អ្នកស្រី សុខ មួយហ្គិច គឺជាផ្នែកមួយនៃអ្នករចនា និងស្ថាបត្យករជំនាន់ថ្មីដែលកំពុងតែធ្វើការរុញច្រានទៅមុខនូវដែនកំណត់នៃស្ថាបត្យកម្មប្រកបដោយចីរភាព។
ប្រហែលម៉ោង ២ រសៀល អ្នកស្រី សុខ មួយហ្គិច ដែលជានាយិកាក្រុមហ៊ុន BMK Architects កំពុងតែធ្វើការពិភាក្សាពីសេចក្តីលម្អិតនៃគម្រោងរចនាផ្នែកខាងក្នុងអគារមួយជាមួយនឹងបុគ្គលិកចំនួន ៦ នាក់របស់អ្នកស្រីនៅការិយាល័យក្រុមហ៊ុនដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន។
ការិយាល័យដែលស្ថិតនៅពីលើហាងកាត់វែនតានេះអាចនឹងត្រូវបានមនុស្សមួយចំនួនចាត់ទុកជាកន្លែងចង្អៀត ប៉ុន្តែសម្រាប់ស្ថាបត្យករស្ត្រីវ័យ ២៦ ឆ្នាំរូបនេះការផ្លាស់ការិយាល័យមកទីនេះគឺជាការបោះជំហានដ៏ធំមួយដោយការិយាល័យចាស់របស់ក្រុមហ៊ុននៅពេលដែលទើបបើកដំណើរការកាលពី ២ ឆ្នាំមុនមានទំហំធំជាងបន្ទប់ធ្វើការផ្ទាល់របស់អ្នកស្រីតែបន្តិចប៉ុណ្ណោះ។
ទោះជាយ៉ាងណាកន្លែងតូចចង្អៀតនេះមិនអាចរាំងស្ទះការច្នៃប្រឌិត និងគំនិតបង្កើតថ្មីៗដែលអ្នកស្រី មួយហ្គិច និងក្រុមស្ថាបត្យករព្រមទាំងអ្នករចនាវ័យក្មេងប្រកបដោយថាមពលរបស់អ្នកស្រីកំពុងតែធ្វើការអភិវឌ្ឍនោះទេ។ ការិយាល័យនេះគឺជាដំណាក់កាលមួយនៃការងើបឡើងរបស់ក្រុមហ៊ុនអ្នកស្រីនៅក្នុងវិស័យមួយដែលត្រូវបានត្រួតត្រាភាគច្រើនដោយបុរស។
ជាមួយនឹងរូបភាពគម្រោងរចនា និងស្ថាបត្យកម្មជាច្រើនដ៏ស្រស់ស្អាតនៅលើតុរបស់អ្នកស្រី គេមិនអាចដឹងបានទេថាអ្នកស្រី មួយហ្គិច ដែលបានចាប់ផ្តើមជំនួញជាមួយនឹងដើមទុនដ៏តិច ទើបតែបានទិញយកភាគហ៊ុនពីដៃគូចំនួន ២ នាក់កាលពីចុងឆ្នាំមុន។ ក្រៅពីមុខងារជាសហស្ថាបនិក និងជានាយិកាគ្រប់គ្រង អ្នកស្រីក៏បំពេញតួនាទីជាប្រធានស្ថាបត្យករ អ្នកគ្រប់គ្រងទីផ្សារ គណនេយ្យករ ហើយជាញឹកញាប់ត្រូវធ្វើជាអ្នកទទួលភ្ញៀវថែមទៀតផង។
អ្នកស្រីនិយាយថា៖ «ធ្វើស្ថាបត្យករមិនមែនជារឿងងាយទេ ចុះទំរាំធ្វើអ្នកដឹកនាំក្រុមស្ថាបត្យករទៀត? ប៉ុន្តែខ្ញុំជឿជាក់ថា យើងនឹងធ្វើបានល្អដរាបណាខ្ញុំខិតខំអស់ពីសមត្ថភាព និងមានជំនួយពីបុគ្គលិកដែលខ្ញុំអាចទុកចិត្តបាន»។
មិនមានសមាជិកណាម្នាក់ជាស្ថាបត្យករក្នុងគ្រួសារអ្នកស្រី មួយហ្គិចនោះឡើយ ហើយអ្នកស្រីក៏មិនធ្លាប់មានសុបិនចង់ប្រឡូកនឹងអាជីពនេះដែរនៅក្នុងវ័យកុមារភាព។ ដោយកើតមកជាមួយនូវទេពកោសល្យសិល្បៈដែលវិវត្តយ៉ាងលឿនតាមរយៈការគូសវាស និងការធ្វើវត្ថុនានាពីអ្វីដែលគេបោះចោលនៅបឋមវ័យទៅដល់ការជក់ចិត្តក្នុងស្ថាបត្យកម្ម និងការរចនាខាងក្នុងនៅពេលដែលបញ្ចប់វិទ្យាល័យ។
