ក្រុង​ប៉េកាំងៈ ទីផ្សារ​អចលន​ទ្រព្យ​របស់​ប្រទេស​ ចិន ​ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ឡើង​ក្នុង​ល្បឿន​​ថេរ បន្ទាប់​ពី​មាន​ការ​វិវឌ្ឍ​ក្នុង​ល្បឿន​លឿន​ក្នុង​​ពេល​ប៉ុន្មាន​​ឆ្នាំ​ថ្មី​ៗ​នេះ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ឧស្សាហកម្ម​។​

ក្រុមហ៊ុន​ផ្ដល់​ព័ត៌មាន​ឧស្សាហកម្ម​តាម​អនឡាញ​ China Real Estate Information Corp (CR​IC) បាន​ឲ្យ​ដឹង​ថា ការ​​លក់​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ​ចំនួន ១០ ក្នុង​​ប្រទេស​ ចិនដី​គោក បាន​​កើន​ខ្ពស់​ជាង​​ ២០០ ពាន់​លាន​យន់ (២៩,​៨ ​ពាន់​លាន​ដុល្លារ​) កាល​ពី​ឆ្នាំ​ ២០១៨។

ក្នុង​នោះ​​ក្រុមហ៊ុន​ Country Garden ដែល​ជា​​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​​ហុងកុង​ ស្ថិត​នៅ​លំដាប់​លើ​គេ ​​ដោយ​​លក់​បាន​ចំនួន​ ៧២៨,​៧ ពាន់​លាន​យន់ ខណៈ​ដែល​​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​​ផ្សារ​ហ៊ុន​ហុងកុង​​​ ២ ​ទៀត​គឺ​​ក្រុមហ៊ុន​ Vanke លក់​បាន​ចំនួន​ ៦០៧ ពាន់​លាន​យន់ និង​​​ក្រុមហ៊ុន​ Evergrande Group លក់​បាន​​ ​៥៥១,១​ ពាន់​លាន​យន់។​

របាយ​ការណ៍​នេះ​បាន​ចង្អុល​បង្ហាញ​ថា ​ក្រុមហ៊ុន​ចំនួន ៣០ បាន​ទទួល​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ ១០០​ ពាន់​លាន​យន់ ហើយ​​​ការ​លក់​សរុប​របស់​​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ឈាន​មុខ​គេ​ទាំង ១០០ បាន​កើន​ ៣៥ ​ភាគរយ​ធៀប​នឹង​​​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។​

ក្រុមហ៊ុន CRIC បាន​ព្យាករ​ថា ឧស្សាហកម្ម​នេះ​នឹង​ចូល​ក្នុង​អំឡុង​ពេល​កំណើន​ថេរ​មួយ ដោយ​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​របស់​​ក្រុមហ៊ុន​ឈាន​មុខ​គេ​ទាំង ១០០ នឹង​មាន​ចាប់​ពី​ ២០ ទៅ​ ៣០ ​ភាគរយ​ ធៀប​នឹង ​៤០ ​ភាគរយ​ជា​មធ្យម​កាល​​ពី ឆ្នាំ​ ២០១៧​។​

ក្រុមហ៊ុន China R​eal Estate Index System ដែល​ជា​​ក្រុមហ៊ុន​ផ្ដល់​ព័ត៌មាន​ឧស្សាហកម្ម​មួយ​ផ្សេង​ទៀត​ ក៏​បាន​ចេញ​​ផ្សាយ​របាយ​ការណ៍​ស្រដៀង​គ្នា​នេះ​ផង​ដែរ ដែល​បាន​​បង្ហាញ​ថា ​ក្រុមហ៊ុន​ដែល​​​​មាន​​ប្រាក់​ចំណូល​ចាប់​ពី​ ១០ ​ពាន់​​លាន​ទៅ ​១០០ ពាន់​លាន​​​យន់​ មាន​ទំនោរ​កាន់​តែ​ខ្លាំង​​ក្នុង​ការ​ទិញ​ដី និង​បាន​ផ្លាស់​​ប្តូរ​ជា​បណ្ដើរ​ៗ​នូវ​ការ​ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​​​ពី​ទីក្រុង​​លំដាប់​ទី ១ និង​លំដាប់​ទី ២ ទៅ​ជា​ទីក្រុង​កាន់​តែ​តូច​ៗ​​វិញ។​​

