ភ្នំពេញ៖ តម្លៃលក់ និងជួលបន្ទប់ខុនដូនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ បានកើនឡើងភាគច្រើន បើធៀបនឹងត្រីមាសទី៤ ឆ្នាំ ២០២០ ខណៈមានគម្រោងថ្មីចំនួន ៤ បានដាក់ចូលទីផ្សារក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែនិន្នាការនៃតម្រូវការ និងតម្លៃអាចនឹងធ្លាក់ចុះវិញក្នុងត្រីមាសទី២ ដោយសារតែវិធានការបិទខ្ទប់ថ្មីៗនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
របាយការណ៍ឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២១ ខុនដូប្រណីត (High-End) ត្រូវបានលក់ក្នុងតម្លៃជាមធ្យម ៣ ០៨៧ ដុល្លារ កើនឡើង ៤,៨ ភាគរយ ធៀបនឹងត្រីមាសទី៤ ឆ្នាំ ២០២០ ប្រភេទតម្លៃសមរម្យ (Affordable) មានតម្លៃ ១ ៥៦៨ ដុល្លារ កើនឡើង ៣,៥ ភាគរយ ខណៈប្រភេទមធ្យម (Mid-Range) មានតម្លៃ ២ ២៦៥ ដុល្លារ ធ្លាក់ចុះ ០,៤ ភាគរយ។
ដោយឡែកសម្រាប់តម្លៃជួល គឺកើនឡើងព្រមគ្នាក្នុងនោះខុនដូប្រណីតមានតម្លៃ ១២,៨៦ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េសម្រាប់រយៈពេល ១ ខែ កើនឡើង ១,៧ ភាគរយ, ប្រភេទមធ្យមមានតម្លៃ ១០,៣៨ ដុល្លារ កើនឡើង ១,៣ ភាគរយ និងប្រភេទតម្លៃសមរម្យមានតម្លៃ ៨,២៨ ដុល្លារ កើនឡើង ៥,៤ ភាគរយ ។
យោងតាមការស្រាវជ្រាវនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ មានគម្រោងអភិវឌ្ឍន៍ខុនដូចំនួន ៤ ស្មើនឹងបន្ទប់ស្នាក់នៅសរុប ៧៩៣ យូនីត បានបញ្ចប់ការសាងសង់ និងបើកដំណើរការ ដែលធ្វើឱ្យចំនួនបន្ទប់ខុនដូនៅក្នុងរាជធានីភ្នំពេញកើនដល់ ២៦ ៧០៧ យូនីត។
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២១ ខែមេសានេះថា សុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចពិភពលោក និងការសម្រុកចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នាដើមឆ្នាំ ២០២១ បានធ្វើឱ្យចលនារបស់អ្នកវិនិយោគ ឬដូចជាការទិញសម្រាប់ស្នាក់នៅរបស់ប្រជាជនខ្មែរ បានកម្រើកឡើងវិញជាបន្តបន្ទាប់នៅដើមត្រីមាសទី១ ធៀបនឹងត្រីមាសទី៤ ឆ្នាំ ២០២០។
អ្នកនាងបានអះអាងថា៖ «ភាគសុទិដ្ឋិនិយមនៅមុនពេលមានការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យតម្លៃលក់ និងជួលខុនដូកើនឡើង ១ កម្រិត»។
ទោះយ៉ាងណា អ្នកនាង គិនកេសា បានបញ្ជាក់ថា ដោយសារមានការបិទខ្ទប់ក្រុងភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ វាបាននិងកំពុងធ្វើឱ្យតម្លៃ និងសកម្មភាពនៃការទិញ លក់ និងជួលខុនដូ ចាប់ផ្តើមធ្លាក់ចុះមកវិញខ្លះនៅដើមត្រីមាសទី២ នេះ។ អ្នកនាងបានបន្ថែមថា៖ «ការ Lockdown ទីក្រុងភ្នំពេញនៅពេលនេះ គឺវាប្រាកដថា វានឹងជះឥទ្ធិពលខ្លះដល់តម្លៃទិញ លក់ និងជួលនៅក្នុងត្រីមាសទី២»។
តាមការព្យាករនៅក្នុងឆ្នាំ ២០២១ នេះនឹងមានខុនដូប្រមាណ ១០ ០៣២ យូនីតបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារ។ នេះបើតាមCBRE Cambodia៕