ភ្នំពេញៈ ចាប់​កំណើត​ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​ ៣ ​នាក់​ក្នុង​រាជធានី​ភ្នំពេញ លោក ញ៉ែម សុវណ្ណឌី គឺជា​វិស្វករ​សំណង់​ ១ ​រូប​ដែល​មាន​ចំណង់​ចំណូលចិត្ត​ខ្លាំង​ចំពោះ​បច្ចេកវិទ្យា​ថ្មីៗ​។ នៅ​អំឡុង​ពេល​សិក្សា លោក ញ៉ែម សុវណ្ណឌី គឺជា​និស្សិត​ដែល​មាន​សមត្ថភាព​ខ្លាំង និង​មាន​ចំណង់​ចំណូលចិត្ត​រៀន​សូត្រ​ដោយ​ខ្លួនឯង​។

លោក ញ៉ែម សុវណ្ណឌី ដែល​ជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស្តេប ឌីហ្សាញ និង​សំណង់ (STEPP Design and Construction) មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​បាន​ចាប់ផ្តើម​រៀន និង​ស្វែងរក​ Software ថ្មីៗ និង​ជំនាញ​ផ្នែក​វិស្វកម្ម​ជាច្រើន ហើយ​ខ្ញុំ​ក៏​បាន​ចងក្រង និង​បោះពុម្ព​សៀវភៅ​ពន្យល់​ពី​កម្មវិធី​ទាំងអស់​នេះ​ជា​ភាសា​ខ្មែរ​បាន​ប្រហែល​ ៣០ ​ក្បាល​»​។

សៀវភៅ​ជា​ភាសា​ខ្មែរ​អំពី​ការងារ​ក្នុង​វិស័យ​សំណង់​ដែល​ប្រែ​សម្រួល​ដោយ លោក ញ៉ែម សុវណ្ណឌី ត្រូវ​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់​ពី​សំណាក់​និស្សិត​ដែល​សិក្សា​ជំនាញ​វិស្វករ​សំណង់​ស៊ីវិល​។

លោក សុវណ្ណឌី អះអាង​ថា៖ «​ការរៀនសូត្រ និង​ការស្រាវជ្រាវ​ដោយ​ខ្លួនឯង​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ដឹង​ពី​បច្ចេកវិទ្យា​ថ្មីៗ​នៅ​ក្នុង​ផ្នែក​ស្ថាបត្យកម្ម និង​សំណង់​។ ឧទាហរណ៍​កម្មវិធី Autodesk Revit ដែល​ជា​កម្មវិធី​ដ៏ឆ្លាត និង​អាច​មាន​សមត្ថភាព​ធ្វើ​ការងារ​ជាច្រើន​។ កម្មវិធី​នេះ​អាច​ជួយ​ស្ថាបត្យករ​ពន្យល់​ពី​គំនិត​របស់​គម្រោង​អគារ​ដែល​មិន​ធ្លាប់​មាន​កាលពី​ ២ ​ទសវត្សរ៍​មុន​ដោយ​ការពន្យល់​នោះ​អាច​មាន​តែ​នៅក្នុង ២D ប៉ុណ្ណោះ និង​អាច​មាន​កំហុស​ឆ្គង​ច្រើន​»​។

បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ន័រតុន​ក្នុង​ឆ្នាំ​ ២០១១ លោក​បាន​ទទួល​ការងារ​ពី​គម្រោង​ផ្សេងៗ​ក្នុង​នោះ​ក៏​មាន Gold 42 Tower ផង​ដែរ​។ ក្រោយពី​បាន​ធ្វើការ​នៅ​ទី​នោះ​បាន ១ ​ឆ្នាំ​លោក​ក៏​ទទួល​ការងារ​ថ្មី​មួយ​ពី​ក្រុមហ៊ុន​ជប៉ុន​ដែល​ផ្តល់​ឱកាស​ឱ្យ​លោក​បាន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​តែ​ម្តង​។

