ភ្នំពេញៈ ចំនួន​យូនីត​ខុនដូ​ដែល​បាន​បញ្ចប់​ការសាងសង់​នៅ​រាជធានី​ភ្នំពេញ​នៅក្នុង​ឆ្នាំ​ ២០១៩ មាន​ចំនួន ៣ ៨៣៨ យូនីត ​កើនឡើង​ជាង ២៧ ភាគរយ​ ធៀប​នឹង​ដំណាច់ឆ្នាំ​ ២០១៨ ខណៈ​គម្រោង​ដែល​ប្រកាស​សាងសង់​ថ្មី​មាន​ចំនួន ២៧ ​គម្រោង​។ នេះ​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

របាយការណ៍​ចេញផ្សាយ​នៅ​ចុង​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៩ ក្នុង​ក្រុងភ្នំពេញ​គម្រោង​ខុនដូ​សរុប​ចំនួន​ ១៤០ គម្រោង​​ បាន​បញ្ចប់​ការសាងសង់ ដោយ​ក្នុង​ចំណោម​គម្រោង​ទាំងនោះ​មាន ១១ ​គម្រោង​ស្មើនឹង​ចំនួន ៣ ៨៣៨​ យូនីត​ បាន​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ ២០១៩ ដែល​ធ្វើឲ្យ​ខុនដូ​សរុប​មាន ១៨ ០០៨ យូនីត​កើនឡើង ២៧,០៨ ភាគរយ​ ធៀប​នឹង​ដំណាច់ឆ្នាំ​ ២០១៨ ជា​ពេល​ដែល​យូនីត​សរុប​មាន ១៤ ១៧០ ​យូនីត​។

របាយការណ៍​ដដែល​នេះ​បង្ហាញ​ថា ក្នុងចំណោម​ខុនដូ​ទាំង ១៨ ០០៨ ​យូនីត ២៣ ​ភាគរយ​ គឺជា​ខុនដូ​ប្រភេទ​ប្រណីត​តម្លៃ​ថ្លៃ ៥៣ ​ភាគរយ​ ជា​ប្រភេទ​តម្លៃ​មធ្យម និង ២៤ ​ភាគរយ​ ជា​ប្រភេទ​តម្លៃ​សមរម្យ​។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ឆ្នាំ​ ២០១៩ ក៏មាន​គម្រោង​ថ្មី​ចំនួន ២៧ ​គម្រោង​ស្មើនឹង ១៦ ៥០០ ​យូនីត​ផងដែរ ដែល​បាន​ប្រកាស​ចាប់ផ្តើម​សាងសង់​។

ការកើនឡើង​ក្នុង​អត្រា​ជាង ២៧ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០១៩ មាន​កម្រិត​ទាប​ជាង​ខ្លាំង​ពី​ការព្យាករ​របស់​ក្រុមហ៊ុន CBRE កាលពី​ដើម​ឆ្នាំ​ ២០១៩ ដែល​នៅពេល​នោះ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​មួយ​នេះ​បាន​ព្យាករ​ថា ចំនួន​ខុនដូ​នឹង​អាច​មាន​កំណើន​រហូតដល់ ១២០ ​ភាគរយ​។

