ក្រុង​ប៉េកាំងៈ ឪពុក​ម្តាយ​វ័យ​ក្មេង​ជា​ជនជាតិ​ចិន​បាន​​​ទិញ ឬ​ជួល​អចលនទ្រព្យ​ជិត​សាលារៀន​នៅ​បរទេស​ ដើម្បី​​ផ្តល់​ឲ្យ​កូនៗ​របស់​ខ្លួន​នូវ​អត្ថប្រយោជន៍​សម្រាប់​ជីវិត​ក្នុង​ពិភព​លោក​ដែល​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​​មួយ​នេះ។

និន្នាការ​របស់​ឪពុក​ម្តាយ​ជា​ជនជាតិ​​ចិន​ដែល​​កំពុង​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​កូន​របស់​ពួក​គេ​មាន​អនាគត​ល្អ បាន​កើន​ឡើង​ខ្លាំង​នៅ​ឆ្នាំ​នេះ។ ការ​វិនិយោគ​ទាំង​លើ​ការ​អប់រំ​នៅ​បរទេស​ដែល​មាន​គុណភាព​ខ្ពស់ និង​ទាំង​លើ​ការ​ទិញ​ផ្ទះ​នៅ​ជិត​សាលា​រៀន​នៅ​បរទេស បាន​កើន​ឡើង ខណៈ​ដែល​​កំណើន​សេដ្ឋកិច្ច​ចិន​ជំរុញ​ចំណង់​​របស់​គ្រួសារ​ចិន​ដែល​មាន​ប្រាក់​ចំណូល​​មធ្យម​ថ្មីថ្មោង។ នេះ​បើ​យោង​តាម​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។

លោកស្រី Sally Wang ដែល​កំពុង​​ធ្វើ​ការ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ឡុងដ៍​អស់​រយៈពេល​ជិត ​១ ទសវត្សរ៍​ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ SJW (UK) Property Investment Ltd បាន​ថ្លែង​ថា តម្រូវការ​អចលនទ្រព្យ​ល្អៗ​នៅ​ចក្រភព​អង់គ្លេស​ជិត​ស្ថាប័ន​អប់រំ​​ពី​សំណាក់​​ឪពុក​ម្តាយ​ជា​ជនជាតិ​ចិន​វ័យ​ក្មេង មិន​​បង្ហាញ​ពី​សញ្ញា​ធ្លាក់ចុះ​ឡើយ។

ជា​ការ​ពិត ដោយសារ​តម្រូវ​ការ​ពី​ឪពុក​ម្តាយ​ជា​ជនជាតិ​ចិន ក្រុមហ៊ុន SJW​ មើល​ឃើញ​កំណើន ​តម្លៃ​លក់​ផ្ទះ ៥០ ភាគរយ ​​ក្នុង​រយៈពេល​ ២ ឆ្នាំ​កន្លង​មក​នេះ។ ភាគ​ច្រើន​នៃ​ការ​ទិញ​លក់​នេះ​មាន​ទីតាំង​នៅ​ជិត​សាលា​ មហា​វិទ្យាល័យ ​និង​សាកល​វិទ្យាល័យ។

លោកស្រី Wang បាន​លើក​ឡើង​​ពី​ឧទាហរណ៍​ថ្មី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​អតិថិជន​របស់​លោកស្រី ដែល​ជា​ឪពុក​ម្តាយ​ជា​ជនជាតិ​ចិន​មក​ពី​ទីក្រុង​ប៉េកាំង ​ដែល​មាន​កូន​ប្រុស​ម្នាក់​អាយុ ៤ ឆ្នាំ។ លោកស្រី Wang បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​មួយ​គូ​នេះ​បាន​ជ្រើសរើស​ផ្ទះ​​ល្វែង​ដែល​មាន ៣ បន្ទប់ ដែល​មាន​ចម្ងាយ​​ដើរ​ប្រហែល​កន្លះ​ម៉ោង​ពី​សាលា​របស់​កូន​តូច​របស់​ពួក​គេ។