លោក​និយាយ​ថា​៖ «​នៅ​ពេល​ទៅ​ដល់​ប្រទេស​ជប៉ុន ខ្ញុំ​បានឮ​ជំនាញ​មួយ​ដែល​គេ​ហៅថា Smart City​។ ពេល​នោះ​ខ្ញុំ​ទទួល​បាន​ការបណ្តុះបណ្តាល​បច្ចេកវិទ្យា​ថ្មី BIM (Building Information Management ឬ Modeling) ដែល​ជា​បច្ចេកវិទ្យា​ចាំបាច់​សម្រាប់ Smart City​។

BIM គឺជា​ប្រព័ន្ធ​ទំនើប​មួយ​ដែល​អាច​ជួយ​អ្នក​ជំនាញ​ខាង​សំណង់​ធ្វើការ​យ៉ាង​ល្អ និង​សហការ​ជាមួយ​ក្រុម​ការងារ​បាន​យ៉ាង​ងាយស្រួល​។

លោក សុវណ្ណឌី បាន​លើក​ឡើង​ថា​៖ «​ពេល​ត្រឡប់​មក​កម្ពុជា​វិញ ខ្ញុំ​បាន​ដាក់​ការសាងសង់ Smart City ជា​គោលដៅ ហើយ​ក៏​បាន​បង្កើត​ក្រុមហ៊ុន STEPP Design and Construction តែ​ម្តង​»​។

គោលដៅ​របស់​ក្រុមហ៊ុន​គឺ​បង្កើន​ល្បឿន​ការសាងសង់ កាត់បន្ថយ​កំហុស និង​ការចំណាយ​ច្រើន​ដោយ​ប្រើ​បច្ចេកវិទ្យា BIM​។ ផលប្រយោជន៍​របស់ BIM គឺ​អាច​ឲ្យ​អ្នកដទៃ​មើលឃើញ និង​យល់​ពី​សំណង់​ដែល​មិន​ទាន់​សាងសង់​ហើយ ជាពិសេស​អ្នក​អភិវឌ្ឍន៍​អាច​មើល​ឃើញ​ព័ត៌មាន​លម្អិត​ពី​គម្រោង​អគារ​មុន​ការ​សាងសង់​ចាប់ផ្តើម និង​អាច​កែសម្រួល​បាន​នៅ​អំឡុង​ពេល​សាងសង់​។

ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ខាង​លើ​បាន​លើក​ឡើង​ថា៖ «​យើង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ប្រើប្រាស់ BIM ក្នុង​រចនាសម្ព័ន្ធ​វិស្វកម្ម​»​។

បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ក៏​បាន​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ផ្នែក​ឌីហ្សាញ Design Training Center ដែល​អាច​ផ្តល់​ឲ្យ​អ្នក​សិក្សា​ពី​ប្រព័ន្ធ BIM ផង​ដែរ​។ មជ្ឈមណ្ឌល​នេះ​មាន​បង្រៀន​កម្មវិធី​ដូចជា AutoDesk Revit, BIM និង Unreal Engines និង​មាន​ដាក់​បង្ហាញ​ឧបករណ៍​ដូចជា Oculus Rift និង​កម្មវិធី Virtual Reality និង​ Unity Programming​។

លោក សុវណ្ណឌី មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​គិត​ថា​ប្រទេស​កម្ពុជា​ពិតជា​ត្រូវការ​ពេលវេលា ដើម្បី​អភិវឌ្ឍ​វិស័យ​ធនធាន​មនុស្ស​ដែល​ជំនាញ BIM»​។

រាជរដ្ឋាភិបាល​អាច​ជួយ​លើក​ទឹក​ចិត្ត​ផ្នែក​បច្ចេកវិទ្យា​សម្រាប់​និស្សិត​ស្ថាបត្យកម្ម វិស្វកម្ម និង​សំណង់ ដើម្បី​បាន​យល់​ដឹង​ពី​កម្មវិធី BIM ដែល​អាច​ឈាន​ទៅ​បង្កើត​ «​អារ្យធម៌​ស្ថាបត្យកម្ម​ថ្មី​មួយ​ដើម្បី​ផ្លាស់ប្តូរ​មុខមាត់​របស់​ប្រទេស​កម្ពុជា​»៕