សិង្ហបុរីៈ ការលក់ផ្ទះឯកជនថ្មីដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបានធ្លាក់ចុះ ៥១,៧ ភាគរយក្នុងខែតុលាធៀបនឹងខែមុន ដោយបង្អាក់ចំពោះការទិញបន្ទាប់ពីការទប់ស្កាត់ថ្មីត្រូវបានអនុវត្តលើការចេញជម្រើសនៃការទិញ (OTPs) ឡើងវិញ។
ការទិញមានត្រឹមតែ ៦៤២ យូនីត ក្នុងខែតុលាពីចំនួន ១ ៣២៩ យូនីត ក្នុងខែកញ្ញា ដែលជាចំនួនខ្ពស់ក្នុងរយៈពេលជាង ២ ឆ្នាំនេះ។ នេះបើយោងតាមតួលេខពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) ផ្សព្វផ្សាយកាលពីថ្ងៃចន្ទ។
ការលក់ផ្ទះឯកជនធ្លាក់ចុះ ៣១,១ ភាគរយពី ៩៣២ យូនីត ក្នុងខែតុលា ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
តួលេខនោះមិនបានរួមបញ្ចូលនូវយូនីតរបស់ខុនដូមានស្រាប់ ដែលជាការអភិវឌ្ឍលំនៅឋានរួមគ្នារវាងរដ្ឋ និងឯកជន។
បញ្ញត្តិថ្មីដែលបានដាក់ចេញកាលពីថ្ងៃទី ២៨ ខែកញ្ញា ដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងបានបានរឹតត្បិតដល់ក្រុមហ៊ុនអភិវឌ្ឍន៍ពីការចេញនូវ OTPs ដដែលនៃយូនីតតែ ១ ក្នុងរង្វង់ ១២ ខែបន្ទាប់ពីជម្រើសនៃការទិញមុន ផុតសុពលភាព។
ការសម្រេចបែបនេះមានបំណងរឹតបន្តឹងទីផ្សារអចលនទ្រព្យដែលគេជឿថា មានអតិផរណាលើចំនួនលក់ផ្ទះឯកជនដែលលើកទឹកចិត្តដល់ការប្រុងប្រយ័ត្នហិរញ្ញវត្ថុក្នុងទិញផ្ទះ ចំពេលការធ្លាក់ចុះសេដ្ឋកិច្ចបណ្តាលមកពីកូវីដ ១៩ និងបរិយាកាសការងារមិនមានភាពច្បាស់លាស់។
ការចេញ OTPs ឡើងវិញសំដៅលើការរៀបចំដែលអ្នកទិញផ្ទះឯកជនមួយចំនួនធ្វើជាមួយអ្នកអភិវឌ្ឍន៍តាមរយៈភ្នាក់ងារអចលនទ្រព្យដើម្បីចេញ OTPs ឡើងវិញនៅពេលផុតកំណត់ដោយគ្មានការខាតបង់នៃថ្លៃកក់។
ការលក់ធ្លាក់ចុះក៏អាចរួមចំណែកមកពីការធ្លាក់ចុះយ៉ាងគំហុកនៃការកក់យូនីតថ្មី។
ចំនួនផ្ទះឯកជនថ្មីធ្លាក់ចុះ ៦៨,៤ ភាគរយ ដល់ទៅ ៤២៣ យូនីតក្នុងខែតុលា ថយពី ១ ៣៤០ យូនីតកាលពីខែកញ្ញា។ តួលេខនេះទាបជាងពេលណាទាំងអស់នៃចំនួនបើកលក់អំឡុងពេលមានវិបត្តិ ដោយកាលពីខែមេសាមានចំនួន ៦៤០ យូនីត និងខែឧសភាមាន ៦១៥ យូនីត។
ប្រសិនបើរួមបញ្ចូលទាំងខុនដូដែលមានស្រាប់ ៦៨២ យូនីតថ្មី ត្រូវបានលក់កាលពីខែមុនដោយធ្លាក់ចុះ ៥០,៨ ភាគរយពីខែកញ្ញា និង ២៨,៩ ភាគរយពីឆ្នាំមុន។ នេះផ្អែកតាមទិន្នន័យដែលបានបង្ហាញ។
លោកស្រី Christine Sun ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ OrangeTee & Tie បាននិយាយថា ការទប់ស្កាត់ OTPs ថ្មីបណ្តាលឱ្យមានប្រតិកម្មភ្លាមៗដែលបណ្តាលឱ្យបរិមាណនៃការលក់ធ្លាក់ចុះបណ្តោះអាសន្ន។
លោកបន្តថា៖ «អ្នកទិញមួយចំនួនអាចរង់ចាំនៅខាងក្រៅដោយសង្ឃឹមថាក្រុមហ៊ុនអភិវឌ្ឍន៍នឹងបញ្ចុះតម្លៃក្នុងការឆ្លើយតបទៅនឹងការលក់ធ្លាក់ចុះ»៕ The Straitstimes_ANN/RR