ភ្នំពេញៈ ខណៈ​ការរីក​រាលដាល​វីរុស​កូវីដ​ ១៩ នៅតែ​បន្ត និង​កំពុង​គំរាមកំហែង​សេដ្ឋកិច្ច​ជា​សកល និង​តំបន់ ព្រមទាំង​កម្ពុជា​គួបផ្សំ​នឹង​ការបិទ​បញ្ចប់​អាជីវកម្ម​ល្បែងភ្នាល់​អនឡាញ​នៅ​កម្ពុជា​ផង​នោះ វិស័យ​អចលនទ្រព្យ និង​សំណង់​នៅតាម​តំបន់​សក្តានុពល​ជាយដែន ជាពិសេស​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ហាក់​គ្មាន​សម្ទុះ ឬ​សកម្មភាព​នៃ​ការទិញ​លក់​ខ្លាំង​ដូច​កាលពី​ដើម​ឆ្នាំ​ ២០១៩ ឡើយ​នា​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​។ នេះ​បើ​តាម​អ្នកជំនាញ​អចលនទ្រព្យ​នៅ​កម្ពុជា​។

បាវិត គឺជា​ក្រុង​មួយ​នៃ​ខេត្តស្វាយរៀង​ដែល​មាន​ភូមិសាស្ត្រ​នៅជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​មាន​វិស័យ​រីកចម្រើន​មួយ​ចំនួន​ដូចជា កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

ក្រុង​បាវិត​ជា​ច្រកទ្វារ​អន្តរជាតិ​ដែលមាន​មនុស្ស និង​ទំនិញ​ឆ្លងកាត់​ច្រើន​ជា​រៀងរាល់ថ្ងៃ មុនពេល​ប្រទេស​វៀតណាម​សម្រេច​បិទ​មិន​ឲ្យ​មាន​មនុស្ស​ឆ្លងកាត់​ចាប់ពី​ថ្ងៃទី​ ១៨ ខែ​មីនា កន្លងមក​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូវីដ​១៩​។

លោក គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ KW Cambodia ដែលមាន​ភូមិ​កំណើត​ក្នុង​ក្រុង​បាវិត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា បច្ចុប្បន្ន​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​បាវិត ស្ទើរតែ​ជាប់គាំង​ទៅ​ហើយ ពិសេស​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ខ្ពស់ៗ​។ ការធ្លាក់ចុះ​នាពេល​នេះ​អាច​មកពី​កត្តា​ចម្បង ២ គឺ​ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការបិទ​មិន​ឲ្យ​មាន​បើក​ល្បែងភ្នាល់​អនឡាញ និង​ការបិទ​ព្រំដែន​ដោយសារ​ជំងឺ​កូវីដ​១៩​។ លោក​បន្តថា ទីផ្សារ​អចលនទ្រព្យ​គឺ​ជាប់ទាក់ទង​យ៉ាងខ្លាំង​ជាមួយ​នឹង​សកម្មភាព​មនុស្ស ហេតុនេះ​នៅពេល​គ្មាន​មនុស្ស​ឆ្លងកាត់ និង​ស្នាក់នៅ​ទីផ្សារ​ក៏​ប្រែប្រួល​ទៅតាម​នោះដែរ​។

លោក​ថ្លែងថា​៖ «​ស្ថានភាព​នៅពេល​នេះ​គឺ​មិនមាន​សកម្មភាព​ទិញ លក់​អចលនទ្រព្យ​ធំៗ​មាន​តម្លៃ​ថ្លៃ​នោះទេ​។ ទីផ្សារ​អចលនទ្រព្យ​នៅ​បាវិត​ពេលនេះ​មិនល្អ​ទេ​»​។

ទោះយ៉ាងណា​លោក​ប្រាប់ថា ការទិញ​លក់​លំនៅឋាន និង​ដីឡូត៍​តូចៗ​របស់​ប្រជាជន​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ទាប​គឺ​នៅ​មាន​សកម្មភាព​ខ្លះៗ​ដែរ​។

