ក្រុង​បាងកកៈ ការ​ផ្គត់ផ្គង់​លើស​តម្រូវ​ការ​កំពុង​​កើត​ឡើង​នៅ​ក្នុង​ទីផ្សារ​ខុនដូ​នៅ​ទីក្រុង​បាងកក ដែល​បាន​បណ្ដាល​ឲ្យ​​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​ចំនួន​ ត្រូវ​ពឹង​ផ្អែក​​ខ្លាំង​លើ​​ការ​លក់​យូនីត​របស់​ខ្លួន​​កាន់​តែ​ច្រើន​ឲ្យ​អ្នក​ទិញ​​ជា​ជន​បរទេស ជា​ពិសេស​ជនជាតិ​ចិន​ដែល​បាន​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់​មួយ​​​ក្នុង​រយៈពេល ​២-៣ ឆ្នាំ ​ចុង​ក្រោយ​នេះ​។​ នេះ​បើ​យោង​តាម​កាសែត​​បាងកក​ប៉ុស្តិ៍។

មិន​ដូច​​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​គ្រួសារ​ទោល និង​ផ្ទះ​ប្រភេទ​ townhouse ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុនដូ​មិន​អាច​បញ្ឈប់​​បាន​ទេ នៅ​ពេល​​ពួក​គេ​ចាប់​ផ្ដើម​ការ​សាងសង់​។​ ម៉្យាង​វិញ​​ទៀត ក្រុមហ៊ុន​អភិវឌ្ឍន៍​​រៀបចំ​គម្រោង​​របស់​ពួក​គេ​ជា​ដំណាក់​កាល ហើយ​អាច​ពន្យារពេល​ដំណាក់​កាល​ថ្មី​មួយ​ បើ​តម្រូវ​ការ​ទីផ្សារ​ចុះ​ទាប​។ ​នៅ​ទីក្រុង​បាងកក ដែល​មាន​ចំនួន​ប្រហែល​​ពាក់​កណ្ដាល​នៃ​ខុនដូ​ទាំង​អស់​​ក្នុង​ប្រទេស ​ថៃ ការ​ផ្គត់ផ្គង់​​លើស​តម្រូវការ​នៅ​ទីក្រុង​នេះ​កំពុង​ក្លាយជា​បញ្ហា​មួយ។​

កាសែត​បាងកក​ប៉ុស្តិ៍ ​បាន​រាយការណ៍​​ថា ទីក្រុង​បាងកក​មាន​​​ខុនដូ​ដែល​បញ្ចប់​ការ​​សាងសង់​រួច ៥៩១ ១៣៨ យូនីត កាល​ពី​ចុង​ឆ្នាំ ​២០១៨។ ចំនួន ៩០ ០០០ ​យូនីត​ផ្សេង​ទៀត​​នៅ​ពេល​នេះ​កំពុង​ដំណើរការ​សាងសង់​ដែល​រំពឹង​ថា ​នឹង​បញ្ចប់​​​ក្នុង​ឆ្នាំ ​២០១៩ និង​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​។ យូនីត​ដែល​មិន​ទាន់​លក់​ចេញ​​មាន​ចំនួន​​សរុប​ប្រហែល ​៤៨ ០០០ កាល​ពី​​ចុង​ខែ​ឧសភា ហើយ​ចំនួន​នេះ​ទំនង​នឹង​កើន​ឡើង​ ដោយសារ​​​អគារ​កាន់​តែ​ច្រើន​ត្រូវ​បាន​បញ្ចប់​។​

ក្រុមហ៊ុន​អភិវឌ្ឍន៍​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​ថៃ​​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​​ទីផ្សារ​ខុនដូ ហើយ​វា​ពិបាក​សម្រាប់​ក្រុមហ៊ុន​ទាំង​នោះ​ក្នុង​ការ​បញ្ឈប់​​ការ​សាងសង់​​ដោយ​ងាយ​ស្រួល។​ រៀងរាល់​ឆ្នាំ ពួក​គេ​ប្រឈម​សម្ពាធ​​ធ្វើ​ឲ្យ​​កើន​ឡើង​​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ។ ខណៈ​ដែល​ក្រុមហ៊ុន​​ទាំង​នេះ​​បន្ត​​ដំណើរ​ការ​គម្រោង​​ថ្មីៗ​​ដែល​ពួក​គេ​សង្ឃឹម​ថា នឹង​ទាក់ទាញ​​អ្នក​ទិញ ពួក​គេ​ក៏​កំពុង​ចំណាយ​ពេលវេលា​​កាន់​តែ​ច្រើន​ផង​ដែរ ដើម្បី​​បញ្ចេញ​​​ឲ្យ​អស់​នូវ​យូនីត​ដែល​លក់​រួច​ហើយ។​

