ភ្នំពេញៈ តម្លៃ​ជួល​បន្ទប់​ខុនដូ​នៅ​ក្នុង​​រាជធានី​ភ្នំពេញ​​អាច​នឹង​ធ្លាក់​ចុះ​​នៅ​ចុង​ឆ្នាំ ​២០១៩ នេះ ពិសេស​ខុនដូ​ដែល​មាន​ទីតាំង​​នៅ​ក្រៅ​តំបន់​កណ្តាល​ទីក្រុង ខណៈ​ការ​សិក្សា​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ CBRE Cambodia បាន​រក​ឃើញ​​ថា ចំនួន​បន្ទប់​ខុនដូ ដែល​នឹង​ដាក់​ចូល​ទីផ្សារ​នៅ

ឡើង​ដំណាច់​ឆ្នាំ ​២០១៩ នេះ​នឹង​កើន​ឡើង​ជិត ១២០ ​ភាគរយ បើ​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

របាយការណ៍​ព្យាករ​ដែល​ភ្នំពេញ​ ប៉ុស្តិ៍​ ទើប​ទទួល​​បាន​បង្ហាញ​ថា នៅ​ដំណាច់​ឆ្នាំ ​២០១៩ នេះ ​ចំនួន​បន្ទប់​ខុនដូ​​ក្នុង​រាជធានី​ភ្នំពេញ​នឹង​កើន​ឡើង​​ ១១៩,៥ ​​ភាគរយ​ ពី​ចំនួន​ ១៤ ១៧៣ យូនីត​កាល​ពី​ចុង​ឆ្នាំ ​២០១៨ ទៅ​ដល់​​ចំនួន​ ៣១ ១១២ យូនីត​។

ក្នុង​នោះ​ខុនដូ​តម្លៃ​ទាប​ (Affordable Segment) នឹង​មាន​កំណើន​ប្រហែល​ ១០០ ​ភាគរយ ប្រភេទ​បន្ទប់​ខុនដូ​តម្លៃ​​មធ្យម​ (Mid-Range Segment) នឹង​កើន​​ ៧៨ ​ភាគរយ ខណៈ​ប្រភេទ​ខុនដូ​ប្រណីត (High-End Segment) នឹង​កើន​ ២៤៣ ​ភាគរយ​។ នេះ​បើ​យោង​តាម​របាយការណ៍។​

របាយការណ៍​បង្ហាញ​ថា ​​​ចំណែក​ទីផ្សារ​ខុនដូ​តម្លៃ​ទាប​នឹង​មាន ២៣ ​ភាគរយ ខុនដូ​តម្លៃ​មធ្យម​នឹង​មាន ​៤៣ ​ភាគរយ​ ខណៈ​ខុនដូ​ប្រណីត នឹង​មាន​៣៤ ភាគរយ​​។​

លោក​ស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​ឲ្យ​​ដឹង​ក្នុង​ពិធី​សម្ពោធ​របាយការណ៍​ព្យាករ​ស្ថានភាព​អចលន​ទ្រព្យ​​នៅ​រាជធានី​ភ្នំពេញ ឆ្នាំ ​២០១៩ កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ដោយ​សារ​ចំនួន​ខុនដូ​ ដែល​នឹង​ចូល​ទីផ្សារ​​ក្នុង​​​ឆ្នាំ ​២០១៩ នេះ​​នឹង​មាន​ចំនួន​រហូត​ដល់​ជិត ២ ម៉ឺន​យូនីត​​ វា​​នឹង​ធ្វើ​ឲ្យ​តម្លៃ​​ជួល​​នៅ​ចុង​ឆ្នាំ​នេះ​​ធ្លាក់​ចុះ​ ​​ពិសេស​​តំបន់​ដែល​នៅ​ឆ្ងាយ​​ពី​ចំណុច​កណ្តាល​ក្រុង​។

