ទីក្រុងហ្សិនជិនៈ ការវិនិយោគ​ និង​កិច្ចសហប្រតិបត្តិការ​ពី​ខាងក្រៅ​នៅ​ទីក្រុង​ហ្សិនជិន (Shenzhen) បាន​បន្ត​រីកចម្រើន​យ៉ាង​រហ័ស ទោះបី​ជា​ការធ្លាក់ចុះ​បណ្តាល​មកពី​ការរីក​រាលដាល​វីរុស​កូរ៉ូណា ជាពិសេស​ក្នុង​ចំណោម​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង «​ខ្សែក្រវាត់ និង​ផ្លូវ​»​។

មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹងថា តម្លៃ​សរុប​នៃ​ការវិនិយោគ​ពី​បរទេស​ក្នុង​ទីក្រុង​នេះ នាពេល​នេះ​មាន​ប្រហែល​ ១៤៥,១ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ឈរ​នៅ​លំដាប់​លេខ​ ១ ​ក្នុង​ចំណោម​ទីក្រុង​សំខាន់ៗ​របស់​ចិនដីគោក​។

តម្លៃ​កិច្ចសន្យា​សរុប​រួម​នៃ​គម្រោង​វិស្វកម្ម​ក្រៅ​ប្រទេស​មាន​ចំនួន​ ២០២,៥ ​ពាន់​លាន​ដុល្លារ​ដែល​សម្រេច​បាន​ចំណូល​ចំនួន​ ១៦៨,៩ ​ពាន់​លាន​ដុល្លារ ស្ថិត​នៅ​លើ​តារាង​បញ្ជី​របស់​ជាតិ​។

លោក Wang Youming ប្រធាន​ការិយាល័យ​ពាណិជ្ជកម្ម​ក្រុង​ហ្សិនជិន​បាន​និយាយ​នៅឯ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​ពី​ខាងក្រៅ​ក្នុង​ទីក្រុង​ហ្សិនជិន​បាន​សម្រេច​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ទោះបី​ជា​មាន​ផលប៉ះពាល់​នៃ​ការរីករាលដាល​។

សហគ្រាស​ក្នុង​ទីក្រុង​នេះ​បាន​វិនិយោគ​ផ្ទាល់​ទៅក្នុង​សហគ្រាស​បរទេស​ដែល​មិនមែន​ជា​ហិរញ្ញវត្ថុ​ចំនួន​ ១៦៨ ​ក្នុង​ប្រទេស និង​តំបន់​ចំនួន​ ២៨ ជាមួយ​ការវិនិយោគ​ដែល​បាន​ចុះកិច្ចសន្យា​មាន​ទឹកប្រាក់​ ៤,៥៣ ​ពាន់​លាន​ដុល្លារ​។

ការវិនិយោគ​បរទេស​ផ្ទាល់​ជាក់ស្តែង​ពី​សហគ្រាស​ក្នុង​តំបន់​បាន​កើនឡើង​ ៦១,៧៨ ​ភាគរយ​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ ដែល​មាន​តម្លៃ​ទឹកប្រាក់​ ៤,០២ ​ពាន់​លាន​ដុល្លារ​ធៀប​រយៈពេល​ដូចគ្នា​ដែល​ស្មើនឹង​ ៩,៥២ ​ភាគរយ​នៃ​ការវិនិយោគ​របស់​ប្រទេស​ចិន​។

ភាគច្រើន​នៃ​មូលធន​បាន​ទៅ​ដល់ដៃ​វិស័យ​លក់ដុំ និង លក់រាយ ការផលិត ការជួល និង​សេវាកម្ម​ពាណិជ្ជកម្ម​។

Yu Jing នាយករង​នៃ​គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ទីក្រុង​បាន​និយាយថា​៖ «​ទោះបី​ជា​ផលប៉ះពាល់​ដោយសារ​វីរុស​កូរ៉ូណា និង​បរិយាកាស​សេដ្ឋកិច្ច​ខាងក្រៅ សហគ្រាស​ក្នុង​ទីក្រុង​ហ្សិនជិន នៅតែ​បង្កើនល្បឿន​ឆ្លងកាត់​បាន​»​។ សកម្មភាព​វិនិយោគ​របស់​ទីក្រុង​នៅ​តែ​សកម្ម និង​ទំហំ​នៃ​ការវិនិយោគ​នៅតែ​កើនឡើង​។

ភាពវិជ្ជមាន​អាច​មើលឃើញ​ក្នុង​សកម្មភាព​ធុរកិច្ច​ជាមួយ​ប្រទេស និង​តំបន់​ជាច្រើន​៕ China Daily/ RR