សម្ព័ន្ធក្រុមហ៊ុនអាយ អេស អាយគ្រុប កាលពីពេលថ្មីៗនេះនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel បានរៀបចំ «វេទិកាឧស្សាហកម្មដែក៖ ដាក់ប្រទេសកម្ពុជា នៅលើផែនទីឧស្សាហកម្មដែកពិភពលោក»។
កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យនូវវិស័យសំណង់ទូទៅ និងវិស័យសំណង់ពាក់ព័ន្ធនឹងគ្រោងបង្គំដែកនៅប្រទេសកម្ពុជា និងការពិចារណាទៅលើការអភិវឌ្ឍនាពេលអនាគតក្នុងឧស្សាហកម្មដែក។
ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ហើយវិស័យសំណង់ក៏កំពុងកើនឡើងយ៉ាងឆាប់រហ័សផងដែរ។វេទិកានេះនឹងត្រួតពិនិត្យ ព្រមទាំងសិក្សាអំពីការអភិវឌ្ឍនាពេលបច្ចុប្បន្ននៃឧស្សាហកម្មដែក និងលទ្ធភាពក្នុងការផលិតដែកក្នុងប្រទេសកម្ពុជា។វេទិកានេះក៏មានការពិភាក្សាយ៉ាងស៊ីជម្រៅអំពីខ្សែចង្វាក់នៃការផ្គត់ផ្គង់និងតម្លៃក្នុងតំបន់ក៏ដូចជាការប្រើប្រាស់ដែកក្នុងការជួយគាំទ្រដល់វិស័យសំណង់ និងរោងចក្រនៅកម្ពុជា ផងដែរ។
លោក កាំង ឡេង អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប បានបញ្ជាក់ថា វាគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការរៀបចំវេទិកានេះ ព្រោះមានកត្តាសំខាន់ៗមួយចំនួនដូចជា ទី ១ កត្តាស្ថិរភាពនយោបាយដែលនាំឲ្យសេដ្ឋកិច្ចមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះទី ២ ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឧស្សាហូបនីយកម្មដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុង «គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥» ដែលមានទិសដៅក្នុ្ងងការនាំប្រទេសកម្ពុជា ឆ្ពោះទៅកាន់រចនាសម្ព័ន្ធឧស្សាហកម្ម ដើម្បីក្លាយជាឧស្សាហកម្មតម្លៃបន្ថែមខ្ពស់»។
វេទិកានេះ មានចូលរួមដោយថ្នាក់ដឹកនាំប្រហែល ៣០០ នាក់មកពីស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជននិងស្ថាប័ន ស្រាវជ្រាវ ហើយក៏មានអ្នកវិនិយោគទាំងក្នុងស្រុក និងបរទេសផងដែរ។
ក្នុងវេទិកានេះ មានកិច្ចពិភាក្សាសំខាន់ៗចំនួន ៣ ទី ១ ការអភិវឌ្ឍនៃឧស្សាហកម្មដែកក្នុងប្រទេសកម្ពុជា (អនាគត និង បញ្ហាប្រឈម) ទី ២ ការអភិវឌ្ឍឧស្សាហកម្មដែកក្នុងតំបន់អាស៊ាន (ឱកាស និងបញ្ហាប្រឈម) និងទី ៣ ទិសដៅរីកចម្រើនសម្រាប់ឧស្សាហកម្មដែកក្នុងប្រទេសកម្ពុជា។
វេទិកានេះ ត្រូវបានសហការរៀបចំដោយបុត្រសម្ព័ន្ធអាយអេស អាយគ្រុបចំនួន ៤ រួមមានក្រុមហ៊ុន អាយអេស អាយ ស្ទៀល ក្រុមហ៊ុន Fuxin Steel Buildings ក្រុមហ៊ុន Chungkang Steels Structure Cambodia (CSSC) និងក្រុមហ៊ុន Mekong Materials Enterprise (MME)៕