កូន​សិស្ស​ចិន​កំពុង​រៀន​សូត្រ​ពី​រូប​គំរូ​កប៉ាល់​ចម្បាំង​ក្នុង​សកម្មភាព​ក្នុង​ថ្នាក់។ រូប AFP

ពួក​គេ​មាន​បំណង​ចំណាយ​ ៤ លាន​​​ផោន (៥,០៩ លាន​ដុល្លារ) ខណៈ​​​ផ្ទះ​នេះ​មាន​លក្ខណ​សម្បត្តិ​​គ្រប់គ្រាន់​ដូច​ជា​សន្តិសុខ បញ្ជរ​ទទួល​ភ្ញៀវ កន្លែង​ហាត់​ប្រាណ អាង​ហែល​ទឹក និង​ចំណត​រថយន្ត​ជា​ដើម។

លោក​ស្រី Wang ឲ្យ​ដឹង​ទៀត​ថា បើ​ពួក​គេ​អាច​បញ្ចប់​​ប្រតិបត្តិការ​ទិញ​លក់​នេះ​បាន អាច​ចាត់​ទុក​ថា ​ពួក​គេ​សំណាង​ដោយសារ​រយៈពេល​ថ្មីៗ​នេះ វា​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ផ្ទះ​ដែល​មាន​ទីតាំង​ស័ក្ដិសម​បែប​នេះ​សម្រាប់​លក់។

ការ​វិនិយោគ​លើ​ការ​អប់រំ​របស់​កុមារ​ត្រូវ​បាន​មើល​ឃើញថា​មាន​សារៈសំខាន់ ពី​ព្រោះ​កុមារ​តំណាង​ឲ្យ​អនាគត​របស់​គ្រួសារ។ ផ្ទះ​ល្អ​ដែល​មាន​ទីតាំង​ល្អ​ក្នុង​តំបន់​ជិត​សាលា​រៀន​ក៏​ជា​​​កត្តា​ចំបាច់​ផង​ដែរ។

អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ឲ្យ​ដឹង​ថា ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​ដែល​មាន​ការ​​ប្រកួត​ប្រជែង​ខ្លាំង សកល​ភាវូបនីយកម្ម និង​ឌីជីថល ឪពុក​ម្តាយ​គិត​ថា ការ​អប់រំ​ដែល​មាន​គុណភាព​ខ្ពស់​មាន​សារៈសំខាន់​ចាប់​តាំង​ពី​អាយុ​វ័យ​ក្មេង​មក ដោយ​ចង់​ឲ្យ​សិក្សា​នៅ​ស្ថាប័ន​​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ប្រទេស​​​ដែល​និយាយ​ភាសា​អង់គ្លេស។

កត្តា​នេះ​បាន​ជំរុញ​ឲ្យ​តម្លៃ​ផ្ទះ​នៅ​សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា និង​ប្រទេស​និយាយ​ភាសា​អង់គ្លេស​ផ្សេង​ទៀត​កើន​ឡើង។

លោក Slevin Wang នាយក​​និង​ជា​សហប្រធាន​គម្រោង​លំនៅឋាន​អន្តរជាតិ​​របស់​ក្រុមហ៊ុន CBRE China បាន​ឲ្យ​ដឹង​ថា៖ «ចំនួន​សិស្ស​ចិន​​​ដែល​សិក្សា​នៅ​បរទេស​ចាប់​ពី​អាយុ​វ័យ​ក្មេង​ទៅ​បាន​កើន​ឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ កត្តា​នេះ​ត្រូវ​បាន​ជំរុញ​​ឲ្យ​មាន​​តម្រូវការ​ជួល ​និង​លក់​ផ្ទះ​នៅ​ជិត​សាលា​ល្បីៗ»។

លោកស្រី Annie Hu សហ​ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ​ Hyde Global ក្នុង​ទីក្រុង​ឡុងដ៍​ក៏​បាន​ឯកភាព​ចំពោះ​ការ​លើក​ឡើង​នេះ​ផង​ដែរ។

