ភ្នំពេញៈ ប្រធាន​ក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co Ltd(AIAI) លោក Lu Wei ដែលជា​ក្រុមហ៊ុន​កំពុង​សាងសង់​អាកាសយានដ្ឋាន​សៀមរាប​ថ្មី​ក្នុង​តម្លៃ​ជិត ៩០០ ​លាន​ដុល្លារ​បានដាក់​ផែនការ​សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី​នេះ​ឱ្យបាន ៦៧ ​ភាគរយ​នៅត្រឹម​ដំណាច់ឆ្នាំ​ ២០២១ ខណៈ​ការងារ​សាងសង់​នៅ​ការដ្ឋាន​នៅពេលនេះ​សម្រេចបាន​ជាង ៣០ ​ភាគរយ​ហើយ បើទោះបី​មាន​ការរំខាន​ខ្លះ​ពី​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ ក៏ដោយ​។

ការលើកឡើង​របស់​លោក Lu Wei បាន​ធ្វើឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដល់​ការដ្ឋាន​ជា​លើក​ទី​ ២ របស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​សិក្សា​បន្ថែម​ពី​វឌ្ឍនភាព​នៃ​គម្រោង​នេះ​កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក Lu Wei បានឱ្យដឹងថា ចាប់ពី​គម្រោង​បើក​ការដ្ឋាន​សាងសង់​ពីថ្ងៃ​ទី​ ១៥ ខែ មីនា ឆ្នាំ​ ២០២០ មកដល់​ពេល​នេះ​ការងារ​សំខាន់ៗ​សម្រេចបាន​រួមមាន ការបុក​គ្រឹះ​ប្រមាណ ១ ២៦៧ ​បាន​បញ្ចប់​ ១០០ ​ភាគរយ ខណៈ​អគារ​អ្នកដំណើរ​ជាន់​ផ្ទាល់​ដី និង​ជាន់​ទី​ ១ បាន​ចាក់​បេតុង ១០០ ​ភាគរយ និង​ជាន់​ទី​ ២ ចាក់​បេតុង​បាន ២៥ ​ភាគរយ​។

លោក​ប្រាប់ថា​៖ «​កាលពី​ថ្ងៃទី​ ១៥ ខែតុលា យើង​បានចាប់ផ្តើម​ការងារ​សាងសង់​កន្លែង​ស្តុក​ប្រេង​យន្តហោះ ហើយ​នៅ​ថ្ងៃទី​ ១ ខែវិច្ឆិកា យើង​ចាប់ផ្តើម​ការងារ​ក្នុង​តំបន់​ហោះហើរ រហូត​មក​ដល់​បច្ចុប្បន្ន​យើង​ក៏បាន​ឈូស​ឆាយដី​បាន ៨០ ​ភាគរយ​ហើយ​»​។

លោក​ក៏​បញ្ជាក់ដែរថា ក្រុមការងារ​សាងសង់​ស្ពាន​អាកាស​ក៏​ចាប់​ផ្តើម​ធ្វើការ​កាលពី​ថ្ងៃ​ពុធ​ផងដែរ​។ លើសពីនេះ​ទៀត ក្រុមហ៊ុន​ក៏បាន​ធ្វើ​ការតភ្ជាប់​ផ្លូវ​ពី​ព្រលាន​ទៅកាន់​ផ្លូវជាតិ​លេខ​ ៦ និង​បច្ចុប្បន្ន​ពី​ផ្លូវ​លេខ​ ៦៤ ទៅ​ផ្លូវ​ចំណត​អ្នកធ្វើដំណើរ​។ ក្រុមហ៊ុន​ក៏​សាងសង់​ផ្លូវ ៨ ​គីឡូម៉ែត្រ​រួចរាល់​ហើយ​ដែរ ដោយ​គ្រោង​នឹង​ចាក់​បេតុង​។ ចំណែក​នៅសល់​ផ្លូវ ១៦,៥ ​គីឡូម៉ែត្រ​ តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ៦៤ ទៅ​ផ្លូវជាតិ​លេខ​ ៦ កំពុង​តែ​ធ្វើការងារ​ដែល​ពាក់ព័ន្ធ​នានា និង​សាងសង់​របង​។

លោក​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ពិភាក្សា​ជាមួយ EDC ដែល​គ្រោង​នឹង​ចុះ MoU ផ្គត់ផ្គង់​អគ្គិសនី​ជា​ផ្លូវការ​នៅ​ឆ្នាំក្រោយ​ចំនួន ២៣០ KW សម្រាប់​ការដ្ឋាន​សាងសង់ ហើយ​ក៏​បានរៀបចំ​កសាង​អនុស្ថានីយ​ថ្មី​ ១ ​ទៀត​។ យើង​ក៏មាន​គម្រោង​ចុះ MoU ដើម្បី​ត្រៀម​ត​ទឹកស្អាត​ពី​ទី​រួម​ខេត្ត​ផងដែរ​។

តំណាង​ក្រុមហ៊ុន AIAI ពន្យល់​ថ្នាក់ដឹកនាំ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ពី​ដំណើរការ​នៃ​ការសាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​។ រូបថត សហការី