ប៉ុន្តែ​អំណាច​ការ​ទិញ​របស់​ប្រជាជន​​ថៃ បាន​ចុះ​ខ្សោយ​ក្នុង​រយៈពេល​ប្រហែល ​​៥​ ឆ្នាំ​ចុង​ក្រោយ និង​មិន​ទាន់​ស្ទុះ​ងើប​ឡើង​វិញ​ពេញ​លេញ​នៅ​ឡើយ​ទេ។ ​ប្រជាជន​ថៃ​ជា​ច្រើន​នៅតែ​មាន​​ការ​បារម្ភ​អំពី​ស្ថានការណ៍​នយោបាយ​ និង​ថា តើ​​រដ្ឋាភិបាល​ថ្មី​នេះ​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ផ្លាស់ប្តូរ​ជា​ថ្មី​ម្ដង​ទៀត​ដែរ ​ឬ​ទេ។ ហេតុ​ដូច្នេះ​ហើយ ​ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពុង​ស្វែងរក​អ្នក​ទិញ​ដែល​​មាន​អំណាច​ការ​ទិញ​ខ្ពស់​​ក្នុង​បណ្ដា​ប្រទេស​​​ផ្សេង​ទៀត​ ជា​ពិសេស​​ប្រជាជន​ចិន​នៅ​ទីក្រុង​​ហុងកុង និង​​​ចិន​​ដី​គោក និង​អ្នក​និយាយ​ភាសា​​ចិន​ផ្សេង​ទៀត។​

យោង​តាម​​ធនាគារ​កណ្ដាល​ថៃ អ្នក​ទិញ​បរទេស​មក​ពី​ទីក្រុង​ហុងកុង និង​ប្រទេស ចិន ​ចូលរួម​ចំណែក​ ៤៣ ភាគរយ ​នៃ​ទឹក​ប្រាក់ ៩២,១៦​ ពាន់​លាន​បាត (២,៩៨ ពាន់​លាន​ដុល្លារ) ដែល​បាន​ផ្ទេរ​មក​ពី​បរទេស​ដោយ​ជន​បរទេស​ទាំង​អស់ ដើម្បី​ទិញ​​​ខុនដូ​នៅ​ក្នុង​ប្រទេស ​ថៃ ​ក្នុង​ឆ្នាំ ​២០១៨។

ប៉ុន្តែ​អ្នក​ទិញ​ជនជាតិ​ចិន នៅ​ពេល​ថ្មីៗ​នេះ មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ថា តើ​ពួក​គេ​នឹង​ត្រូវ​ចំណាយ​ប្រាក់​ក្នុង​កម្រិត​ណា​។ តម្លៃ​ប្រាក់​យន់​ធៀប​នឹង​ប្រាក់​បាត​បាន​ធ្លាក់ចុះ​ពី ១០ ទៅ ១២ ​ភាគរយ ​ចាប់​តាំង​ពី​ដើម​ឆ្នាំ ​២០១៧។ វា​មិនមែន​ជា​ការ​ធ្លាក់ចុះ​ខ្លាំង​នោះ​ទេ ធៀប​ជាមួយ​នឹង​អ្វី​ដែល​​កើត​ឡើង​​ចំពោះ​ប្រាក់​រូប្លិ៍ (rouble) របស់​រុស្ស៊ី​ក្នុង​រយៈពេល ​១ ​ទសវត្សរ៍​​កន្លង​មក​នេះ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​អ្នក​ទិញ​ជា​ជនជាតិ​ចិន​​មួយ​ចំនួន​៕​ LA