ហៃណានៈ វិធានការ​បទ​ប្បញ្ញត្តិ​ តឹងរ៊ឹង​​បាន​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​​​ចំពោះ​​ការ​អភិវឌ្ឍ​អចលន​ទ្រព្យ​​ក្នុង​ខេត្ត​ហៃណាន ប្រទេស ​ចិន ​ខណៈ​ការ​វិនិយោគ​សរុប​​ក្នុង​រយៈ​ពេល​ ៣ ត្រី​មាស​ដំបូង​កាល​ពី​ឆ្នាំ​មុន ​​បាន​ធ្លាក់​ចុះ​​ ១០ ​ភាគរយ​​​ធៀប​នឹង​ឆ្នាំ ​២០​១៧។ នេះ​បើ​យោង​​តាម​តួលេខ​​ពី​ការិយាល័យ​​ស្ថិតិ​ខេត្ត​ដី​កោះ​មួយ​​នេះ។

ខេត្ត​ហៃណាន ​នឹង​បន្ត​គ្រប់គ្រង​តឹងរ៊ឹង​​ទៅ​លើ​វិស័យ​អចលន​ទ្រព្យ​​ ​​ហើយ​បង្កើត​យន្ត​ការ​រយៈ​ពេល​វែង​មួយ​​​​ ដោយ​​ប្រើប្រាស់​មធ្យោបាយ​​សេដ្ឋកិច្ច​ ច្បាប់ ​និង​រដ្ឋបាល​ ដើម្បី​ធានា​​ដល់​ការ​សាងសង់​លំនៅឋាន​​សាធារណៈ​ និង​​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​តម្រូវ​ការ​លំនៅឋាន។ នេះ​បើ​យោង​​តាម​មន្រ្តី​ជាន់​​ខ្ពស់​​ដែល​បាន​ថ្លែង​នៅ​​វេទិកា​សេដ្ឋកិច្ច​ថ្នាក់​ខេត្ត​​​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ ទីក្រុង​ហៃគូ​​ដែល​​ជា​រដ្ឋ​ធានី​របស់​ខេត្ត​ហៃណាន​នា​ពេល​ថ្មី​នេះ។

មន្រ្តី​រដ្ឋាភិបាល​​ខេត្ត​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​ដី​​នឹង​ត្រូវ​ផ្តោត​ជា​​អាទិភាព​​សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​​​នានា​ដែល​ចាំបាច់ ​​ដើម្បី​​ជួយ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​កោះ​នេះ​​​ឲ្យ​ទៅ​ជា​តំបន់​​ពាណិជ្ជកម្ម​សេរី​​អន្តរជាតិ​លក្ខណៈ​សាក​ល្បង​ ​ព្រម​ទាំង​ការ​អភិវឌ្ឍ​គម្រោង​​ឧស្សាហកម្ម​បច្ចេកវិទ្យា​​ជាន់​ខ្ពស់​​​ និង​គម្រោង​សង្គម​ថ្មី​ៗ។

វិធាន​ការ​នេះ​បាន​ចាប់​ផ្តើម​ចូល​ជា​ធរមាន​។ ក្នុង​រយៈ​ពេល​ ៣ ត្រី​មាស​ដំបូង​​នៃ​​ឆ្នាំ ​២០១៨ ការ​វិនិយោគ​លើ​​អចលន​ទ្រព្យ​​​មាន​ចំនួន ​៣៤ ​ភាគរយ​​នៃ ផ.ស.ស ​របស់​ខេត្ត​នេះ​បាន​ធ្លាក់​ចុះ ​១០ ភាគរយ​​ធៀប​នឹង​រយៈ​​​ពេល​ដូច​​គ្នា​​ក្នុង​ឆ្នាំ ​២០១៧​។

ក្នុង​រយៈ​ពេល​ ១១ ​ខែ​ដំបូង​​ក្នុង​​ឆ្នាំ​ ២០១៨​ ​ការ​លក់​ផ្ទះ​ពាណិជ្ជកម្ម​​​បាន​គិត​តាម​ក្រឡា​ផ្ទៃ​បាន​ធ្លាក់​ចុះ​​ចំនួន​ ៣​៦,៥ ​ភាគរយ​មក​នៅ​ត្រឹម​​ ១៣,៧​៧​ លាន​ម៉ែត្រ​ការ៉េ​ ខណៈ​ដែល​​ការ​លក់​គិត​​តាម​ទំហំ​ទឹក​ប្រាក់​​​បាន​ធ្លាក់​ចុះ​​ចំនួន​ ២១,២ ភាគរយ​​មក​នៅ​ត្រឹម​ ១៩០,៤៧​ ពាន់​លាន​​យន់​ (២៧,៧ ​ពាន់​លាន​ដុល្លារ)​។

ផ្ទះ​ដែល​សាងសង់​ថ្មី​ៗ​​​សរុប​មាន​​ចំនួន ​១៧,៨៦​ លាន​ម៉ែត្រ​ការ៉េ​ ធ្លាក់​ចុះ ​៧,១ ​ភាគរយ​​បើ​ធៀប​​នឹង​​ឆ្នាំ​ ២០១៧។ នេះ​បើ​យោង​តាម​​ការិយាល័យ​​ស្ថិតិ​ខេត្ត​ហៃណាន។

