ក្រុងបាងកកៈ គណៈរដ្ឋមន្ដ្រីថៃកាលពីសប្តាហ៍មុនបានអនុម័តព្រះរាជក្រឹត្យ ១ និងបទប្បញ្ញត្តិថ្នាក់ក្រសួងចំនួន ២ ដើម្បីអនុញ្ញាតឲ្យម្ចាស់អចលនទ្រព្យជាច្រើនប្រភេទទទួលបានការកាត់បន្ថយពន្ធពី ៥០ ទៅ ៩០ ភាគរយ ស្ថិតក្រោមច្បាប់ពន្ធលើដីធ្លី និងអគារគ្រោងនឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០។ នេះបើយោងតាមកាសែតបាងកក-ប៉ុស្តិ៍។
លោកស្រី Narumon Pinyosinwat អ្នកនាំពាក្យរបស់រដ្ឋាភិបាលត្រូវបានកាសែតបាងកកប៉ុស្តិ៍ដកស្រង់សម្ដី ខណៈថ្លែងថា ការកាត់បន្ថយពន្ធ ៥០ ភាគរយ នឹងត្រូវផ្ដល់ចំពោះដី និងអគារជាមរតក និងដីដែលមានរោងចក្រអគិ្គសនីនៅក្នុងនោះ។ ការកាត់បន្ថយនេះក៏អនុវត្តផងដែរចំពោះដី និងអគារដែលជាប់ទាក់ទងនឹងការផលិតអគ្គិសនី។
ម្ចាស់ដី និងអគារជាកេរមរតកត្រូវតែដាក់ឈ្មោះផ្ទាល់ខ្លួននៅលើឯកសារចុះបញ្ជីលំនៅឋាន និងបានចុះបញ្ជីសិទ្ធិកាន់កាប់អចលនទ្រព្យ និងការជួញដូរស្របច្បាប់មុនថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៩។
ការកាត់បន្ថយពន្ធ ៩០ ភាគរយ នឹងត្រូវបានផ្ដល់ចំពោះដី ឬអគារដែលរង់ចាំលក់ជាកម្មសិទ្ធិរបស់គ្រឹះស្ថានហិរញ្ញវត្ថុឯកទេស ធនាគារប្រជាជន ឬធនាគារសហគមន៍ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ព្រមទាំងដី ឬអគារកំពុងសាងសង់សម្រាប់លំនៅឋាន រោងចក្រឧស្សាហកម្ម ខុនដូ អចលនទ្រព្យឧស្សាហកម្ម គ្រឹះស្ថានអប់រំឯកជន និងការប្រើប្រាស់ជាលក្ខណៈសាកលវិទ្យាល័យ។
ការកាត់បន្ថយដ៏ច្រើននេះក៏ត្រូវបានផ្ដល់ផងដែរចំពោះដី ឬអគារបានប្រើប្រាស់សម្រាប់សេវាសាធារណៈដូចជា កន្លែងកីឡា សួនសត្វ និងសួនកម្សាន្ត។
លោកស្រី Narumon បានឲ្យដឹងថា ការកាត់បន្ថយពន្ធ ៩០ ភាគរយ សម្រាប់ដី ឬអគារដែលរង់ចាំលក់ជាកម្មសិទ្ធិរបស់គ្រឹះស្ថានហិរញ្ញវត្ថុឯកទេស ធនាគារប្រជាជន ឬធនាគារសហគមន៍ ឬក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មនឹងត្រូវបានផ្ដល់ក្នុងរយៈពេលសរុប ៥ ឆ្នាំ ដែលចាប់ផ្ដើមពីកាលបរិច្ឆេទដែលទ្រព្យសកម្មបែបនោះត្រូវបានចុះបញ្ជី និងមិនលើសពី ៣ ឆ្នាំ សម្រាប់គោលបំណងលំនៅឋាន និងឧស្សាហកម្ម ដែលចាប់ផ្ដើមពីកាលពីបរិច្ឆេទដែលគម្រោងនេះទទួលការទូទាត់ការបែងចែកដី។
ការកាត់បន្ថយមិនលើសពី ៣ ឆ្នាំ នឹងត្រូវបានផ្ដល់ដល់ខុនដូដែលចាប់ផ្ដើមពីកាលបរិច្ឆេទដែលគម្រោងទទួលការអនុញ្ញាតសាងសង់ ខណៈរយៈពេលដូចគ្នានេះត្រូវបានផ្ដល់ដល់អចលនទ្រព្យឧស្សាហកម្មដែលចាប់ផ្ដើមពីកាលបរិច្ឆេទដែលគម្រោងទទួលការអនុញ្ញាតឲ្យបង្កើតឡើង។
លោកស្រី Narumon បានឲ្យដឹងថា ការកាត់បន្ថយពន្ធលើដីធ្លីនេះចាំបាច់ត្រូវបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុរបស់សាធារណជន។ លោកស្រីបន្តថា អង្គភាពរដ្ឋបាលមូលដ្ឋានដែលប្រមូលពន្ធនឹងត្រូវរងការខាតបង់ប្រាក់ចំណូលពន្ធប្រហែល ២,៧ ពាន់លានបាត (៨៩ លានដុល្លារ)។
រដ្ឋាភិបាលថៃបានប៉ាន់ប្រមាណថា នឹងប្រមូលបានចំនួន ៣៩,៤ ពាន់លានបាត (១,៣ ពាន់លានដុល្លារ) ពីការប្រមូលពន្ធដី និងអគារក្នុងឆ្នាំ ២០២០៕ LA