លោកស្រី​ថ្លែង​ថា៖ កាល​ពី ២ ឆ្នាំ​មុន មាន​ការ​កើន​ឡើង​ខ្លាំង​នូវ​ចំនួន​អតិថិជន​ដែល​មាន​កូន​មក​រៀន​នៅ​ក្រៅ​​ប្រទេស»។

លោកស្រី Hu បាន​ថ្លែង​ថា ជិត​ ៤០ ភាគរយ ​នៃ​អតិថិជន​របស់​ក្រុមហ៊ុន​លោកស្រី គឺជា​ជនជាតិ​ចិន ដែល​កំពុង​ស្វែងរក​ផ្ទះ​នៅ​ជិត​សាលា​ក្នុង​ទីក្រុង​ឡុងដ៍​សម្រាប់​កូន​របស់​ពួក​គេ​ដែល​មាន​អាយុ​ក្រោម ១២ ឆ្នាំ។

លោកស្រី Hu ដែល​បាន​ធ្វើ​ការងារ​ក្នុង​ទីផ្សារ​ផ្ទះ​ក្នុង​ទីក្រុង​ឡុងដ៍​រយៈពេល ៧ ឆ្នាំ ​មក​ហើយ​នោះ បាន​ថ្លែង​ថា៖ «តួលេខ​នេះ​ស្ថិត​នៅ​ចន្លោះ​ពី ១០ ទៅ ២០ ភាគរយ ​កាល​ពី​ប្រហែល ២ ​ទៅ ៣ ឆ្នាំ​មុន។ នៅ​ពេល​នោះ មាន​ឪពុក​ម្តាយ​ជនជាតិ​ចិន​តិចតួច​ដែល​មាន​កូន​តូចៗ​អាយុ​ពី ៣ ទៅ ៥ ឆ្នាំ​ក្នុង​​ចំណោម​អតិថិជន​របស់​យើង»។

ភ្នាក់ងារ​អចលនទ្រព្យ​នានា​នៅ​សហរដ្ឋ​អាមេរិក និងប្រទេស ​អូស្រ្តាលី ​បាន​រាយការណ៍​ពី​លទ្ធផល​ប្រហាក់​ប្រហែល​គ្នា។

លោកស្រី Tina Dai ជា​ជនជាតិ​ចិន​​មក​ពី​ទីក្រុង​ស៊ាងហៃ ដែល​បាន​បម្រើការ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ក្នុង​ក្រុមហ៊ុន JC Pacific Capital Inc ក្នុង​ទីក្រុង Los Angeles បន្ទាប់​ពី​ប្តូរ​លំនៅ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៣ បាន​ថ្លែង​ថា៖ «ការ​​អប់រំ​របស់​កូន​ជា​ទូទៅ​គឺ​ជា​ហេតុផល​​ដ៏​ធំ​ដែល​ឪពុក​ម្តាយ​ជនជាតិ​ចិន​វ័យ​ក្មេង​បន្ត​ទិញ​អចលនទ្រព្យ​ក្នុង​សហរដ្ឋ​អាមេរិក»។

លោកស្រី Dai ខ្លួន​ឯង​ផ្ទាល់​បាន​ទិញ​ផ្ទះ​មួយ​ ដើម្បី​ឲ្យ​កូន​ស្រី​របស់​លោកស្រី​អាច​ទទួល​បាន​សិទ្ធិ​ចូល​រៀន​នៅ​សាលា​រដ្ឋ​ល្បី​ឈ្មោះ​ក្នុង​តំបន់​ដែល​លោក​ស្រី​រស់​នៅ។

លោក Jamie Mi ប្រធាន​ផ្នែក​អាជីវកម្ម​អន្តរជាតិ​ប្រចាំ​ក្រុមហ៊ុន Kay& Burton ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​​ផ្នែក​តម្លៃ​ខ្ពស់​ក្នុង​ទីក្រុង​ Melbourne បាន​ថ្លែង​ថា៖ «ប្រទេស ​ចិន ​គឺ​ជា​ប្រភព​ដ៏​ធំ​បំផុត​នៃ​សិស្ស​​បរទេស​នៅ​ប្រទេស ​អូស្រ្តាលី។ ឪពុក​ម្តាយ​​ជា​ជនជាតិ​ចិន​ផ្តល់​ការ​គាំទ្រ​ខ្លាំង​​ដល់​តម្រូវ​ការ​លក់​ផ្ទះ​នៅ​ប្រទេស ​អូស្រ្តាលី និង​ណូវែលសេឡង់»។