អ្នកស្រីថ្លែងទៀតថា៖ «ខ្ញុំគឺជាអ្នកឈានមុខគេ រឿងគូររូប និងគំនិតច្នៃប្រឌិតក្នុងគ្រួសាររបស់ខ្ញុំ។ នៅពេលដែលខ្ញុំរៀនចប់វិទ្យាល័យខ្ញុំបានដឹងថាជំនាញស្ថាបត្យកម្មគឺត្រូវនឹងខ្ញុំ។ និយាយតាមត្រង់ទៅនៅពេលនោះខ្ញុំមិនសូវដឹងពីវាប៉ុន្មានទេ តែមើលទៅវាដូចជាសប្បាយណាស់សម្រាប់ខ្ញុំ»។
ខណៈឪពុកម្តាយរបស់អ្នកស្រី មួយហ្គិច បានគាំទ្រការសម្រេចចិត្តរបស់អ្នកស្រី មានមនុស្សចាស់មួយចំនួនបានលើកឡើងប្រាប់អ្នកស្រីថា ជំនាញផ្នែកស្ថាបត្យកម្ម និងវិស្វកម្មគឺសមតែសម្រាប់បុរសប៉ុណ្ណោះ។ សេចក្តីចង់ជម្នះទៅលើគំនិតចាស់គំរឹលនេះក៏ជាគោលបំណងផ្ទាល់របស់អ្នកស្រីផងដែរ។
ក្រោយពីការខិតខំសិក្សាអស់រយៈពេល ៤ ឆ្នាំនៅសាកលវិទ្យាល័យ Limkokwing ដែលនៅចន្លោះពេលនោះអ្នកស្រីបានទទួលពានរង្វាន់ជាច្រើនក្នុងការប្រឡងប្រជែងផ្នែករចនាស្ថាបត្យកម្ម អ្នកស្រី មួយហ្គិច បានទទួលអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ Nottingham នៃចក្រភពអង់គ្លេស។ អ្នកស្រីបានបញ្ចប់ការសិក្សាជាមួយសញ្ញាបត្រអនុបណ្ឌិត ផ្នែកស្ថាបត្យកម្ម និងរចនានៅឆ្នាំ ២០១៥។ មុនពេលត្រឡប់មកប្រទេសកម្ពុជាវិញ អ្នកស្រីបានចំណាយរយៈពេលប៉ុន្មានខែធ្វើដំណើរក្នុងតំបន់អឺរ៉ុប ដើម្បីដើរកម្សាន្ត និងស្វែងយល់ពីស្នាដៃស្ថាបត្យកម្ម និងឌីហ្សាញតាមបស្ចឹមប្រទេសនានា។
អ្នកស្រីនិយាយថា៖ «ស្ថាបត្យកម្មមិនមែនជាការឃុំខ្លួនឯងទុកមួយកន្លែងនោះទេ។ ខ្ញុំជឿថាស្ថាបត្យករដ៏ប្រសើរត្រូវតែបានឃើញ និងសិក្សាពីសំណង់អគារពីប្រទេសផ្សេងៗមិនមែនដើម្បីតែទទួលបានគំនិតជំរុញប៉ុណ្ណោះនោះទេ តែដើម្បីបង្កើតគំនិតថ្មីផងដែរ»។
នៅប្រទេសកម្ពុជាមហិច្ចតា និងគំនិតច្នៃប្រឌិតរបស់អ្នកស្រីត្រូវបានជំរុញបន្ថែមដោយគ្រូបង្រៀននៅមហាវិទ្យាល័យមួយរូបគឺ លោក ហ៊ុន ចាន់សាន ដែលជាស្ថាបត្យករវ័យក្មេងឈានមុខមួយរូបនៅកម្ពុជា។ អ្នកស្រីក៏បានទទួលការបំផុសគំនិតពីស្ថាបត្យករខ្មែរដ៏ល្បីគឺ លោក វណ្ណ ម៉ូលីវណ្ណ ដែលជាអ្នកផ្តួចផ្តើមមួយក្នុងចលនាស្ថាបត្យកម្មខ្មែរថ្មី ដែលប្រើប្រាស់រចនាប័ទ្មស្ថាបត្យកម្មមួយដែលនៅពេលបច្ចុប្បន្នត្រូវបានគេស្គាល់ថា ជាស្ថាបត្យកម្មប្រកបដោយចីរភាព។
