ភ្នំពេញៈ អគារខុនដូចំនួន ២ ដែលមានកម្ពស់ ៤៦ ជាន់ ក្នុងគម្រោងអភិវឌ្ឍន៍ Phnom Penh Harbour ឬ The City Gate របស់ក្រុមហ៊ុន Yuetai Group បានចាប់ផ្តើមបុកគ្រឹះសាងសង់ហើយកាលពីចុងខែតុលាកន្លងមក ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២២។
Phnom Penh Harbour មានផ្ទៃដីសរុប ៩២ ៥៣៨ ម៉ែត្រការ៉េ ដែលជាទីតាំងជួលពីកំពង់ផែស្វយ័តភ្នំពេញក្នុងតម្លៃ ១៦,៥ លានដុល្លារ រហូតដល់ឆ្នាំ ២០៦៨។ គម្រោងនេះលាតសន្ធឹងតាមបណ្តោយមាត់ទន្លេសាបចាប់ពីគល់ស្ពានជ្រោយចង្វារទៅដល់ផ្សាររាត្រី។
គម្រោងអភិវឌ្ឍន៍ចម្រុះនេះស្ថិតក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប ដែលជាបុត្រសម្ព័ន្ធរបស់ Yuetai Group ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមកពីខេត្តក្វាងចូវ ប្រទេស ចិន។
ចាប់ពីឆ្នាំ ២០០៩ ក្រុមហ៊ុន Yuetai Group បានអភិវឌ្ឍន៍គម្រោងធំៗចំនួន ៣ ក្នុងរាជធានីភ្នំពេញរួមមានគម្រោង East One, East view និង Yuetai The Garden។
កញ្ញា ទៀប សុគន្ធី បុគ្គលិកផ្នែកលក់នៃក្រុមហ៊ុន Yuetai Group បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីល្ងាចម្សិលមិញថា អគារខុនដូចំនួន ២ (2C និង 2D) ដែលមានបន្ទប់ស្នាក់នៅសរុបចំនួន ២ ៧៨៨ យូនីត ស្ថិតក្នុងដំណាក់កាលទី ២ នៃគម្រោង Phnom Penh Harbour បានចាប់ផ្តើមបុកគ្រឹះហើយ។ កញ្ញាប្រាប់ទៀតថាបច្ចុប្បន្នក្រុមហ៊ុនទើបតែបើកលក់ផ្នែកទី ១ នៃអគារ 2C តែប៉ុណ្ណោះ ខណៈអគារនេះត្រូវចែកចេញជា ២ គឺ 2C1 និង 2C2 ដោយផ្នែកនីមួយៗមាន ៦៩៧ យូនីត។
កញ្ញា សុគន្ធី បានថ្លែងថា៖ «ដោយសារការចាប់ផ្តើមសាងសង់ និងបើកលក់ធ្វើឡើងក្នុងពេលប្រហាក់ប្រហែលគ្នាបានធ្វើឲ្យអតិថិជនជាច្រើនបានមកទិញគម្រោងនេះ»។
បន្ទប់ស្នាក់នៅក្នុងគម្រោងនេះមានទំហំចាប់ពី ៤៧ ដល់ ១៣៥ ម៉ែត្រការ៉េ ដោយក្នុង ១ ម៉ែត្រការ៉េ មានតម្លៃចាប់ពី ២ ៥០០ ដល់ ៣ ៥០០ ដុល្លារ។
ទាក់ទងនឹងការលក់កញ្ញា សុគន្ធី បានប្រាប់ថា៖ «បន្ទាប់ពីការបើកលក់បានប្រហែល ១ ខែបន្ទប់ស្នាក់នៅប្រហែល ១៥ ភាគរយ នៃផ្នែក 2C1 ត្រូវបានអតិថិជនទិញរួចរាល់ដោយមាន ៧០ ភាគរយ ជាជនជាតិខ្មែរ និង ៣០ ភាគរយ ជាជនបរទេស (ភាគច្រើនជនជាតិចិន)»។
អគារនេះនឹងមានចំណតក្រោមដី ៣ ជាន់ ហើយចាប់ពីជាន់ទី ១ ដល់ទី ៥ ជាទីតាំងលក់ទំនិញ និងពីជាន់ទី ៦ ដល់ជាន់ទី ៤៦ ជាបន្ទប់ខុនដូ។ អគារនេះក៏នឹងមានបំពាក់នូវសេវាកម្មចម្រុះផងដែរដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ និងសួនច្បារសម្រាប់ការសម្រាកកម្សាន្តផងដែរ។
គម្រោងអភិវឌ្ឍន៍ Phnom Penh Harbour បានបែងចែកជា ៤ ដំណាក់កាល។ គម្រោងទាំង ៤ ដំណាក់កាលនេះ មិនត្រូវបានអភិវឌ្ឍទៅតាមលំដាប់លំដោយឡើយ ដោយក្រុមហ៊ុនអាចអភិវឌ្ឍដំណាក់កាលណាមួយមុនគេទៅតាមតម្រូវការទីផ្សារជាក់ស្តែង។ ដោយឡែកការអភិវឌ្ឍដំណាក់កាលទី ២ នេះរួមមាន អគារខុនដូ កម្ពស់ ៤៦ ជាន់ ចំនួន ២ អគារ និងអគារពាណិជ្ជកម្ម ២ អគារ។
អ្នកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ថ្លែងថា ទីតាំង Phnom Penh Harbour អាចចាត់ទុកថា ជាកន្លែងដ៏ល្អ ព្រោះនៅចំកណ្តាលក្រុង និងជាប់មាត់ទន្លេដែលមានខ្យល់អាកាសបរិសុទ្ធ។ ចំណែកតម្លៃវាអាចខ្ពស់បន្តិចសម្រាប់ជនជាតិខ្មែរ ដោយសារគម្រោងនេះមានរយៈពេលកំណត់។
អ្នកស្រីថ្លែងថា៖ «តម្លៃអាចខ្ពស់សម្រាប់អ្នកទិញក្នុងស្រុក ដែលតែងតែចង់បានលំនៅឋានមួយមានលក្ខណៈជាអចិន្រៃ្តយ៍ តែសម្រាប់ជនបរទេសវាមិនមានបញ្ហាទេសម្រាប់គម្រោងដែលមានរយៈពេល ៥០ ឆ្នាំបែបនេះ»៕ LA