ភ្នំពេញៈ លំ​នៅ​ឋាន​តម្លៃ​សម​រម្យ​ក្នុង​​ដំ​ណាក់​កាល​ទី​ ១ របស់​ក្រុម​ហ៊ុន Worldbridge Homes Co., Ltd នឹង​សាង​សង់​រួច​រាល់​នៅ​ចុង​ត្រី​មាស​ទី​ ១ ឆ្នាំ​ក្រោយ ខណៈ​ការ​សាង​សង់​គម្រោង​ទាំង​មូល​នឹង​ត្រូវ​បញ្ចប់​​នៅ​ដើម​​ឆ្នាំ​ ២០២០។

គម្រោង​អ​ភិ​វឌ្ឍន៍​លំ​នៅ​ឋាន​តម្លៃ​សម​រម្យ​ដំ​បូង​នៅ​កម្ពុជា​នេះ​បាន​បើក​ការ​ដ្ឋាន​សាង​សង់​កាល​ពី​ខែ​មករា​ឆ្នាំ ​២០១៧ លើ​ផ្ទៃ​ដី​ទំ​ហំ​ ៤៥ ​ហិក​តា​ដោយ​មាន​តម្លៃ​វិ​និ​យោគ​ប្រ​មាណ​ ១០០ លាន​ដុល្លារ។

គម្រោង​ដែល​ស្ថិត​ក្នុង​ស្រុក​ស្អាង​ខេត្ត​កណ្តាល​នេះ​មាន​ចម្ងាយ​ប្រ​ហែល ១៨ គី​ឡូ​ម៉ែ​ត្រ​ពី​រាជ​ធា​នី​ភ្នំ​ពេញ ដែល​​នឹង​រួម​​មាន​ផ្ទះ​ស្នាក់​នៅ​ដែល​មាន​កម្ពស់​ ២ ជាន់​ ចំ​នួន ​២,៤៥៧ ​ល្វែង និង​​​ផ្ទះ​អាជី​វ​កម្ម (Shophouse) ប្រ​មាណ​ ៩០ ​ល្វែង​។

លោក យក់ សុ​ធី​រិទ្ធ ប្រ​ធាន​គ្រប់​គ្រង​ទូ​ទៅ​ក្រុម​ហ៊ុន​ Worldbridge Homes បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​​ថា ការ​សាង​សង់​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​​​ក្នុង​គម្រោង​ទាំង​មូល​ស្ទើរ​ តែ​បញ្ចប់​ទាំង​ស្រុង​ហើយ ដោយ​នៅ​ពេល​នេះ​ក្រុម​ហ៊ុន​ចាប់​ផ្តើម​សម្រុក​សាង​​សង់​ផ្ទះ​ស្នាក់​នៅ​ក្នុង​ដំ​ណាក់​កាល​​ទី​ ១ ហើយ​​គ្រោង​នឹង​បញ្ចប់​​​ ក្នុង​អំ​ឡុង​ខែ​ មី​នា ឆ្នាំ​ ២០១៩។

លោក​ថ្លែង​ថា៖​ «​សម្រាប់​លំ​នៅ​ឋា​ន​តម្លៃ​សម​រម្យ​ដំ​ណាក់​កាល​ទី ១ ដែល​មាន​ចំ​នួន​ជាង ​​៤០០ ​ល្វែង ការ​សាង​​សង់​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​កញ្ញា​កន្លង​​មក ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​មុន​បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ»​។

ផ្ទះ​តម្លៃ​សម​រម្យ​ក្នុង​គម្រោង​នេះ​មាន​ទំ​ហំ​ ៤x៧​ ម៉ែត្រ​ដោយ​មាន​តម្លៃ​ចាប់​ពី​ ២៥,០០០​ ដុល្លារ​ទៅ​​ដល់​ជិត​ ៣០,០០០ ​​ដុល្លារ​។ ចំ​ណែក​ផ្ទះ​ប្រ​ភេទ​អា​ជី​វ​កម្ម​មិន​ទាន់​ត្រូវ​បាន​ដាក់​តម្លៃ​​នៅ​ឡើយ​​ទេ។

លោក​ សុ​ធី​រិទ្ធ បាន​មាន​ប្រ​សាសន៍​ថា៖ ​​«​ដោយ​សារ​ស្ថិត​ក្នុង​ទី​តាំង​មាន​សក្តា​នុ​ពល ​និង​មាន​តម្លៃ​សមរម្យ លំ​នៅ​ឋាន​ក្នុង​គម្រោង​នេះ​បាន​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​​អ​តិ​ថិ​ជន»​។

