ក្រុងវ៉ាស៊ីនតោនៈ ការសាងសង់​នៅ​តំបន់​ប្រជុំ​រដ្ឋ​ភាគ​កណ្តាល​ខាងជើង (Midwest) នៃ​សហរដ្ឋអាមេរិក​កាលពី​ខែ​មុន​បាន​នាំ​មក​នូវ​កំណើន​ការសាងសង់​លំនៅឋាន​អាមេរិក​ដល់​កម្រិត​ខ្ពស់​បំផុត​របស់​ខ្លួន​គិត​ចាប់​តាំងពី​ពេល​មុន​វិបត្តិ​ហិរញ្ញវត្ថុ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​រដ្ឋាភិបាល​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។

កំណើន​កាលពី​ខែ​ឧសភា​ត្រូវបាន​ជំរុញ​ស្ទើរតែ​ទាំង​ស្រុង​ដោយ​ការ​សាងសង់​យ៉ាង​លឿន​នូវ​ផ្ទះល្វែង និង​លំនៅឋាន​លក្ខណៈ​គ្រួសារ​ដាច់​តែឯង​ក្នុង​តំបន់ Midwest ដែល​មាន​អាកាសធាតុ​ក្ដៅ​ជាង​ធម្មតា បន្ទាប់ពី​ការធ្លាក់​ព្រឹល​កាលពី​ខែ​មេសា និង​បាន​មើល​ឃើញ​កំណើន​ធំ​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ជាង ៤ ឆ្នាំ​។

ការសាងសង់​កន្លែង​ផ្សេង​ទៀត​មាន​ភាពស្ងប់ស្ងាត់​ ឬ​ធ្លាក់ចុះ​។ នេះ​បើ​យោង​តាម​ក្រសួងពាណិជ្ជកម្ម​។

ក្រុម​អ្នក​វិភាគ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ឲ្យ​ដឹង​ថា​កំណើន​ចំណាយ​លើ​សម្ភារ និង​ការខ្វះខាត​កម្លាំង​ពលកម្ម​បាន​ដាក់​សម្ពាធ​លើ​ការសាងសង់​លំនៅឋាន ដែល​ជំរុញ​កំណើន​តម្លៃ​ក្នុង​គ្រា​ដែល​មាន​តម្រូវការ​ខ្លាំង​។

តួលេខ​បាន​បង្ហាញ​ថា​ការចាប់ផ្ដើម​ការសាងសង់​លំនៅឋាន​សរុប​បាន​កើនឡើង ៥ ​ភាគរយ​ដែល​ធ្វើឲ្យ​អត្រា​ប្រចាំ​ឆ្នាំ​មាន ១,៣៥ លាន​ខ្នង​ដែល​ជា​អត្រា​ល្បឿន​លឿន​បំផុត​ចាប់​តាំងពី​ខែ​កក្កដា​ឆ្នាំ ២០០៧ និង​លើស​ពី​ការ​ព្យាករ​របស់​ក្រុម​សេដ្ឋវិទូ​ចំនួន​ដែល​ថា​មាន ១,៣២ លាន​លំនៅឋាន​។

តួលេខ​នៃ​ការសាងសង់​នេះ​មាន​កម្រិត​ខ្ពស់​ជាង​ការសាងសង់​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន​ចំនួន ២០,៣ ភាគរយ​។

ទន្ទឹម​នឹង​នេះ​ការអនុញ្ញាត​សម្រាប់​ការសាងសង់​ថ្មី​ដែល​ជា​សញ្ញា​មួយ​នៃ​ការផ្គត់ផ្គង់​នៅ​ក្នុង​ផែនការ​បាន​ធ្លាក់ចុះ ៤,៣ ភាគរយ​នៅ​ខែ​ឧសភា​មក​នៅ​ត្រឹម ១,៣ លាន​លំនៅឋាន​ដែល​ទាប​ជាង​ការរំពឹងទុក​ដែល​ប្រហែល​មកពី​ដោយសារ​ប្រតិកម្ម​តប​នឹង​ការធ្លាក់​ចុះ​ការលក់​លំនៅឋាន​។

ការសាងសង់​ក្នុង​ផ្នែក​លំនៅឋាន​លក្ខណៈ​គ្រួសារ​ដាច់​តែឯង​នៃ​វិស័យ​អចលនទ្រព្យ​ដែល​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់​បាន​កើនឡើង ៣,៩ ភាគរយ ទោះបី​ជា​មាន​ការ​ធ្លាក់ចុះ​នៅ​តំបន់​ខាង​លិច និង​តំបន់​ខាងត្បូង និង​ការកើនឡើង​ជា​មធ្យម​នៅ​តំបន់​ឦសាន​ក៏ដោយ​។

ប៉ុន្តែ​នៅ​តំបន់ Midwest ការសាងសង់​លំនៅឋាន​ជារួម​បាន​កើនឡើង ៦២,២ ភាគរយ​ដល់ ២៦៦ ០០០ ខ្នង​នៃ​អត្រា​ប្រចាំ​ឆ្នាំ​ដែល​ជា​ល្បឿន​លឿន​បំផុត​ចាប់ពី​ខែ​កញ្ញា​ឆ្នាំ​ ២០០៦ និង​ជា​កំណើន​ប្រចាំខែ​ខ្ពស់​បំផុត​ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤​។

ការសង់​លំនៅឋាន​លក្ខណៈ​គ្រួសារ​ដាច់​តែឯង​នៅ​តំបន់ Midwest កើន ៤៤,៤ ​ភាគរយ​ដែល​ជា​ល្បឿន​យឺត​ជាង​មុន​តែ​នៅ​តែ​ខ្លាំង​៕ LA