ភ្នំពេញៈ ប្រធានបទ​សំខាន់ៗ​ចំនួន ៣ ដែល​ទាក់ទង​នឹង​ដំណើរ​វិវឌ្ឍន៍​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​ត្រូវ​លើក​យក​បង្ហាញ​នៅក្នុង​ពិព័រណ៍ និង​សន្និសីទ ARENA Convention & Expo 2019 (ACE 19) ក្នុងប្រទេស​ មីយ៉ាន់ម៉ា ដែល​រៀបចំ​ឡើង​ដោយ​បណ្តាញ​ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​ក្នុង​តំបន់​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA)​។

ARENA គឺជា​បណ្តាញ​នៃ​ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ាន ដែល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន ៨ ប្រទេស​រួមមាន កម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និង​ប្រទេស​វៀតណាម ដែលមាន​សមាជិក​សរុប​ជាង ២០ ០០០ ​នាក់​។

ព្រឹត្តិការណ៍ ARENA Convention & Expo 2019 នេះ​នឹង​ចាប់ពី​ថ្ងៃទី​ ២២ ដល់ ២៤ ខែ​សីហា ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​ មីយ៉ាន់ម៉ា​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) ដែល​ជា​ប្រធាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ជាង ៣០ រូប​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ARENA Convention & Expo 2019 បាន​និយាយ​កាលពី​ម្សិលមិញ​ថា ARENA គឺជា​វេទិកា​ដ៏មាន​សារៈសំខាន់​ក្នុង​ការផ្សព្វផ្សាយ​ពី​វិស័យ​អចលនទ្រព្យ​កម្ពុជា​ទៅ​អ្នកចូលរួម​។

លោក​ថ្លែង​ថា​តាមរយៈ​នេះ​កម្ពុជា​មិន​ត្រឹមតែ​អាច​ទទួល​បាន​បទពិសោធ​ពី​អ្នកជំនាញ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​ឲ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។ លោក​បន្ថែម​ថា​ដោយសារ​កម្មវិធី​នេះ​នឹងមាន​អ្នកចូលរួម​ច្រើន ដូច្នេះ​លោក​នឹង​លើកយក​ប្រធានបទ​សំខាន់ៗ​ចំនួន ៣ ទៅ​ផ្សព្វផ្សាយ​ឲ្យ​ពួកគេ​ដឹង​ពី​ភាព​ល្អប្រសើរ និង​ឱកាស​ក្នុង​ការចូល​មក​វិនិយោគ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​នឹង​នាំយក​ចំណុច​សំខាន់​ចំនួន ៣ ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទៅ​ចែករំលែក​នៅក្នុង​ពិធី ARE-NA នៅ​ប្រទេស​មីយ៉ាន់ម៉ា​»​។

ប្រធានបទ​ដែល​នឹងត្រូវ​លើកឡើង​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ និង​សន្និសីទ​ក្នុងប្រទេស​ មីយ៉ាន់ម៉ា​ នេះ​រួមមាន ការអភិវឌ្ឍ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​សម័យ​បច្ចេកវិទ្យា​ការចូលរួម​របស់​បច្ចេកវិទ្យា​ក្នុងការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ និង​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោក​បន្តថា​តាមរយៈ​ព្រឹត្តិការណ៍​មួយ​នេះ​អ្នកចូលរួម​ទាំងអស់​នឹង​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ស្ដីពី​វិស័យ​អចលនទ្រព្យ​ទាំង​ក្នុង និង​ក្រៅ​តំបន់ ជាពិសេស​បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ដើម្បី​ស្វែងយល់​ពី​ឱកាស​នៃ​ការ​ចាប់ដៃ​សហការ​ជា​ដៃគូ​ជាមួយគ្នា​នៅក្នុង​វិស័យ​មួយ​នេះ​។

កាលពី​ឆ្នាំ​ ២០១៨ កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​ដើម្បី​រៀបចំ​ពិព័រណ៍ និង​សន្និសីទ​នេះ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ២៤ ដល់ ២៥ ខែ ​សីហា ឆ្នាំ​មុន​ដោយមាន​ការចូលរួម​របស់​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ាន មកពី​ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី អឺរ៉ុប និង​អាមេរិក​៕