នៅក្នុងបន្ទប់សិក្សាក្នុងផ្ទះធំមួយនៅតាមមាត់ទន្លេក្នុងរាជធានីភ្នំពេញ លោក ថាង សុធា វ័យ ៣៥ ឆ្នាំកំពុងពិនិត្យមើលប្លង់រចនា 3D របស់បន្ទប់គេងនៃអាផាតមិនមួយដែលជាផ្នែកនៃគម្រោងកែលម្អចុងក្រោយបំផុតដែលលោកបានចូលរួមធ្វើកាលពីប៉ុន្មានឆ្នាំមុន នៅលើ MacBook ដើម្បីបំផុសគំនិតសម្រាប់ការងារនាពេលអនាគត។ មួយសន្ទុះក្រោយមកលោកបានបិទកុំព្យូទ័រយួរដៃនោះ ហើយងាកទៅចាប់យកឧបករណ៍ចាំងឆ្លាក់របស់លោកធ្វើការលើចម្លាក់ដែលលោកត្រូវធ្វើបញ្ចប់សម្រាប់ការតាំងពិព័រណ៍នាពេលខាងមុខ។
ប្រសិនបើស្ថាបត្យករ និងសិល្បករសហសម័យម្នាក់នេះមានភាពតានតឹងពីការងារលោកតែងតែចូលចិត្តទៅហាងកាហ្វេ TINI ដែលលោកជាម្ចាស់ដើម្បីសម្រាក ឬគិតពិចារណា។ ហាងកាហ្វេតូចនៅជិតផ្សារទួលទំពូងនេះត្រូវបានរចនាឡើងដោយលោក សុធា ផ្ទាល់ ខណៈការតុបតែងក្នុងហាងនេះមានរូបគំនូរ និងរូបចម្លាក់ដែលលោកបានសាងឡើងមានដូចជារូបឈ្មោះ Devata ដែលកាលពីឆ្នាំ ២០១៥ ត្រូវបានដាក់តាំងនៅសាលតាំងរបស់ Alliance Francaise នៅទីក្រុងបាងកកប្រទេសថៃ។
ជីវិតរបស់លោក សុធា គឺប្រៀបដូចហាងកាហ្វេរបស់លោកដែរគឺជាការលាយចម្រុះគ្នានៃស្ថាបត្យកម្ម និងវិចិត្រសិល្បៈ។
មិនមានស្ថាបត្យករ ឬវិចិត្រករម្នាក់នៅក្នុងគ្រួសាររបស់លោកទេ។ កាលពីប៉ុន្មានឆ្នាំមុន សុធា គ្រាន់តែជាក្មេងម្នាក់មកពីស្រុកបាធាយ ខេត្តកំពង់ចាម ដែលចូលចិត្តគូរគំនូរ ក៏ប៉ុន្តែលោកមិនបានបង្ហាញទឹកដៃអស្ចារ្យខ្លាំងក្លានោះទេ ក្រៅតែពីពានរង្វាន់មួយចំនួនដែលលោកបានឈ្នះនៅក្នុងសាលាបឋមសិក្សា និងវិទ្យាល័យ។
លោកបាននិយាយថា៖ «ខ្ញុំតែងតែចង់ក្លាយជាសិល្បករមួយរូប ប៉ុន្តែគ្រួសារខ្ញុំ និងខ្ញុំបានយល់ស្របថាវានឹងពិបាកណាស់ក្នុងការរស់នៅដោយពឹងលើអាជីពនេះ។ ដូច្នេះខ្ញុំក៏បានសម្រេចចិត្តសិក្សាផ្នែកស្ថាបត្យកម្មដែលស្រដៀង គ្នាទៅនឹងចំណង់ចំណូលចិត្តរបស់ខ្ញុំនៅសាកលវិទ្យាល័យន័រតុន»។
មិនយូរប៉ុន្មានលោក សុធា ត្រូវបានទាក់ទាញដោយស្ថាបត្យកម្ម ដោយសារតែតម្រូវការនូវជំនាញសិល្បៈ និងការយល់ដឹងពីសោភ័ណភាពរបស់ជំនាញនេះ។ នៅពេលបញ្ចប់ការសិក្សានៅឆ្នាំ ២០០៧ លោកបានចូលធ្វើការនៅទីភ្នាក់ងារស្ថាបត្យកម្មបារាំងមួយ។
