ក្រុងបាងកកៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន Pruksa Holding (PS-H) ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ថៃ​បាន​ឲ្យ​ដឹងថា ទីផ្សារ​លំនៅឋាន​ក្នុង​ទីក្រុង​បាងកក និង​តំបន់​ជុំវិញ​ទីក្រុង​នេះ (Greater Bangkok) បាន​ធ្លាក់ចុះ ១៣ ​ភាគរយ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ បន្ទាប់ពី​ការកម្រិត​កម្ចី​ធៀប​នឹង​តម្លៃ (LTV) ថ្មី​របស់​ធនាគារកណ្ដាល​ថៃ​បាន​ចាប់ផ្ដើម​អនុវត្ត​កាលពី​ថ្ងៃទី​ ១ ខែ​មេសា​។ នេះ​បើ​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍​។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ដោយ​ដកស្រង់​ទិន្នន័យ​ពី​ក្រុមហ៊ុន​នេះ​ថា តម្លៃ​ទីផ្សារ​សរុប​ក្នុង​រយៈពេល ៦ ​ខែ​ដំបូង​បាន​ធ្លាក់​ចុះមក​នៅ​ត្រឹម ២០១ ​ពាន់​លាន​បាត (​ប្រហែល ៦,៥២ ​ពាន់​លាន​ដុល្លារ​) ធៀប​នឹង ២៣២ ​ពាន់​លាន​បាត​នៅក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ គ្រប់​ប្រភេទ​លំនៅឋាន​ទាំងអស់​បាន​ធ្លាក់ចុះ​ដោយ​ខុនដូ​មើលឃើញ​ការធ្លាក់ចុះ​ខ្លាំង​ជាង​គេ​។

ទីផ្សារ​ខុនដូ​នៅ​ឆមាស​ទី​ ១ មាន​តម្លៃ​សរុប ១០៤ ពាន់​លាន​បាត (​ប្រហែល ៣,៣៧ ពាន់​លាន​ដុល្លារ​) ធ្លាក់ចុះ ១៧ ភាគរយ​ធៀប​នឹង ១២៥ ពាន់​លាន​បាត​នៅក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ លំនៅឋាន​ដាច់​តែឯង​បាន​ធ្លាក់ចុះ ១២ ​ភាគរយ​មក​នៅត្រឹម ៥១,៥ ពាន់​លាន​បាត (​ប្រហែល ១,៦៧ ពាន់​លាន​ដុល្លារ​) ពី ៥៨,៣ ពាន់​លាន​បាត ខណៈ​ផ្ទះ​ទីក្រុង (townhouse) បាន​ធ្លាក់ចុះ ៥ ភាគរយ​ក្នុង​ចំនួន ៤១,២ ​ពាន់​លាន​បាត (​ប្រហែល ១,៣៣ ​ពាន់​លាន​ដុល្លារ​)​។

នៅ​ត្រីមាស​ទី​ ២ ទីផ្សារ​នេះ​បាន​ធ្លាក់ចុះ ៨ ​ភាគរយ​មក​នៅត្រឹម ៩៩,៨ ពាន់​លាន​បាត (​ប្រហែល ៣,២៣ ពាន់​លាន​ដុល្លារ​)​។ ការធ្លាក់ចុះ​តម្លៃ​ទីផ្សារ​នៅ​ត្រីមាស​ទី​ ២ នេះ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​ត្រីមាស​ទី​ ១ ដែល​បាន​មើលឃើញ​ការធ្លាក់ចុះ​ ១៨,៧ ភាគរយ​មក​នៅត្រឹម ១០១ ពាន់​លាន​បាត​ធៀប​នឹង ១២៣,៦ ​ពាន់​លាន​បាត​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៨​។

បើ​គិត​ជា​យូនីត ទីផ្សារ​លំនៅឋាន​នៅ​ឆមាស​ទី​ ១ បាន​ធ្លាក់ចុះ ១១ ភាគរយ​មក​នៅត្រឹម ៥១ ៨៦៥ យូនីត​ធៀប​នឹង ៥៨ ០០៨ យូនីត​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ ត្រីមាស​ទី​ ២ ​បាន​មើលឃើញ​ការធ្លាក់ចុះ ១៤ ភាគរយ​មក​នៅត្រឹម ២៣ ៥០០ យូនីត​ធៀប​នឹង ២៧ ៣៩២ ​យូនីត​នៅក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ និង ១៧ ភាគរយ​ធៀប​នឹង ២៨ ៣៦៥ យូនីត​កាលពី​ត្រីមាស​ទី ១​។

លំនៅឋាន​ដាច់​តែឯង​ទោល (Single detached houses) បាន​មើលឃើញ​ការធ្លាក់ចុះ​ខ្លាំង​ក្នុង​ចំនួន​យូនីត​នៅ​ឆមាស​ទី ​១ ដោយ​ធ្លាក់ចុះ ១៥ ​ភាគរយ​មក​នៅ​ត្រឹម ៧៦៨២ យូនីត បន្ទាប់​ផ្ទះ​ទីក្រុង (townhouse) ដែល​បាន​ធ្លាក់ចុះ ១១ ភាគរយ​មក​នៅត្រឹម ១៤ ១៧៩ យូនីត និង​ខុនដូ​ធ្លាក់ចុះ ៩ ​ភាគរយ​មក​នៅត្រឹម ២៩ ៣៦៧ ​យូនីត​។