លោក Zhang Dawei ​ប្រធាន​អ្នក​វិភាគ​​​ប្រចាំ​ក្រុមហ៊ុន​ Centaline Property បាន​ថ្លែង​ថា​៖ «ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ឈាន​មុខ​​គេ​ទាំង​នោះ នឹង​បន្ថយ​ល្បឿន​ការ​អភិវឌ្ឍ​របស់​ពួក​គេ​»។ លោក​បន្ថែម​ថា ​ក្រុមហ៊ុន​លំដាប់​ទី ២ កំពុង​​​ក្លាយ​ជា​​កម្លាំង​ដ៏​សំខាន់​​ក្នុង​ការ​ទិញ​ដី​។​

លោក​បាន​​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​​សម្ពាធ​ពី​​បទ​ប្បញ្ញត្តិ​ស្តីពី​លំនៅឋាន​កាន់​តែ​តឹង​រ៉ឹង​​ក្តី​ ក៏​ឆ្នាំ​ ២០១៨ បាន​​មើល​ឃើញ​ការ​​លក់​កើន​ឡើង​ដដែល​ ដោយ ៩០ ភាគរយ​នៃ​ក្រុមហ៊ុន​ទាំង​នោះ​​ សម្រេច​បាន​ទិស​ដៅ​ប្រចាំ​​ឆ្នាំ​របស់​ពួក​គេ​។​

លោក​ Xie Yifeng អ្នក​សរសេរ​អត្ថបទ​កាសែត​ និង​ជា​អ្នក​អត្ថា​ធិប្បាយ​ល្បី​ឈ្មោះ​មួយ​​រូប​​​​ឲ្យ​ដឹង​ថា​ ទីផ្សារ​ចិន​​​មិន​ធ្លាក់ចុះ​ទេ ទោះ​បី​ជា​មាន​អត្រា​កំណើន​កាន់​តែ​ទាប​ក៏​ដោយ​។

ក្រុមហ៊ុន CRIC ក៏​បាន​ព្យាករ​ដែរ​ថា ដោយ​សារ​ថមថយ​កំណើន​របស់​​ឧស្សាហកម្ម​នេះ ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ នឹង​ស្វែងរក​ការ​ធ្វើ​ពិពិធកម្ម​អាជីវកម្ម​របស់​ពួក​គេ​ ដើម្បី​រក្សា​​កំណើន​ ប៉ុន្តែ​នឹង​បន្ត​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​អចលន​ទ្រព្យ​​ក្នុង​រយៈ​ពេល​ ១ ឆ្នាំ​ខាង​មុខ​នេះ។​

ប៉ុន្តែ​លោក Zhang បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​​ក្រុមហ៊ុន​សាងសង់​លំនៅឋាន​ជា​ច្រើន​ កំពុង​ជំរុញ​អាជីវកម្ម​ផ្សេង​ទៀត​ដូច​ជា​ទេសចរណ៍ ការ​ថែ​រក្សា​មនុស្ស​ចាស់ ការ​អប់រំ និង​អចលន​ទ្រព្យ​ជួល​​រយៈ​ពេល​វែង​ក្តី ក៏​​​វិស័យ​ដែល​ផ្ដល់​ប្រាក់​ចំណេញ​ភាគ​ច្រើន​របស់​ក្រុមហ៊ុន​ទាំង​នោះ​ នៅ​តែ​ជា​​​​អចលន​ទ្រព្យ​ដដែល​​៕​ People''s Daily/LA