អាផាតមិន​ដែល​ស្ថិត​នៅ​ជិត​សាលា​​រដ្ឋ​ដែល​មាន​គុណភាព​ខ្ពស់​ជា​ធម្មតា​មាន​តម្លៃ​កាន់តែ​ខ្ពស់​នៅ​ក្នុង​ប្រទេស ​ចិន។ ប៉ុន្តែ​ឪពុក​ម្តាយ​ជនជាតិ​ចិន​មាន​បំណង​ចំណាយ​ច្រើន​ជាង​​នេះ​ប្រសិន​បើ​ចំបាច់​សម្រាប់​ភាព​ងាយ​ស្រួល​ប្រហាក់​ប្រហែល​គ្នា​នេះ​នៅ​ប្រទេស​ផ្សេងៗ​វិញ។ នោះ​គឺ​ដោយសារ​តែ​អចលនទ្រព្យ​លំនៅឋាន​នៅ​បរទេស​ក៏​អាច​បង្កើត​ប្រាក់​ចំណូល​ថេរ​លើ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ផង​ដែរ។ នេះ​បើ​យោង​តាម​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។

នៅ​តំបន់ Diamond Bar ក្នុង​ទីក្រុង Los Angeles ជា​ទី​ដែល​កូន​ស្រី​តូច​របស់​លោកស្រី Dai គ្រោង​នឹង​ចូល​រៀន​នៅ​សាលា Evergreen Elementary School ដែល​ជា​សាលា​រដ្ឋ​ល្បី​ឈ្មោះ​មួយ អាផាតមិន​មាន​បន្ទប់​ចំនួន ២ មាន​តម្លៃ​ចន្លោះ​ពី ៤ ទៅ ៥ សែន​ដុល្លារ។

តម្លៃ​នេះ​នៅ​តែ​ទាប​ជាង​តម្លៃ ៧០៩ ០០០ ដុល្លារ ឬ ៤,៩ លាន​យន់ ​សម្រាប់​ផ្ទះ​ល្វែង​​ ២ បន្ទប់ ដែល​មាន​ទំហំ ៩០ ម៉ែត្រ​ការ៉េ​ក្នុង​ទីក្រុង​ស៊ាងហៃ ជា​ទី​ដែល​ផ្ទះ​ថ្មី​លក់​ក្នុង​តម្លៃ​ជា​មធ្យម ជាង ៥៤ ពាន់យន់ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន​អចលនទ្រព្យ Centaline Shanghai។

លោក Lu Wenxi អ្នក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន Centaline Shanghai ថ្លែង​ថា៖ «តម្លៃ​ផ្ទះ​នៅ​ទីក្រុង​​ស៊ាងហៃ​អាច​ប្រៀបធៀប​គ្នា​បាន​ជាមួយ​​ផ្ទះ​នៅ​ទីក្រុង​ញូវយ៉ក និង​ក្រុង​តូក្យូ»។

ក្នុង​ចំណោម​ទីក្រុង​ពិភព​លោក​ធំៗ​ចំនួន ៣៥ ទាក់ទង​នឹង​តម្លៃ​ផ្ទះ ទីក្រុង​ហុងកុង ស៊ាងហៃ ហ្សិនចិន និង​ប៉េកាំង ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី១ ទី៣ ទី៤ និងទី៩ រៀង​គ្នា​ក្នុង​តារាង​ចំណាត់​ថ្នាក់​ទីក្រុង​ដែល​មាន​តម្លៃ​ផ្ទះ​ថ្លៃ​​បំផុត​របស់​ក្រុមហ៊ុន CBRE៕ People''s Daily/KC