បើ​តាម​លោក​ សុ​ធី​រិទ្ធ ការ​លក់​លំ​នៅ​ឋាន​តម្លៃ​សម​រម្យ​ខាង​លើ​រហូត​មក​ដល់​​ពេល​នេះ​សម្រេច​បាន​ប្រ​ហែល​ ៥០ ​ភា​គ​​រយ​ហើយ ក្នុង​នោះ​អ​តិ​ថិ​ជន​ជា​មន្ត្រី​រាជ​ការ​មាន​ប្រ​មាណ​ ៥០ ​ភាគ​រយ​​។

ក្រុម​ហ៊ុន Worldbridge Homes គឺ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន World​b​​ridge Group ដែល​កំ​ពុង​អភិ​វឌ្ឍ​គម្រោង​ធំ​ៗ​​​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ដូច​ជា The Bridge និង The Peak។

លោក ឌឹត ចណ្ណា នា​យក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ ឡាក់​គី រៀល​ធី​ បាន​ឲ្យ​ដឹង​​ថា ការ​វិ​និ​យោគ​លើ​​គម្រោង​លំ​នៅ​ឋាន​តម្លៃ​សម​រម្យ គឺ​ជា​ការ​វិ​និ​យោគ​ដែល​ងាយ​ទទួល​បាន​ជោគ​ជ័យ ព្រោះ​​ចំ​នួន​គ្រួ​សារ​ថ្មី​ៗ​បាន​កើន​ឡើង​យ៉ាង​ច្រើន​នៅ​កម្ពុជា។

លោក​បន្ថែម​ កំ​ណើន​ប្រាក់​ចំ​ណូល និង​ការ​ចង់​មាន​​​លំ​នៅ​ឋាន​ផ្ទាល់​ខ្លួន​បាន​ធ្វើ​ឲ្យ​មាន​តម្រូវ​ការ​លំ​នៅ​ឋាន​ជា​ច្រើន ពិ​សេស​​លំ​នៅ​ឋាន​ដែល​មាន​តម្លៃ​សម​រម្យ​។

លោក​ថ្លែង​ថា៖​ «បច្ចុ​ប្បន្ន​នេះ​ ការ​វិ​និ​យោគ​លើ​លំ​នៅ​ឋាន​​​តម្លៃ​ក្រោម ៦ ​ម៉ឺន​​កំ​ពុ​ង​មាន​ទី​ផ្សារ​ល្អ​ណាស់។ ភាព​ជោគ​ជ័យ​សម្រាប់​គម្រោង​នី​មួយ​ៗ​​អា​ស្រ័​យ​លើ​កត្តា​សំ​ខាន់​ចំ​នួន ​២ គឺ​តម្លៃ និង​ទី​តាំង​»។

លោក​បន្ត​ថា សម្រាប់​ការ​វិ​និ​យោគ​របស់​ក្រុម​ហ៊ុន Worldbridge Homes នៅ​ជិត​ក្រុង​តា​ខ្មៅ​នោះ បើ​តាម​លោក​ដឹង គឺ​មាន​អ​តិ​ថិ​ជន​ជា​ច្រើន​បាន​ចាប់​អារ​ម្មណ៍ ខណៈ​សកម្ម​ភាព​នៃ​ការ​សាង​សង់​មាន​ដំ​ណើរ​ទៅ​មុខ​ជា​ប្រ​ចាំ​។​ ​​

បើ​ទោះ​ជា​មាន​ការ​គាំ​ទ្រ និង​ការ​លើក​ទឹក​ចិត្ត​ពី​រាជ​រដ្ឋា​ភិ​បា​ល​ឲ្យ​មាន​ការ​វិ​និ​យោគ​ទៅ​លើ​លំ​នៅ​ឋាន​តម្លៃ​សម​រម្យ​យ៉ាង​ណា​ក៏​ដោយ​ ក៏​រហូត​មក​ទល់​ពេល​នេះ​គេ​ទើប​តែ​ឃើញ​មាន​ក្រុម​ហ៊ុន​ចំ​នួន​ ៣ ប៉ុ​ណ្ណោះ​ដែល​ប្រ​កាស​សាង​សង់​គម្រោង​បែប​នេះ ដោយ​គម្រោង​ទី​ ១ អភិ​វឌ្ឍ​ដោយ​ក្រុម​ហ៊ុន ​Worldbridge Homes គម្រោង​ទី​ ២ ដោយ​ក្រុម​ហ៊ុន ប៊ុន​ជេស គ្រុប ក្នុង​តម្លៃ​ ៨៨ លាន​ដុល្លារ​ស្ថិត​ក្នុង​ស្រុក​ពញា​ឮ ខេត្ត​កណ្តាល និងគម្រោង​ទី ​៣ ដោយ​ក្រុម​ហ៊ុន​អ​ច​​ល​ន​ទ្រព្យ​ធំ​បំ​ផុត​របស់​ជប៉ុន​ Arakawa ក្នុង​តម្លៃ​ ៧០ ​លាន​ដុល្លារ​ស្ថិត​នៅ​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ៕ LA