លោក Wei បាន​និយាយថា​៖ «​តាម​គម្រោង​យើង គឺ​នៅ​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​២០២១ ការងារ​សាងសង់​ទាំងអស់​នឹង​បញ្ចប់​បាន ៦៧ ​ភាគរយ​។ នៅក្នុង​នោះ​គម្រោង​អគារ​អ្នកដំណើរ​នឹង​បញ្ចប់ ៧៧ ភាគរយ​ តំបន់​ហោះហើរ​បញ្ចប់ ៤៥ ​ភាគរយ និង​ការងារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​នឹង​បញ្ចប់​ ៥០ ​ភាគរយ​»​។

លោក ម៉ៅ ហាវណ្ណាល់ បាន​សម្តែង​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ទោះបីជា​មាន​ការរំខាន​ពី​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដែល​បាន​បង្អាក់​ដល់​ដំណើរការ​នៃ​ការសាងសង់​ខ្លះៗ​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​យើង​សូម​កោតសរសើរ​ដល់​ក្រុមហ៊ុន និង​សហការី​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​របស់គាត់ ព្រោះ​បើ​គ្មាន​ការខិតខំ​ក៏​យើង​មិនអាច​ទទួលបាន​លទ្ធផល​ដូច​ថ្ងៃ​នេះដែរ​»​។

លោក​បន្ថែមទៀត​ថា​៖ «​តាមរយៈ​ការរាយការណ៍ ខ្ញុំ​អាច​វាយតម្លៃ​ជារួម​ថា យើង​សម្រេចបាន​ជាង​ ៣០ ​ភាគរយ​នៃ​គម្រោង​រួម​មូល​ហើយ​។ អ៊ីចឹង​ការសន្និដ្ឋាន​របស់ខ្ញុំ គឺ​ស្រប​នឹង​ការលើកឡើង​របស់លោក Lu Wei ថា​នៅ​ដំណាច់ឆ្នាំ​ ២០២១ នឹង​សម្រេច​ការសាងសង់​បាន ៦៧ ​ភាគរយ​»​។

លោក​បន្ថែមថា​៖ «​ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ឆ្នាំ​ ២០២១ គម្រោង​នឹង​បញ្ចប់ ៦៧ ​ភាគរយ ហើយ​ឆ្នាំ​ ២០២២ យើង​នៅសល់​ការងារ​មិនជា​ធំដុំ​នោះទេ អ៊ីចឹង​បានន័យថា យើង​នៅសល់​ ៣៣ ​ភាគរយ​ទៀត​ឆ្នាំ​ ២០២២ យើង​នឹង​បញ្ចប់​គម្រោង​ទាំងស្រុង​សម្រាប់​អាកាសយានដ្ឋាន​សៀមរាប​ថ្មី​យើង​»​។

ព្រលានយន្តហោះ​ថ្មី​ដែល​គ្រោង​ចំណាយ​ប្រាក់​ប្រមាណ ៨៨០ ​លាន​ដុល្លារ​នេះ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ៧៥០ ​ហិកតា​ នៅ​ស្រុក​សូទ្រនិគម នៅ​ជាយក្រុង​សៀមរាប​។ គម្រោង​នេះ​នឹងត្រូវ​សាងសង់ ៣ ​ដំណាក់កាល​។

ក្រុមហ៊ុន​នឹង​វិនិយោគ​ជាង ៥០០ ​លាន​ដុល្លារ​ សម្រាប់​ដំណាក់កាល​ទី​១ និង​ទី​២ ដែល​នឹង​អាច​ឱ្យ​យន្តហោះ​ដឹក​អ្នកដំណើរ​ទំហំ​មធ្យម និង​ចម្ងាយ​ឆ្ងាយ​ដូចជា​យន្តហោះ Boeing 737 និង​យន្តហោះ Airbus A320 ចុះចត​បាន​។ ទឹកប្រាក់ ៣០០ ​លាន​ដុល្លារ​ផ្សេងទៀត​នឹងត្រូវ​បម្រុង​ទុក​សម្រាប់​ដំណាក់កាល​ទី​៣​។

កាលពី​ខែតុលា ឆ្នាំ​ ២០១៧ កិច្ចព្រមព្រៀង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​កម្ពុជា និង Yunnan Investment Holdings, Ltd ជា​ក្រុមហ៊ុន​រដ្ឋ​របស់​ប្រទេស​ចិន​។ កិច្ចព្រមព្រៀង​នេះ​បានផ្ដល់​ដល់​ក្រុមហ៊ុន​ចិន​នូវ​សិទ្ធិផ្ដាច់មុខ​ក្នុង​ការដំណើរការ និង​ការគ្រប់គ្រង​សម្បទាន​ព្រលានយន្តហោះ​នេះ​ក្នុង​រយៈពេល​ ៥៥ ​ឆ្នាំ ស្ថិតក្រោម​ផែនការ​សាងសង់ ប្រតិបត្តិការ ផ្ទេរ​។

តាម​ការសិក្សា ព្រលានយន្តហោះ​ថ្មី​នេះ​អាច​ទទួល​អ្នកដំណើរ ១០ ​លាន​នាក់​ ក្នុង​ឆ្នាំ​ ២០៣០ និង​ ២០ ​លាន​នាក់​ត្រឹម​ឆ្នាំ​ ២០៥០៕

វីដេអូ៖