ជាមួយ​នឹង​ភាពសុទិដ្ឋិនិយម លោក គីម ហ៊ាង បញ្ជាក់​ថា​នៅពេល​កូវីដ​១៩ អាច​គ្រប់គ្រង​បាន​ទីផ្សារ​នេះ​នឹង​ងើប​ឡើងវិញ ប៉ុន្តែ​វា​នឹង​មិនមាន​សម្ទុះ​ខ្លាំង​ដូច​ពេល​មាន​កាស៊ីណូ​អនឡាញ​បើក​ដំណើរការ​ទេ​។

លោក នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA បាន​ប្រាប់ថា តាមពិត​ទៅ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​បាវិត​បាន​ចាប់ផ្តើម​ធ្លាក់ចុះ​បន្តិច​ម្តងៗ ចាប់តាំងពី​ពេល​ដែល​រដ្ឋាភិបាល​ចេញ​សារាចរ​ណែនាំ​ឲ្យ​បញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​អនឡាញ​កាលពី​អំឡុង​ខែសីហា ឆ្នាំ​ ២០១៩ មក​ម្ល៉េះ​។ លោក​បន្តថា ភាពស្ងប់ស្ងាត់​បាន​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​ក្រុង​បាវិត​នាពេល​នេះ ធ្លាក់​ចុះ​ប្រមាណ​ពី ២០-៣០ ​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។

លោក​បន្ថែមថា ទោះជា​យ៉ាងណា​ការធ្លាក់ចុះ​នៅពេល​នេះ វា​នឹងមាន​សម្ទុះ​ឡើងវិញ នៅពេល​ដែល​ជំងឺ​កូវីដ​១៩ ចុះថយ​ឥទ្ធិពល​វិញ​។ លោក​និយាយថា​៖ «​ដោយសារ​តែ​កម្ពុជា​ជា​ប្រទេស​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ការតភ្ជាប់​តំបន់​អាស៊ាន ហើយ​បាវិត​ជា​ចំណុច​ឆ្លងកាត់​ព្រំដែន​ដ៏សំខាន់​នោះ ខ្ញុំ​មាន​ជំនឿ​ថា វិស័យ​អចលនទ្រព្យ​នៅ​ទីនោះ​នឹង​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ក្នុងពេល​ឆាប់ៗ​»​។

លោក​ប្រាប់ទៀត​ថា ស្ថិរភាព​នយោបាយ ភាពល្អប្រសើរ​នៃ​គោលនយោបាយ​វិនិយោគ ភាពសម្បូរ​បែប​នៃ​កម្លាំង​ពលកម្ម​វ័យក្មេង និង​ជំនាញ​នឹង​ធ្វើឲ្យ​វិនិយោគិន​បរទេស​កាន់តែ​ច្រើន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ ហើយ​នៅពេល​នោះ​វិស័យ​អចលនទ្រព្យ​នឹង​មាន​ភាពរីកចម្រើន​ខ្លាំង​ទៅតាម​នោះដែរ​។

រដ្ឋាភិបាល​កាលពី​ដើម​ឆ្នាំ​ ២០២០ នេះ​បាន​សម្រេច​បិទ​ការប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​អនឡាញ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​ក្រោម​ហេតុផល​ដើម្បី​ពង្រឹង​សេដ្ឋកិច្ចជាតិ ដោយ​មិន​ពឹង​លើ​អាជីវកម្ម​ល្បែងភ្នាល់​អនឡាញ​ដែល​នឹង​អាច​នាំ​ប្រទេស​ឲ្យ​ក្លាយ​ជា​ជនរងគ្រោះ​ទាក់ទង​នឹង​សន្ដិសុខ​ជាតិ និង​ជា​កន្លែង​លាងលុយកខ្វក់​។

យោងតាម​លោក គីម ហ៊ាង នៅ​ពេល​ទីផ្សារ​មាន​ភាព​ល្អប្រសើរ ដី​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​ល្អ​បំផុត​ក្នុង​ក្រុង​បាវិត​មាន​តម្លៃ​ក្នុង​រង្វង់​ ៥០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ចំណែក​តំបន់​លំនៅឋាន​មាន​តម្លៃ​ក្នុង​រង្វង់ ១៥០ ​ដុល្លារ​៕ LA