ទោះជាយ៉ាងណាក៏ដោយការអង្គុយនៅក្នុងការិយាល័យស្ថាបត្យករប្រកបដោយផាសុកភាពពិតជាមិនមែនជាភាពរីករាយរបស់លោក សុធា នោះទេ ហើយនេះអាចជាមូលហេតុដែលលោកចាកចេញពីក្រុមហ៊ុននេះវិញ បន្ទាប់ពីបម្រើការបាន ៣ ឆ្នាំ ដើម្បីផ្តោតលើការរៀនដោយខ្លួនឯងឲ្យក្លាយជាសិល្បករម្នាក់។ មិនយូរប៉ុន្មានលោក សុធា បានអភិវឌ្ឍចំណង់ចំណូលចិត្តរបស់លោកចូលទៅក្នុងទម្រង់សិល្បៈសហសម័យដែលគួរឱ្យចាប់អារម្មណ៍។
ត្រូវបានទទួលស្គាល់ថាជាវិចិត្រករខ្មែរម្នាក់កំពុងលេចធ្លោ លោក សុធា បានរៀបចំការតាំងពិព័រណ៍ទោល និងរួមគ្នាជាច្រើន។ ពិព័រណ៍ដំបូងបង្អស់របស់លោកដែលមានឈ្មោះថា Happy Together (ឆ្នាំ ២០០៩) ដែលបង្ហាញពីការប្រមូលផ្តុំផ្ទាំងគំនូររបស់លោកនៅសណ្ឋាគារក្នុងខេត្តសៀមរាប គឺជាជោគជ័យមួយ ហើយលោកក៏បានចាប់ផ្តើមការតាំងពិព័រណ៍ជាបន្តបន្ទាប់។
ការតាំងពិព័រណ៍ដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺការបង្ហាញស្នាដៃរបស់លោកនៅវិចិត្រសាលសិល្បៈ Orenda Art International នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ទោះបីជាយ៉ាងណាស្ថាបត្យកម្មនៅតែមានតួនាទីសំខាន់នៅក្នុងជីវិតរបស់លោក ខណៈលោកនៅតែទទួលយកការងារផ្នែកស្ថាបត្យកម្មដែលភាគច្រើនជាការជួសជុលកែលម្អឡើងវិញ។ ថ្វីបើកិច្ចការភាគច្រើនរបស់លោកគឺអគារផ្ទះល្វែងចាស់ៗនៅក្នុងរាជធានីភ្នំពេញក៏ដោយក្តី លោក សុធា បាននិយាយថា ចំណេះដឹងរបស់លោកនៅក្នុងស្ថាបត្យកម្មបានជួយលោកឱ្យបង្កើតរចនាប័ទ្មពិសេសមួយនៃសិល្បៈដែលភ្ជាប់យ៉ាងរឹងមាំទៅនឹងរចនាសម្ព័ន្ធសាងសង់។
លោកអះអាងថា៖ «ស្ថាបត្យកម្មគឺផ្តោតសំខាន់លើគំនិតរួមបញ្ចូលគ្នា ដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងស្នាដៃសិល្បៈរបស់ខ្ញុំ។ ទន្ទឹមនឹងនេះស្នាដៃសិល្បៈរបស់ខ្ញុំមានគោលបំណងផ្តល់រចនាសម្ព័ននូវការតុបតែងលម្អដែលផ្តល់ជីវិតមួយដល់វាដែលជាតម្លៃពិតប្រាកដនៃភាពស្រស់ស្អាត»។
ឧទាហរណ៍នៃការងារបែបនេះគឺ ស្នាដៃ The Forest ដែលកំពុងត្រូវបានតាំងបង្ហាញនៅពិព័រណ៍រួមគ្នាឈ្មោះ Deambulations Artistiques នៅសួនច្បារនៃស្ថានទូត បារាំង។ ស្នាដៃនេះមានរូបចម្លាក់ដើមឈើចំនួន ១២ ដែលធ្វើពីកំប៉ុងអាលុយមីញ៉ូមជាង ៦ ពាន់ជាកំប៉ុងភេសជ្ជៈ សូដា និងភេសជ្ជៈប៉ូវកម្លាំងដែលត្រូវបានគេកាត់ដោយដៃជារាងស្លឹកតូចៗតាមបណ្តោយ ដើមធំហើយបានរួមគ្នាដោយខ្សែហាលសម្លៀកបំពាក់។
