ភ្នំពេញៈ គម្រោង​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន Ul Traspower Technology Co.,Ltd ក្រោម​ទុនវិនិយោគ ៦៦ ​លាន​ដុល្លារ ក្នុង​ខេត្ត​កំពង់ស្ពឺ នៅពេល​នេះ​បានចាប់ផ្តើម​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​អគារ​ជា​បណ្តើរៗ​ហើយ​។ នេះ​បើ​តាម​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ស្ថិត​លើ​ផ្ទៃដី​ទំហំ ៦៧ ​ហិកតា​តាម​បណ្ដោយ​ផ្លូវជាតិ​ ៤៤ ក្នុងស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា បច្ចុប្បន្ន​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់ Ul Traspower Technology Co.,Ltd បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​បាន​ ២-៣ ​ខែ​មកហើយ ដោយ​ពេល​នេះ​ក្រុមហ៊ុន​សាងសង់​បាន​អគារ​ចំនួន ៤-៥ ហើយ​។

លោក​បន្តថា មាន​ហេតុផល​ចម្បង​មួយចំនួន​ដែល​ធ្វើឲ្យ​ខេត្ត​កំពង់ស្ពឺ​ទាក់ទាញ​បាន​កំណើន​ការវិនិយោគ​ជា​បន្តបន្ទាប់ រួមមាន កត្តា​ស្ថិរភាព​នយោបាយ ភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រជាជន​ជាដើម​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ​យើង​កំពុង​ខិតខំ​ជួយ​សម្រួល និង​ជំរុញ​ក្រុមហ៊ុន​វិនិយោគ​ឲ្យ​សាងសង់ ព្រោះ​នៅពេល​សង់​រួច​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​បង្កើត​ការងារ​ថ្មីៗ​ប្រមាណ ១១ ០០០ ​កន្លែង​សម្រាប់​ប្រជាជន​ក្នុង​តំបន់​»​។

លោក​បន្ថែមថា នៅពេល​ការសាងសង់​រួចរាល់​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹងមាន​រោងចក្រ​សំខាន់ៗ​មួយចំនួន​ដូចជា រោងចក្រ​ផលិត​អាគុយ​រថយន្ត គ្រឿង​ផ្គុំ​រថយន្ត​តូច ធំ ផលិត​ខ្សែភ្លើង និង​ផលិត​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​ជាដើម​។

លោក​បន្តថា ខណៈ​ក្នុងពេល​ឆាប់ៗ​នេះ​កម្ពុជា​នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន ​នោះ ចំនួន​វិនិយោគិន​ដែល​មក​ខេត្ត​កំពង់​ស្ពី​ប្រាកដ​ជា​មាន​កំណើន​ខ្ពស់​ជាមិនខាន​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា បើ​មើល​តាម​សម្ទុះ​នៃ​ការអភិវឌ្ឍ​ទៅ​ថ្ងៃ​អនាគត ខេត្ត​កំពង់ស្ពឺ​នឹង​អាច​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​នៅ​កម្ពុជា​»​។

យោងតាម​លោក សំណាង ក្នុង​ខេត្តកំពង់ស្ពឺ​ពេលនេះ​ក៏មាន​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ ១ ​កន្លែង​ទៀត​លើ​ផ្ទៃដី ១០០ ​ហិកតា​ក្នុង​ស្រុក​គងពិសី​ដែល​កំពុង​រៀបចំ​ការចាក់​បំពេញ​ដី​បណ្តើរៗ​។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល​លោក សំ សុខនឿន បាន​ប្រាប់ថា វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្ត​កំពង់ស្ពឺ​មាន​ភាពទាក់ទាញ​កាន់តែ​ខ្លាំង​ក្នុង​ប្រមាណ ២ ​ឆ្នាំ​ចុងក្រោយ​នេះ​ដោយ​មាន​គម្រោង​វិនិយោគ​រោងចក្រ​សហគ្រាស និង​លំនៅឋាន​ថ្មីៗ​ជាច្រើន​សាងសង់​នៅ​ទីនោះ​។

លោក​បន្តថា ដោយសារ​ទីក្រុង​ភ្នំពេញ​កាន់តែ​រីក​ធំ ហេតុនេះ​ខេត្ត​កំពង់ស្ពឺ​ក៏​កាន់តែ​មាន​សក្តានុពល​ទៅតាម​នោះដែរ​។ ទន្ទឹម​នឹង​ភាពរីកចម្រើន​នេះ តម្លៃ​អចលនទ្រព្យ​នៅ​កំពង់ស្ពឺ​ក៏បាន​កើនឡើង​ជា​បន្តបន្ទាប់​ផងដែរ​។

លោក​ថ្លែងថា​៖ «​កំពង់ស្ពឺ​ជា​ខេត្ត​ដែល​កំពុងមាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​អចលនទ្រព្យ ខណៈ​បច្ចុប្បន្ន​មាន​អ្នកវិនិយោគ​កាន់តែ​ច្រើន​បាននាំគ្នា​ទៅ​សង់​លំនៅឋាន ឬ​ពុះ​ដីឡូត៍​លក់​ជា​បន្តបន្ទាប់​»​។

បើតាម​លោក សុខនឿន បច្ចុប្បន្ន​ដី​នៅក្នុង​ក្រុង​កំពង់ស្ពឺ​មាន​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី ១០០-៥០០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ ចំណែក​ដី​នៅ​តំបន់​ជាយក្រុង​អាច​មាន​តម្លៃ​ចន្លោះ​ពី ៤០-៦០ ​ដុល្លារ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីពេល​ថ្មីៗ​នេះ​ថា ភាពអំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ​នៅ​ចន្លោះ​រាជធានី​ភ្នំពេញ និង​កំពង់ផែ​ទឹកជ្រៅ​ខេត្ត​ព្រះសីហនុ​ដែល​មាន​ផ្លូវជាតិ​សំខាន់​តភ្ជាប់​ទៅគ្រប់​តំបន់​ក្នុង​ប្រទេស​មាន​ផ្លូវ​ល្បឿន​លឿន​ឆ្លងកាត់ និង​មាន​ធនធាន​ធម្មជាតិ​ច្រើន​បាន​ធ្វើឲ្យ​ខេត្តកំពង់ស្ពឺ​ទទួល​បាន​គម្រោង​វិនិយោគ​ថ្មីៗ​ជា​បន្តបន្ទាប់ ពិសេស​បន្ទាប់ពី​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​។

លោក​ថ្លែងថា​៖ «​នៅពេល​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ចិន​ក្នុងពេល​ឆាប់ៗ​នេះ ខ្ញុំ​គិតថា ខេត្តកំពង់ស្ពឺ​នឹង​រឹតតែ​ទទួល​បាន​វិនិយោគ​ចូលទៅ​បណ្តាក់ទុន​ច្រើន​បន្ថែមទៀត​»​។

កាលពី​ដើម​ខែកក្កដា​លោក វ៉ី សំណាង ធ្លាប់បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​មាន​រោងចក្រ​ធុន​ធំ​ចំនួន ១៦១ ​រោងចក្រ (​កំពុង​ដំណើរការ ១៤៣ និង ១៨ ​ទៀត​កំពុង​សាងសង់​) ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប ១២០ ៧៣៤ ​នាក់​។ ចំណែក​វិស័យ​សហគ្រាស​ធុន​តូច មធ្យម និង​សិប្បកម្ម​មាន​សរុប​ចំនួន ១ ៥០៨ ​មូលដ្ឋាន ប្រើ​កម្លាំង​ពលកម្ម​សរុប ១៣ ៣៩៥ នាក់​៕ LA