាយពេលបច្ចុប្បន្នតាមរយៈរថយន្ត៕ LA