ការផ្លាស់ទីដោយកម្លាំងនៃខ្យល់ព្រៃផ្ដល់ស្រមោលស្រដៀងគ្នាទៅនឹងស្រមោលចេញពីដើមឈើធម្មជាតិ ដែលឈរនៅជាប់នឹងវាក្នុងសួនច្បារដ៏ស្រស់ស្អាត។ យោងតាមការឲ្យដឹងរបស់លោក សុធា រូបនេះត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យសួនច្បារដ៏ស្រស់ស្អាតមើលទៅកាន់តែល្អប្រសើរ ហើយថែមទាំងផ្សព្វផ្សាយសារអំពីបរិស្ថានទៀតផង។
លោកបានពន្យល់ថា៖ «តាមរយៈបទពិសោធរបស់ខ្ញុំក្នុងស្ថាបត្យកម្មរូបគំនូរ និងចម្លាក់ ខ្ញុំយល់ច្បាស់ថាវាទាក់ទងគ្នាយ៉ាងដូចម្តេច» ។
ស្នាដៃគួរឱ្យកត់សម្គាល់ដទៃទៀតរបស់លោក គឺ Under The Water ដែល ចម្លាក់រូបត្រី ១ ត្រូវបានបង្ហាញនៅលើជញ្ជាំងនៅរមណីយដ្ឋានថ្ងៃបាំងឆត្រ នៅក្រុងកែប និង The Branch ជារូបចម្លាក់មែកឈើដែលឥឡូវត្រូវបានព្យួរនៅលើជញ្ជាំងពណ៌សនៃសាខាទួលទំពូងរបស់ហាងកាហ្វេ Brown។
លោក សុធា បានបន្ថែមថាជំនាញសិល្បៈក៏មានឥទ្ធិពលលើការងាររបស់លោកផងដែរ។ ក្នុងនាមជាស្ថាបត្យករម្នាក់លោកតែងតែដាក់តាំងរូបគំនូររបស់លោកក្នុងប្លង់របស់លោក។
លោកនិយាយថា៖ «ស្ថាបត្យកម្ម និងវិចិត្រសិល្បៈគឺមិនអាចញែកដាច់ពីគ្នាបានឡើយ។ ភាពខុសគ្នាធំជាងគេដែលខ្ញុំអាចមើលឃើញគឺថាខ្ញុំធ្វើការតែម្នាក់ឯងក្នុងនាមសិល្បករ ប៉ុន្តែខ្ញុំត្រូវធ្វើការជាមួយមនុស្សជាច្រើនក្នុងនាមជាស្ថាបត្យករ»។
មិនដូចស្ថាបត្យករជាច្រើនដែលមានការរំពឹងទុក និងគោលដៅដ៏អស្ចារ្យនាពេលអនាគត ជាពិសេសតាមរយៈការធ្វើធុរកិច្ច បុរសដែលមានវ័យ ៣៥ ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំនឹងទុកឲ្យវាមានលំហូរតាមពេលវេលា» ដោយលោករស់នៅក្នុងជីវិតរបស់លោក និងធ្វើអ្វីដែលធ្វើឲ្យលោកសប្បាយរីករាយ ហើយនឹងមិនសូវផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើផ្នែកហិរញ្ញវត្ថុឡើយ។
លោកបានបន្ថែមថា៖ «នៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំតែងតែរំភើបក្នុងការបង្កើតវត្ថុថ្មីៗ មិនថាជាស្ថាបត្យកម្ម ឬសិល្បៈនោះទេ។ សិល្បករកម្រនឹងទទួលបានប្រាក់ចំណេញណាស់ ខណៈពេលដែលខ្ញុំមិនមានមហិច្ឆតាធំក្នុងនាមជាស្ថាបត្យករ ប៉ុន្តែខ្ញុំតែងតែរំភើប និងរីករាយនៅពេលនរណាម្នាក់មករកខ្ញុំដើម្បីធ្វើការក្នុងគម្រោងរបស់គេ»៕