នៅចុងឆ្នាំ ២០១៥ អ្នកស្រី មួយហ្គិច និងស្ថាបត្យករ ២ រូបទៀតដែលអ្នកស្រីបានស្គាល់កាលពីនៅសិក្សានៅមហាវិទ្យាល័យបានរួមគ្នាស្ថាបនាក្រុមហ៊ុន BMK Architects។ ជាជាងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិធំៗក្នុងការទទួលបានគម្រោងអគារខ្ពស់ៗ និងសំណង់អភិវឌ្ឍន៍ធំៗ ក្រុមហ៊ុននេះត្រូវបានកសាងឡើងចេញពីទំនុកចិត្តរបស់អតិថិជន ដោយផ្តើមចេញពីការសង្កត់ធ្ងន់ទៅលើគម្រោងតូចៗក្នុងរាជធានីភ្នំពេញ ភាគច្រើនជាការជួសជុលកែលម្អ និងរចនាខាងក្នុងបុរី វីឡា និងហាងជំនួញតូចៗ។ គម្រោងដំបូងៗរបស់ក្រុមហ៊ុនមានដូចជា ការិយាល័យក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ Grow Plc ក្នុងខណ្ឌសែនសុខ និងការរចនាខាងក្នុងសាខាហាងកាហ្វេ Koi លើមហាវិថីព្រះនរោត្តម។
បញ្ហាប្រឈមធំបំផុតរបស់ក្រុមហ៊ុនក្នុងរយៈពេល ២ ឆ្នាំគឺនៅពេលដែលម្ចាស់ភាគហ៊ុន ២ រូបទៀតចង់លក់ភាគហ៊ុនរបស់ពួកគេ ដើម្បីទៅផ្តោតលើអាជីពផ្ទាល់របស់ខ្លួន។
អ្នកស្រីពន្យល់ថា៖ «មានហេតុផលជាច្រើនដែលបណ្តាលឲ្យដៃគូរបស់ខ្ញុំដើរចេញ ក៏ប៉ុន្តែហេតុផលចម្បងគឺការមិនចុះសម្រុងគ្នាក្នុងការយល់ឃើញរបស់យើង។ ផ្នែកនៃភាពខុសគ្នានេះកើតចេញពីភាពខុសគ្នាក្នុងយែនឌ័ររបស់យើង»។
ចាប់តាំងពីបានគ្រប់គ្រងក្រុមហ៊ុនផ្តាច់តែឯងនៅខែតុលាឆ្នាំមុនអ្នកស្រី មួយហ្គិច និងក្រុមការងារបានបញ្ចប់គម្រោងមួយចំនួនហើយ។ គម្រោងថ្មីរួមមានការកែលម្អនៅសណ្ឋាគារ Blue River នៅរាជធានីភ្នំពេញ និងការរចនាខាងក្នុងសណ្ឋាគារ ៥០០ បន្ទប់នៅខេត្តសៀមរាប។
អ្នកស្រីអះអាងថាការលូតលាស់នៃកិត្តិយស និងមូលដ្ឋានអតិថិជនរបស់អ្នកស្រីមានការរួមចំណែកពីការសិក្សាស្រាវជ្រាវច្បាស់លាស់ទៅលើស្ថាបត្យកម្មប្រកបដោយចីរភាព ដែលតម្រង់ទៅកាត់បន្ថយឲ្យដល់កម្រិតអប្បបរមានូវឥទ្ធិពលនានាដែលបរិស្ថានមានមកលើសំណង់អគារព្រមទាំងការសង្កត់ធ្ងន់លើបទពិសោធអ្នកប្រើប្រាស់ដែលជារបៀបដែលសំណង់អគារអាចផ្តល់ផាសុកភាព និងផលប្រយោជន៍ទៅដល់អ្នករស់នៅក្នុងសំណង់អគារ។
ឧទាហរណ៍មួយដែលអ្នកស្រី សុខ មួយហ្គិច បានលើកឡើងគឺការរចនាបន្ទប់ការិយាល័យមួយ។ ស្តាប់មើលទៅហាក់ដូចជាសាមញ្ញ ក៏ប៉ុន្តែអ្នកស្រីបានពន្យល់ថាការវិភាគទៅលើឥទ្ធិពលដែលធាតុនីមួយៗក្នុងការរចនាអាចមានមកលើអ្នកប្រើប្រាស់ប្រចាំថ្ងៃ។ សូម្បីតែរឿងតូចបំផុតដូចជាពន្លឺចេញចូល និងកាយវិការរបស់មនុស្សនៅពេលអង្គុយវាយកុំព្យូទ័រក៏ត្រូវតែបានវិភាគមុនពេលរចនាឡើងផងដែរ។
អ្នកស្រីនិយាយថា៖ «ពន្លឺ ខ្យល់ លំហ និងកត្តារូបជាច្រើនទៀតត្រូវតែយកមកពិចារណា និងវិភាគដោយប្រុងប្រយ័ត្នបំផុត ដើម្បីបង្កើតរចនាសម្ព័ន្ធដ៏ស្រស់ស្អាតតែប្រកបដោយផាសុកភាព។ ក្នុងនាមជាស្ថាបត្យករមួយរូបយើងត្រូវតែយកអារម្មណ៍របស់អ្នកដែលនឹងត្រូវប្រើប្រាស់ផលិតផលរបស់យើងមកដាក់ក្នុងអារម្មណ៍ខ្លួនឯងជាដាច់ខាត»៕