អ្នកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​និយាយ​ថា ទីផ្សារ​ខុនដូ​ក្នុង​ក្រុងភ្នំពេញ​នៅតែ​មាន​ភាពល្អ​ប្រសើរ ពិសេស​ខុនដូ​ប្រភេទ​តម្លៃ​មធ្យម និង​តម្លៃ​សមរម្យ​ដែល​កំពុង​មាន​តម្រូវការ​ច្រើន​ពី​សំណាក់​ប្រជាជន​ក្នុង​ស្រុក​។ អ្នកស្រី​បន្តថា ទន្ទឹម​នឹង​ការផ្លាស់ប្តូរ​ឥរិយាបថ​ពី​ការរស់នៅ​តាម​លំនៅឋាន​ជាប់​ដី​មក​រស់នៅ​តាម​ខុនដូ​របស់​ប្រជាជន​ខ្មែរ នៅពេល​នេះ​ចំនួន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុងស្រុក​ដែល​បញ្ចេញ​ទុន​លើ​ការវិនិយោគ​សាងសង់​ខុនដូ​ក៏​កំពុង​មាន​និន្នាការ​កើនឡើង​ផងដែរ​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​បើទោះបី​ជា​ចំនួន​យូនីត​ដែល​បានបញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ ២០១៩ មាន​កំណើន​តិចជាង​ការរំពឹងទុក​ក្តី ប៉ុន្តែ​ជា​រួម​ខ្ញុំ​អាច​និយាយថា ទីផ្សារ​នេះ​គឺ​នៅតែ​ល្អ ពិសេស​សម្រាប់​ប្រភេទ​តម្លៃ​មធ្យម និង​តម្លៃ​សមរម្យ ខណៈ [​ខុនដូ​] ប្រភេទ​ប្រណីត​អាច​ស្ថិត​នៅ​ទ្រឹង​»​។

អ្នកស្រី​បន្តថា មាន​កត្តា​ជាច្រើន​ដែល​ធ្វើឲ្យ​អត្រាកំណើន​នេះ​ធ្លាក់ចុះ​ជាង​ការរំពឹងទុក​ដែល​មាន​ដូចជា កត្តាបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​មិនទាន់​រៀបចំ​បាន​ល្អ កង្វះ​កម្លាំង​ពលកម្ម និង​កត្តា​ផ្គត់ផ្គង់​សម្ភារ​ពី​បរទេស​មិនទាន់​ពេលវេលា​។

របាយការណ៍​របស់​ក្រុមហ៊ុន CBRE ក៏បាន​ព្យាករ​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២០ នេះ​ចំនួន​យូនីត​ដែល​នឹង​បញ្ចប់​ការសាងសង់​នឹង​កើនឡើង​ប្រមាណ ៥៥ ​ភាគរយ​ស្មើនឹង ១០ ០០០ ​យូនីត​បន្ថែម​លើ​ចំនួន ១៨ ០០៨ ​យូនីត ដែល​មាន​ស្រាប់​គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៩​។

ក្នុង​ឆ្នាំ​ ២០១៩ ខុនដូ​ប្រភេទ​ប្រណីត​មាន​តម្លៃ​ជា​មធ្យម ៣ ១៨៤ ​ដុល្លារ ​ក្នុង ១ ​ម៉ែត្រការ៉េ​ធ្លាក់ចុះ ២,៣៣ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ចំណែក​ខុនដូ​ប្រភេទ​មធ្យម​មានតម្លៃ ២ ៥៩៥ ​ដុល្លារ​ កើនឡើង ១,២៨ ​ភាគរយ ហើយ​ខុនដូ​ប្រភេទ​តម្លៃ​សមរម្យ​មាន​តម្លៃ​មធ្យម ១ ៥៤៤ ​ដុល្លារ​កើនឡើង ៥,៣២ ​ភាគរយ​។

តម្លៃ​ជួល​មធ្យម​ក្នុង​ឆ្នាំ​ ២០១៩ ធៀប​នឹង​ឆ្នាំ​ ២០១៨ មាន​ការប្រែប្រួល​តិច​បំផុត ដោយ​ខុនដូ​ប្រភេទ​ប្រណីត​មាន​តម្លៃ​ជួល ១៤,២៧ ​ដុល្លារ ​ក្នុង ១ ​ម៉ែត្រការ៉េ និង​ខុនដូ​ប្រភេទ​មធ្យម​ថ្លៃ ១១,៩ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ​ ក្នុង ១ ​ខែ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​ក្នុង​ឆ្នាំ​ ២០១៩ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ការអនុញ្ញាត​លើ​គម្រោង​សាងសង់​សរុប ៤ ៤៤៦ ​គម្រោង​៕