ខណៈ​បច្ចុប្បន្ន​នេះ​តម្លៃ​ជួល​ខុនដូ​ជា​មធ្យម​មាន​ចន្លោះ​ពី ​១០ ​ទៅ ​១៥ ​ដុល្លារ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ​ក្នុង ​១ ​ខែ​នោះ លោក​ស្រី សុធីតា បាន​និយាយ​ថា ​នៅ​ត្រឹម​​ចុង​ឆ្នាំ ​២០១៩ ​តម្លៃ​នឹង​អាច​ធ្លាក់​ចុះ បន្តិច​បន្តួច​។​​

ទោះ​បី​យ៉ាង​ណា នាយិកា​ក្រុមហ៊ុន​ខាង​លើ​បញ្ជាក់​ថា ការ​លក់​អាច​នឹង​នៅ​​តែ​មាន​កំណើន ខណៈ​គម្រោង​ដែល​នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ​នេះ​បាន​លក់​លើស​ពី ​៥០ ​ភាគរយ​រួច​ហើយ​​។​

របាយការណ៍​ខាង​លើ​​បាន​ព្យាករ​​ថា សម្រាប់​ឆ្នាំ ​២០១៩ ​តម្លៃ​លក់​ខុនដូ​អាច​មាន​តម្លៃ​ជា​មធ្យម​​ចាប់​ពី​ ​១ ៦០០ ​ដុល្លារ​ ទៅ​ដល់​ ៣ ១០០ ដុល្លារ​ ក្នុង ​១ ​ម៉ែត្រ​ការ៉េ។​

ទោះ​បី​យ៉ាង​ណា​ លោក​ស្រី សុធីតា បាន​​ប្រាប់​ថា ក្នុង​ឆ្នាំ ​២០១៩​ នេះ​មិន​សូវ​មាន​គម្រោង​ថ្មីៗ​ប្រកាស​ចាប់​ផ្តើម​សាងសង់​​ទេ។

លោក ង៉ែត ជូ ទី​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បាន​ប្រាប់​ថា ការ​កើន​ឡើង​ដ៏​ខ្ពស់​ក្នុង​ពេល​តែ​មួយ​​បែប​នេះ​ ​​វា​អាច​​នឹង​​មាន​បញ្ហា​ទីផ្សារ​ ព្រោះ​បើ​យើង​មើល​ទៅ​ទីផ្សារ​ខុនដូ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​​ហាក់​មិន​សូវ​ពេញ​និយម​ទេ​ ខណៈ​​ទីផ្សារ​​ផ្ទះ​ល្វែង បុរី និង​វីឡា​​ក៏​កំពុង​កើន​ឡើង​ច្រើន​​ និង​ពេញ​និយម​ផង​ដែរ​។​

លោក​បន្ត​ថា៖ ​«​បើ​និយាយ​ពី​ទីផ្សារ​ក្នុង​ស្រុក​​ ​គឺ​តូច​ចង្អៀត​ណាស់ តែ​កម្ពុជា​មាន​ចំណុច​ពិសេស​មួយ​ដែល​អនុញ្ញាត​​ឲ្យ​បរទេស​មាន​សិទ្ធិ​ក្នុង​ការ​ទិញ​ខុនដូ​ ដូច្នេះ​ភាព​ជោគជ័យ​សម្រាប់​ខុនដូ​​​វា​អាស្រ័យ​​លើ​ម្ចាស់​គម្រោង​ថា តើ​ពួក​គាត់​មាន​ទំនាក់​ទំនង​ និង​ទីផ្សារ​បែប​ណា​ជា​មួយ​អតិថិជន​បរទេស​»។

ខណៈ​​ចំនួន​ខុនដូ​ថ្មី​ៗ​នឹង​ចូល​ក្នុង​ទីផ្សារ​ច្រើន​​នោះ​ លោក ជូ ​និយាយ​ថា ​ចំនួន​ដ៏​ច្រើន​នេះ​ អាច​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​សម្រាប់​អ្នក​ទិញ​ខុនដូ​​ទុក​ដាក់​ជួល​បន្ត ដែល​រំពឹង​ថា​ នឹង​យក​ប្រាក់​ខ្លះ​ពី​ការ​ជួល​សម្រាប់​បង់​ត្រឡប់​​ទៅ​ឲ្យ​ម្ចាស់​គម្រោង​វិញ​​៕​