ក្រុង​វ៉ាស៊ីនតោនៈ ការ​សាងសង់​​លំនៅឋាន​ថ្មី​បាន​ធ្លាក់ចុះ​កាល​​ពី​ខែ​ឧស​ភា ដោយសារ​តែ​ការ​ធ្លាក់ចុះ​ស្ទើរ​តែ​កើត​មាន​នៅ​ទូទាំង​​ប្រទេស។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចេញ​ផ្សាយ​​កាល​​ពី​ថ្ងៃ​អង្គារ​។​

របាយការណ៍​នេះ​បាន​បង្ហាញ​​ថា ការ​សាងសង់​លំនៅឋាន​នៅ​តែ​កំពុងជ​ម្នះ​​ដើម្បី​គេច​ផុត​ពី​​​និន្នាការ​ចុះ​ខ្សោយ​នៅ​ពេល​ថ្មីៗ​ ពោល​គឺ​ជា​ការ​បារម្ភ​មួយ​សម្រាប់​សេដ្ឋកិច្ច​ ដោយសារ​វិស័យ​សំណង់​មាន​ការ​ជាប់​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​កំណើន​​ផលិតផល​​ក្នុង​ស្រុក​​សរុប (GDP) ការ​ចំណាយ​​របស់​អតិថិជន​ ប្រាក់​ឈ្នួល និង​​ភាព​គ្មាន​ការងារ​ធ្វើ​។​

ប៉ុន្តែ​​មាន​សញ្ញា​នៃ​​ការ​សាងសង់​​បន្ថែម​ទៀត​ជា​បន្ត​បន្ទាប់​ក្នុង​វិស័យ​នេះ​ ដែល​ជា​បារ៉ូ-ម៉ែត្រ​​សេដ្ឋកិច្ច​​​ដែល​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​យក​​ចិត្ត​ទុក​ដាក់​​បំផុត ប៉ុន្តែ​ត្រូវ​បាន​រងគ្រោះ​​ដោយ​កង្វះ​​កម្មករ​។​

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​លំនៅឋាន​សរុប​ បាន​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ ០,៩ ​ភាគរយ ​ធៀប​នឹង​ខែ​​មេសា មក​នៅ​ត្រឹម​អត្រា​ប្រចាំ​ឆ្នាំ​ ១,២៧ ​លាន​យូនីត​ ដែល​​កែ​តម្រូវ​ការ​តាម​រដូវ​។ អត្រា​នេះ​ទាប​ជាង ​៤,៧ ​ភាគរយ ​ធៀប​នឹង​អត្រា​នៅ​ខែ​​​ ​ឧសភា ឆ្នាំ ​២០១៨​។

ទោះបីជា​យ៉ាង​ណា ទិន្នន័យ​លម្អិត​​បាន​បង្ហាញ​ថា អាផាតមិន និង​លំនៅឋាន​គ្រួសារ​ទោល​​បាន​បង្ហាញ​លទ្ធផល​ខុស​​គ្នា​យ៉ាង​ខ្លាំង ពោល​គឺ​​ការ​សាងសង់​អគារ​ដែល​មាន​ច្រើន​យូនីត​ បាន​កើន​ឡើង​ជិត​ ១៤ ​ ភាគរយ ​​នៅ​ខែ​ឧសភា ខណៈ​ការ​​សាងសង់​ផ្ទះ​​បាន​ធ្លាក់ចុះ​ ៦,​៤ ​ភាគរយ។​​

សំណង់​ថ្មី​​បាន​ធ្លាក់ចុះ​​នៅ​តំបន់ Northeast ​ និង​បាន​ធ្លាក់ចុះ​​នៅ​តំបន់​ Midwest និង​តំបន់ West ​តែ​​​មួយ​ផ្នែក​ត្រូវ​បាន​ប៉ះប៉ូវ​ដោយ​កំណើន​ល្អ​ប្រសើរ​នៅ​តំបន់ South​។​

ប៉ុន្តែ​តួលេខ​នេះ​ អាច​ប្រែប្រួល​ ​ហើយ​បើ​ដក​ចេញ​​​តំបន់​ Northeast ​​លទ្ធផល​នេះ​ស្ថិត​ក្នុង​ភាព​​មិន​ច្បាស់លាស់​​។​ ​ក្រុម​​មន្ដ្រី​​ព្រមាន​ថា ការ​បង្កើត​​ឲ្យ​មាន​​​និន្នាការ​មួយ​អាច​​ត្រូវ​ការ​​​ពេល​​រហូត​ដល់​ ៦ ​ខែ​។​

ទន្ទឹម​នឹង​នេះ ការ​អនុញ្ញាត​សម្រាប់​ការ​សាងសង់​ថ្មីៗ ដែល​​ជា​​តួលេខ​មុន​សូវ​ប្រែប្រួល ដែល​​អាច​បង្ហាញ​ពី​ការ​ផ្គត់ផ្គង់​ថ្មី​នៅ​ក្នុង​គម្រោង​បន្ត​បន្ទាប់ បាន​កើត​ឡើង​ ០,៣​ ភាគរយ ​ដល់​អត្រា​ប្រចាំ​ឆ្នាំ​ ១,​២៩ ​លាន​​យូនីត ប៉ុន្តែ​តួលេខ​នេះ​ទាប​ជាង​ ​០,៥ ​ភាគរយ ​ធៀប​នឹង​អត្រា​កាល​ពី​មួយ​ឆ្នាំ​មុន​។​​

ការ​អនុញ្ញាត​សម្រាប់​​ការ​សាងសង់​លំនៅឋាន​គ្រួសារ​ទោល ដែល​ជា​​ចំនួន​ដែល​ត្រូវ​បាន​​ឃ្លាំមើល​យ៉ាង​ដិតដល់​មួយ​​នោះ បាន​កើន​ឡើង​ ៣,​៧ ​ភាគរយ​ដល់​ ៨១៥ ០០០ ​យូនីត​។​

លោក Ian Shepherdson បម្រើ​ការងារ​នៅ​​ក្រុមហ៊ុន Pantheon Macroeconomics បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​​សាងសង់​លំនៅឋាន​ «នៅ​​​តែ​​ប្រុង​​ប្រយ័ត្ន​» ប៉ុន្តែ​កំណើន​​ការ​លក់​ដែល​ត្រូវ​បាន​រំពឹង​ទុក​​​នៅ​​រដូវ​ក្ដៅ និង​រដូវ​ស្លឹកឈើ​ជ្រុះ​​នេះ គួរ​តែ​ជួយ​ដោះស្រាយ​​បញ្ហា​​នេះ​។​

លោក​បាន​ឲ្យ​ដឹង​​​ក្នុង​កំណត់​​ហេតុ​ផ្ញើ​ជូន​អតិថិជន​មួយ​ថា​៖ «​​​ប្រសិនបើ​យើង​គិត​​ត្រូវ និង​ការ​លក់​លំនៅឋាន​ថ្មីៗ កើន​ឡើង​នៅ​ឆមាស​ទី២ ឆ្នាំ​នេះ ការ​សាងសង់​ថ្មីៗ​នឹង​កើន​ឡើង​​តាម​ក្រោយ​»៕​ AFP/LA​