រដ្ឋាភិបាល​ខេត្ត​ហៃណាន​​បាន​អនុវត្ត​​គោល​នយោបាយ​​កូតា​​ ដើម្បី​ទប់​ស្កាត់​ការ​ទិញ​ផ្ទះ​សម្រាប់​លក់​យក​​ចំណេញ​ និង​ដើម្បី​អភិវឌ្ឍ​កោះ​នេះ​ឲ្យ​ក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​សេរី​​​លក្ខណៈ​​ សាក​ល្បង​​​នៅ​ខែ​មេសា​ខាង​មុខ​។

ច្បាប់​ថ្មី​នេះ​តម្រូវ​ឲ្យ​អ្នក​ទិញ​ផ្ទះ​ដែល​ជា​​អនិវាសន​ជន​​​ផ្តល់​​កំណត់​ត្រា​ពន្ធ​​​រយៈ​ពេល​ ៦០ ខែ​ពី​យ៉ាង​ហោច​ណាស់​​​សមាជិក​ម្នាក់​នៃ​គ្រួសារ​របស់​​អ្នក​ដាក់​ពាក្យ។

ការ​បង់​ប្រាក់​មុន​​ (down payment) អប្បបរមា​ក្នុង​អត្រា ៧០ ​ភាគរយ​ ​គឺ​ជា​លក្ខខណ្ឌ​តម្រូវ​សម្រាប់​អ្នក​ទិញ​ផ្ទះ​ជា​អនិវាសន​ជន​​ដែល​ដាក់​ពាក្យ​សុំ​កម្ចី​​ទិញ​ផ្ទះ​ពាណិជ្ជកម្ម ហើយ​កំណត់​​រយៈ​ពេល ​៥ ឆ្នាំ​​ទើប​អាច​លក់​​ផ្ទះ​នោះ​វិញ​បាន​។

លោក Zhang Dawei ប្រធាន​អ្នក​វិភាគ​ផ្នែក​អចលន​ទ្រព្យ​​​​ប្រចាំ​ក្រុមហ៊ុន​ Centaline Property បាន​ថ្លែង​ថា​៖ «​បទ​ប្បញ្ញត្តិ​​​បែប​នេះ​នៅ​ខេត្ត​ហៃណាន​មាន​​​ភាព​ចាំ​បាច់​​​ក្រៃ​លែង។ ​ខេត្ត​នេះ​ធ្លាប់​ពឹង​ផ្អែក​​ខ្លាំង​ពេក​លើ​វិស័យ​​​អចលន​ទ្រព្យ។ ​

ក្នុង​រយៈ​ពេល​វែង​ ​វា​មិន​មែន​ជា​វិធី​សាស្រ្ត​និរន្តរភាព​ទេ។ ការ​ឈឺ​ចាប់​បច្ចុប្បន្ន​​បន្ទាប់​ពី​ការ​ដាក់​ចេញ​បទ​ប្បញ្ញត្តិ​​នេះ​​​ជា​វិធី​តែ​មួយ​គត់​ដើម្បី​​​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ»។

ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​​របស់​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្ហាញ​​ថា ការ​វិនិយោគ​សរុប​​​ក្នុង​វិស័យ​អចលន​ទ្រព្យ​​នៅ​តំបន់​​ថ្នាក់​ខេត្ត​​ចំនួន ​៣១ ទូទាំង​​​ប្រទេស​​​​ក្នុង​​រយៈ​ពេល​ ១១ ​ខែ​ដំបូង​កាល​ពី​​​ឆ្នាំ​​មុន ​​បាន​កើន​ឡើង​ដល់​ ១១,០៨ ពាន់​ពាន់​លាន​យន់​ (១,៦៤ ពាន់​ពាន់​​លាន​ដុល្លារ) ដោយ​​​ខេត្ត​ក្វាងទុង ខេត្ត​ជឺជាំង និង​ខេត្ត​ជាំងស៊ូ គឺ​ជា​ខេត្ត​នាំ​មុខ​គេ​។ ការ​វិនិយោគ​អចលន​ទ្រព្យ​​សរុប​​​ក្នុង​ខេត្ត​ទាំង​នេះ​ក្នុង​ឆ្នាំ ​២០១៧ ​មាន​​ចំនួន​ ១០,៩៧​ ពាន់​ពាន់​លាន​យន់។

លោក Zhang បាន​ថ្លែង​ថា ការ​វិនិយោគ​លើ​អចលន​ទ្រព្យ​របស់​ប្រទេស​បាន​និង​កំពុង​កើន​ឡើង​ក្នុង​កម្រិត​ខ្ពស់​មួយ​កាល​ពី​ឆ្នាំ​មុន ហើយ​ការ​ទិញ​​លក់​ដី​ក្នុង​ទីក្រុង​ជា​ច្រើន​ក៏​មាន​កម្រិត​ខ្ពស់​ផង​ដែរ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​លំដាប់ទី១ និង​ទី២ ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ទិញ​ដៅ​សម្រាប់​​សាង​សង់​លំនៅឋាន។

លោក Zhang បាន​ឲ្យ​ដឹង​ទៀត​​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ក៏​បាន​ចូល​ក្នុង​ទីផ្សារ​​​អភិវឌ្ឍន៍​នៅ​ទីក្រុង​លំដាប់​ទី​៣ និង​លំដាប់​ទី​៤ ផង​ដែរ ដែល​ជំរុញ​ឲ្យ​ការ​លក់​ដី​កើន​ឡើង៕ People''s Daily/PS