ក្រុង​ប៊ែរឡាំងៈ រដ្ឋបាល​​របស់​ក្រុង​ប៊ែរឡាំង ប្រទេស ​អាល្លឺម៉ង់ នឹង​ទិញ​អាផាតមិន​ ៦៧០ ល្វែង ​នៅ​ក្នុង​ទីតាំង​សំខាន់​មួយ​ពី​ម្ចាស់​ឯកជន ក្នុង​គោល​បំណង​​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​លំនៅឋាន​ដែល​កើន​ឡើង​នៅ​រដ្ឋធានី​​​របស់​ប្រទេស ​អាល្លឺម៉ង់ ​មួយ​នេះ​។​

តម្លៃ​ជួល​ដែល​កើន​ឡើង​ខ្ពស់​បាន​ក្លាយ​ជា​បញ្ហា​មួយ​សម្រាប់​ប្រជាជន​ដែល​ស្វែងរក​លំនៅឋាន​​តម្លៃ​សម​ស្រប​នៅ​ទីក្រុង​ប៊ែរឡាំង​ ហើយ​​ក្នុង​​​តំបន់​មួយ​ចំនួន​តម្លៃ​ជួល​បាន​កើន​ឡើង​ ​២ ដង ​​​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​​ដែល​បង្កើន​ការ​ដាក់​សម្ពាធ​លើ​ទីផ្សារ​លំនៅឋាន។​

តម្លៃ​ទិញ​អាផាតមិន​ទាំង​នេះ​មិន​ត្រូវ​បាន​​ប្រកាស​ឲ្យ​ដឹង​នោះ​ទេ​។​

កាល​ពី​ខែ​មុន រដ្ឋបាល​​​របស់​ទីក្រុង​ប៊ែរឡាំង​​បាន​ចាត់​វិធានការ​បង្កក​ការ​ជួល​រយៈពេល ​៥ ឆ្នាំ ចាប់​ពី​ឆ្នាំ ២០២០ ទៅ​​ក្នុង​គោល​បំណង​​ដើម្បី​បញ្ឈប់​ការ​លក់​លំនៅឋាន​ទៅ​ឲ្យ​អ្នក​មាន​ទ្រព្យ​ច្រើន​​ក្នុង​តម្លៃ​ថ្លៃ​​ដោយ​ម្ចាស់​បច្ចុប្បន្ន។​

លោក Michael Mueller អភិបាល​ក្រុង​ប៊ែរឡាំង បាន​ឲ្យ​ដឹង​​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ បន្ទាប់​ពី​​កិច្ច​ព្រមព្រៀង​មួយ​ត្រូវ​បាន​អនុម័ត​​​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា៖ «​ទីក្រុង​ប៊ែរឡាំង ត្រូវ​តែ​​​គ្រប់គ្រង​ជា​ថ្មី​​បន្ថែម​ទៀត​លើ​ទីផ្សារ​ជួល​លំនៅឋាន​របស់​ខ្លួន។ អាផាត​មិន ៦៧០ ល្វែង ​ទាំង​នេះ ​គឺ​ជា​ជំហាន​ដំបូង​នៅ​ក្នុង​ទិសដៅ​នេះ»។​​

ចាប់​ពី​ចុង​ឆ្នាំ​មុន​មក ប្រជាជន​មូលដ្ឋាន​បាន​តវ៉ា​ប្រឆាំង​​ការ​លក់​ផ្ទះ​ល្វែង​​​ក្នុង​​ប្លុក​អាផាត​មិន​ធំៗ​ចំនួន ៥ ឲ្យ​ក្រុមហ៊ុន​​អចលនទ្រព្យ​ Deutsche Wohnen (DW)។​

ដោយ​បារម្ភ​ពី​​ការ​កើន​ថ្លៃ​​ជួល ការ​ដើរ​ជា​ក្បួន​តវ៉ា​ប្រឆាំង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​​ក្រុម​អ្នក​ជួល ដែល​ព្យួរ​បដា​ចេញ​​ពី​បង្អួច អាផាត​មិន​នៅ​ជិត​នោះ​ដែល​ជំរុញ​ឲ្យ​រដ្ឋបាល​ទីក្រុង​នេះ​ត្រូវ​រារាំង​​ការ​លក់​នេះ​។​​

បន្ទាប់​ពី​មាន​ការ​ពិភាក្សា​រវាង​​លោក Mueller និង​ក្រុមហ៊ុន​ DW ផ្ទះ​ល្វែង​ទាំង​នោះ​​នៅ​ពេល​នេះ​នឹង​ត្រូវ​បាន​ទិញ​ដោយ​សមាគម​លំនៅឋាន​រដ្ឋ Gewobag។​

លោក Mueller ​ថ្លែង​ថា​៖ «​ខ្ញុំចង់​ឲ្យ​ប្រជាជន​ទីក្រុង​ប៊ែរឡាំង​ បន្ត​មាន​​លទ្ធភាព​ទិញ​​​លំនៅឋាន​​​តម្លៃ​សមរម្យ​​នៅ​ទីក្រុង​នេះ។ ហេតុ​នេះ វា​ជា​គោល​បំណង​របស់​ខ្ញុំ​​ក្នុង​ការ​ទិញ​ផ្ទះ​នៅ​​កន្លែង​ណា​ក៏​ដោយ​ដែល​អាច​ធ្វើ​ទៅ​បាន»៕ AFP/​LA​