គិត​ត្រឹម​ចុង​ត្រីមាស​ទី​ ២ ​ឆ្នាំ​នេះ​ស្ដុក​លំនៅឋាន​នៅ​តំបន់ Greater Bangkok កើនឡើង ១៦ ភាគរយ​ធៀប​នឹង​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ខុនដូ​បាន​មើលឃើញ​ការកើនឡើង​ខ្លាំង​ជាង​គេ​ចំនួន ២៨ ភាគរយ បន្ទាប់មក​ផ្ទះ​ទីក្រុង ១១ ភាគរយ និង​លំនៅឋាន​ដាច់​តែឯង​ទោល ៤ ភាគរយ​។

អ្នកស្រី Supattra Paopiamsap អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន PSH បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍ ការធ្លាក់ចុះ​ទាំងនេះ​កើត​មាន​ឡើង​ដោយសារ​កត្តា​អវិជ្ជមាន​មួយ​ចំនួន​នៅ​ត្រីមាស​ទី​ ២ ដែល​រួមទាំង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​ការធ្លាក់ចុះ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ថៃ តម្លៃ​ប្រាក់​បាត​កើន​ថ្លៃ ភាពរាំងស្ងួត បំណុល​គ្រួសារ​ខ្ពស់ និង​ការរារាំង ការផ្ដល់​កម្ចី​ថ្មី​។

អ្នកស្រី​ថ្លែង​ថា​៖ «​រដ្ឋាភិបាល​ថ្មី​គួរតែ​ប្រើប្រាស់​វិធានការ​ដើម្បី​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ដែល​អាច​ជួយ​បង្កើន​សេដ្ឋកិច្ច​»​។ អ្នកស្រី​បន្ត​ថា​៖ «​បើ​គ្មាន​ការលើកទឹកចិត្ត​អចលនទ្រព្យ ក្រុមហ៊ុន​អភិវឌ្ឍន៍​តូចៗ ឬ​ក្រុមហ៊ុន​ដែល​មិនមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​រឹងមាំ​នឹង​បាត់​ខ្លួន​»​។

អ្នកស្រី Supattra មិនបាន​ស្នើសុំ​ឲ្យ​មាន​ការលុបចោល​កម្រិត​កំណត់ LTV នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​បាន​ស្នើសុំ​ឲ្យ​មាន​វិធានការ​ផ្សេង​ទៀត ដើម្បី​ជំរុញ​វិស័យ​លំនៅឋាន និង​ការបន្ធូរបន្ថយ​ច្បាប់​ផ្ដល់​កម្ចី ជាពិសេស​សម្រាប់​អ្នក​ខ្ចី​រួមគ្នា ដែល​ចង់​ទិញ​យូនីត​ផ្ទាល់​របស់​ពួកគេ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ពួកគេ​គួរតែ​ត្រូវបាន​អនុញ្ញាត​ឲ្យ​បំបែក​ខ្លួន​ចេញពី​អ្នក​ខ្ចី​ធំ (main borrower) នៅពេល​អ្នក​ខ្ចី​ធំ​បាន​បង់ប្រាក់​សម្រាប់​កម្ចី​ទិញ​ផ្ទះ​នៅក្នុង​អំឡុងពេល​ជាក់លាក់​មួយ​»​។ អ្នកស្រី​បាន​បន្តថា​៖ «​ការវាយតម្លៃ​បំណុល​សម្រាប់​អ្នក​ខ្ចី​រួមគ្នា គួរ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ដែល​ពួកគេ​នឹង​ផ្ទេរ​ការកាន់កាប់​យូនីត​»​។

អ្នកស្រី Supattra លើកឡើង​ថា ច្បាប់​កម្ចី​លំនៅឋាន​គួរតែ​ត្រូវ​បាន​បន្ធូរបន្ថយ ដោយសារ​តែ​ ១ ភាគ ៣ នៃ​បំណុល​គ្រួសារ​នៅក្នុង​ប្រទេស​ថៃ​គឺ​មកពី​កម្ចី​ទិញ​ផ្ទះ​ធៀប​នឹង​នៅ​បរទេស​ដែល​មាន ២ ​ភាគ​ ៣​។

ភាគច្រើន​ដោយសារ​ការ​ថមថយ​ទីផ្សារ​លំនៅឋាន​នៅ​ត្រីមាស​ទី​​ ២ ឆ្នាំ​នេះ​ក្រុមហ៊ុន Pruksa បានកែតម្រូវ​ទម្លាក់​ចំនួន​គម្រោង​ថ្មីៗ ដែល​បើក​ដំណើរការ​មក​នៅត្រឹម​ចំនួន ៤០ គម្រោង​មាន​តម្លៃ ៤៧,៤ ពាន់​លាន​បាត​ពី​ចំនួន ៥៥ ​គម្រោង​តម្លៃ ៦៨,១ ពាន់​លាន​ដែល​បានគ្រោង​ដាក់​ដំណើរការ​កន្លងមក​។

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន PSH ដែល​បាន​បិទ​ការជួញដូរ​កាលពី​ថ្ងៃ​អង្គារ​នៅលើ​ផ្សារហ៊ុន​ប្រទេស​ថៃ​ត្រូវ​បាន​ជួញដូរ​ក្នុងតម្លៃ ២០,៥០ បាត​ក្នុង​មួយ​ហ៊ុន​ធ្លាក់ចុះ ១,៤០ បាត​នៅ​ក្នុងកា​ជួញដូរ​ដែលមាន​តម្លៃ ១២៦ លាន​បាត​៕ LA