ភ្នំពេញៈ មន្ដ្រី​ជាន់ខ្ពស់​កម្ពុជា​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ និង​សំណង់​ផ្ដោត​ជា​សំខាន់​លើ​ការគ្រប់គ្រង​លើ​សុវត្ថិភាព និង​ហានិភ័យ​របស់​អគារ ដើម្បី​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកទិញ និង​ក្រុម​វិនិយោគិន​។

ថ្លែង​ក្នុង​ការដាក់​ឲ្យ​ដំណើរការ​សាងសង់​គម្រោង​ខុនដូ Urban Village ដំណាក់កាល​ទី​ ២ កាលពី​ថ្ងៃ​ពុធ​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ព​ជើងគោក​បាន​ឲ្យ​ដឹងថា ភាពជោគជ័យ​នៃ Urban Village ដំណាក់កាល​ទី​ ១ បាន​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​របស់​អតិថិជន​លើ​គុណភាព សុវត្ថិភាព និង​ការរចនា​ដ៏ល្អ ហើយ​វា​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ទាំងអស់ ត្រូវ​ផ្ដោត​សំខាន់​លើ​គុណភាព សុវត្ថិភាព និង​ការគ្រប់គ្រង​ហានិភ័យ ដើម្បី​ចៀសផុត​ពី​ហានិភ័យ​ណាមួយ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។ ការរួមចំណែក និង​ការអភិវឌ្ឍ​របស់​វិស័យ​សំណង់ គឺជា​ការរួមចំណែក​នៅក្នុង​រយៈពេល​វែង​នៃ​ទិសដៅ​អភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​»​។

លោក ប៊ែន លី នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Urban Hub បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ក្រុមហ៊ុន​ភាគច្រើន​ប្រកាន់ខ្ជាប់​លើ​សុវត្ថិភាព ការរចនា​ល្អប្រសើរ និង​ស្ថាបត្យកម្ម​ចម្រុះ​គឺជា​កត្តា​ដ៏សំខាន់​ក្នុង​ការទទួល​បាន​ទំនុក​ចិត្ត​ជា​សាធារណៈ​ធ្វើឲ្យ​ទទួល​បាន​ជោគជ័យ​នៃ​គម្រោង​ដំណាក់កាល​ទី​ ១ ​របស់លោក​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​លក់​អស់​សម្រាប់​ដំណាក់កាល​ទី​ ១ ​ដោយសារ​ពួកគេ​ទុកចិត្ត​លើ​គម្រោង​របស់​យើង​។ យើង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង នៅក្នុង​គម្រោង​ដំណាក់កាល​ទី​ ១ ដោយសារ​តែ​យើង​អាច​មើលឃើញ​ម្ចាស់​គម្រោង​ទាំងអស់​បាន​កើនឡើង​ជិត​ពី​ ២០ ​ទៅ​ ៤០ ​ភាគរយ នៅពេល​នេះ​ពឹងផ្អែក​លើ​មធ្យោបាយ​ដែល​ពួកគេ​កំពុង​ទិញ ហើយ​ ៧០ ​ភាគរយ ​នៃ​អ្នកទិញ​របស់​យើង​គឺជា​ប្រជាជន​ក្នុងស្រុក ហើយ​ខុនដូ​របស់​យើង​គឺជា​អតិថិជន​ចម្រុះ ខណៈ​ពាក្យស្លោក​របស់​យើង​គឺ «​តម្លៃ​សមរម្យ​»​។

លោក ប៊ែន លី បាន​ឲ្យ​ដឹងថា គម្រោង​ដំណាក់​ទី​ ២ នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ ៧៦០ ០០០ ​ម៉ែត្រការ៉េ​ មាន​ ៥១ ​ជាន់ និង ១ ៧០០ យូនីត ហើយ​នឹង​ត្រូវការ​រយៈពេល​នៃ​ការសាងសង់​ ៣ ​ឆ្នាំ​ ដែល​នឹងត្រូវ​ប្រគល់​ឲ្យ​អតិថិជន​នៅ​ចុងឆ្នាំ​ ២០២២​។ អតិថិជន​ដែល​កំណត់​ទិសដៅ​របស់​លោក​គឺជា​ទីផ្សារ​ជប៉ុន ទីក្រុង​ហុងកុង អឺរ៉ុប អាមេរិក និង​សំខាន់​ជាងនេះ​ទៅ​ទៀត​គឺ​ទីផ្សារ​ក្នុងស្រុក​។

លោក ម៉ាណែត បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​ ២-៣​ ​ឆ្នាំ​មុន ទាំង​វិនិយោគិន​ក្នុងស្រុក និង​បរទេស​នៅក្នុង​វិស័យ​សំណង់​កំពុង​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​លោក​សង្ឃឹម​ថា វា​នឹង​បន្ត​កំណើន​នៅ​ឆ្នាំនេះ​។

លោក​បញ្ជាក់ថា​៖ «​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ទិសដៅ​ដ៏សំខាន់​សម្រាប់​ការសាងសង់​អចលនទ្រព្យ និង​ការសាងសង់​ក្នុង​តំបន់​ដោយ​ពឹងផ្អែកលើ​កំណើន​សេដ្ឋកិច្ច និង​ការកើនឡើង​ប្រាក់ចំណូល​របស់​ប្រជាជន​ស្ថិរភាព​នយោបាយ និង​បទប្បញ្ញត្តិ​ត្រឹមត្រូវ​ដើម្បី​គ្រប់គ្រង​វិស័យនេះ​។

ការវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ បានបង្ហាញ​ពី​ការរីកចម្រើន ហើយ​នេះ​គ្រាន់តែ​ជា​ការចាប់ផ្ដើម​ប៉ុណ្ណោះ​»​។ លោក​លើក​ឡើង​ថា ក្រុមហ៊ុន​ទេសចរណ៍ និង​សកម្មភាព​ពាណិជ្ជកម្ម គឺជា​កត្តា​ដ៏សំខាន់​ក្នុង​ការគាំទ្រ​ដល់​ការសាងសង់ ដោយសារ​តែ​តម្រូវ​ការបន្ត​កើនឡើង ដូច្នេះ​នេះ​ផ្ដល់​ឱកាស​កាន់តែ​ច្រើន​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុង​ការទទួល​បាន​ឱកាស​កាន់តែ​ច្រើន​ក្នុង​ការរកប្រាក់​ចំណេញ​។

បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពី​ឆ្នាំ​ ២០១៩ ប្រទេស​កម្ពុជា​បាន​អនុម័ត​គម្រោង​សាងសង់​សរុប ៤ ៤៤៦ ជាមួយ​នឹង​ទុនវិនិយោគ ៩,៣៥ ​ពាន់​លាន​ដុល្លារ ខណៈ​ដែល​កាលពី​ឆ្នាំ​ ២០១៨ បាន​អនុម័ត​គម្រោង​សាងសង់​សរុប ២ ៨៦៧ ជាមួយ​នឹង​តម្លៃ​ប៉ាន់ប្រមាណ​ ៥,២២ ​ពាន់​លាន​ដុល្លារ​។ ទុនវិនិយោគ​សំណង់​កាលពី​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ ៧៨,៨៨ ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០១៨៕LA