ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​ ​ទោះបី​ជំងឺ​កូវីដ ​១៩ បាន​ធ្វើ​ឲ្យ​ការ​លក់​ផ្ទះ​មិន​សូវ​មាន​សកម្មភាព​ខ្លាំង​ក្លា​ដូច​មុន ប៉ុន្តែ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​​ពេល​នេះ​នៅ​តែ​មាន​ដំណើរ​​ការ​ល្អ​ជា​ធម្មតា។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​​ផ្លូវ​ការ​របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ​ លោក ហ៊ុន សែន​ បាន​សរសេរ​​​​​ថា បច្ចុប្បន្ន​ជំងឺ​កូវីដ ​១៩ កំពុង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ប៉ុន្តែ​លោក​សង្កេត​ឃើញ​​ថា​ សកម្មភាព​នៃ​ទីផ្សារ​អចលនទ្រព្យ​មិន​បាន​ជាប់​គាំង​នោះ​ទេ ដោយ​ប្រជាពលរដ្ឋ​អាជីវករ​ក្នុង​ប្រទេស​នៅ​តែ​បន្ត​​ខិតខំ​ប្រឹងប្រែង​ក្នុង​មុខ​របរ​របស់​ខ្លួន​ជា​ធម្មតា។ លោក​បន្ត​ថា នៅ​ក្នុង​អំឡុង​ពេល​នេះ​ការ​លក់ ទិញ​លក់​ផ្ទះ​សម្រាប់​ស្នាក់​នៅ​អាច​មិន​សូវ​ខ្លាំង​ដូច​ពេល​មុន ប៉ុន្តែ​សម្រាប់​លំនៅឋាន​ប្រកប​អាជីវកម្ម (Shophouse) បែប​ជា​មាន​សម្ទុះ​កើន​ឡើង​ជា​បន្ត​បន្ទាប់។

លោក​លើក​ឡើង​ថា​៖ ​«​អាជីវកម្ម​លក់​ផ្ទះ​ទិញ​ផ្ទះ​នៅ​តែ​បន្ត​ដដែល គ្រាន់​តែ​មិន​ដាច់​ខ្លាំង​ដូច​កាល​ពី​មុន ​ហើយ​បច្ចុប្បន្ន​លំនៅឋាន​បែប Shophouse កំពុង​ពេញ​និយម​ផង​ដែរ»​។

លោក នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ​ទោះបី​ការ​ផ្ទុះ​ឡើង​ខ្លាំង​នៃ​ជំងឺ​កូវីដ ​១៩ បាន​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​សម្រេច​បិទ​ព្រំដែន និង​មាន​ការ​ហាមឃាត់​​ការ​ធ្វើ​ដំណើរ​ ក៏​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មិន​បាន​ជាប់​គាំង​​ទេ ដោយ​វា​គ្រាន់​តែ​​ធ្លាក់​ចុះ​ល្បឿន​បន្តិច​បន្តួច​​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្វីៗ​ចាប់​ផ្តើម​មាន​ភាព​ល្អ​ប្រសើរ​វិញ​ហើយ​នៅ​ពេល​នេះ​។

លោក​បន្ត​ថា ភាព​ល្អ​​ប្រសើរ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា គឺ​មក​ពី​ហេតុផល​មួយ​ចំនួន​ដូច​ជា កត្តា​ស្ថិរភាព​នយោបាយ​លំនឹង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ ពិសេស​ជា​មួយ​ប្រទេស​ចិន​។​

លោក​បញ្ជាក់​ថា៖ ​«​ទោះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ពេល​នេះ​មាន​ភាព​រស់រវើក​ខ្លាំង​ហើយ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា វិស័យ​នេះ​នឹង​មាន​កំណើន​ឡើង​ទ្វេ​ដង​​បន្ថែម​ទៀត​នៅ​ពេល​ជំងឺ​កូវីដ ​១៩ បញ្ចប់​ទៅ​វិញ​ទាំង​ស្រុង​»។​

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ស្ថាបនា និង​កែ​លម្អ​ផ្លូវ​ថ្នល់ និង​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មីៗ​នា​ពេល​នេះ​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​​ដ៏​សំខាន់​ក្នុង​ការ​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច និង​អចលន​ទ្រព្យ​នៅ​កម្ពុជា​។

លោក​​បន្ថែម​ថា បច្ចុប្បន្ន​មាន​វិនិយោគិន​បរទេស​កាន់​តែ​ច្រើន​កំពុង​សម្លឹង​ឆ្ពោះ​មក​​កម្ពុជា។ លោក​បញ្ជាក់​ថា៖ ​«​នៅ​ពេល​មាន​ការ​វិនិយោគ​កាន់​តែ​ច្រើន ទីផ្សារ​អចលន​ទ្រព្យ​ក៏​មាន​សម្ទុះ​កើន​ឡើង​ទៅ​តាម​នោះ​ដែរ»។

លោក​ ច្រឹក សុខនីម ប្រធានសមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ប្រាប់​ថា ទោះ​ជា​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩ បាន​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​មាន​សភាព​ស្ងប់ស្ងាត់​មួយ​កម្រិត ប៉ុន្តែ​នៅ​ពេល​នេះ​វា​បាន​ចាប់​ផ្តើម​ល្អ​ឡើង​វិញ​ហើយ។ លោក​បន្ត​ថា ស្ថានភាព​វិវត្តន៍​នា​ពេល​នេះ​បាន​និង​កំពុង​​ជំរុញ​​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កាន់​តែ​ច្រើន​ឲ្យ​ នាំ​​គ្នា​ស្វែង​រក​ទិញ​អចលនទ្រព្យ​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​។

លោក​និយាយ​ថា៖ ​«​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​ចាប់​ផ្តើម​បង្កើន​សក្តានុពល​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​​»។​

ទោះ​បីជា​យ៉ាង​ណា លោក​អះអាង​ថា សម្រាប់​​ទីផ្សារ​អចលន​ទ្រព្យ​ជួល​ អាច​នៅ​មាន​ភាព​ជាប់​ទ្រឹង​ខ្លះ​​នៅ​ពេល​នេះ​។​

ក្នុង​ឱកាស​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់​​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ដែល​ស្ថិត​ក្នុង​ខេត្ត​កណ្តាល កាល​ពី​ខែ​មុន លោក ហ៊ុន សែន បាន​និយាយ​ថា ថ្វី​បើ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​ភាព​អវិជ្ជមាន​ក្នុង​ឆ្នាំ ​២០២០ ​នេះ​ ប៉ុន្តែ​ការដ្ឋាន​សាងសង់​ភាគ​ច្រើន​នៅ​កម្ពុជា​មិន​បាន​បញ្ឈប់​នោះ​ទេ​ គ្រាន់​តែ​ការ​ទិញ​លក់​មិន​មាន​ច្រើន​ដូច​មុន​។

ទិន្នន័យ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​ ៤ ​ខែ​ដើម​ឆ្នាំ​ ២០២០ ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម និង​សំណង់ បាន​ផ្តល់​ការ​អនុញ្ញាត​លើ​សំណើ​សុំ​សាងសង់​សរុប​ទូទាំង​ប្រទេស​ចំនួន ១ ៦៤៧ គម្រោង​កើន​ ២២៣ គម្រោង ខណៈ​តម្លៃ​វិនិយោគ​មាន​ប្រមាណ ៣ ០៤៩ ​​​លាន​ដុល្លារ ​កើន​ ២០,៥ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​​ឆ្នាំ ២០១៩៕​LA