ក្រុងប៉េកាំងៈ តម្លៃ​អចលនទ្រព្យ​ក្នុងប្រទេស​ចិន​បាន​មើលឃើញ​អត្រាកំណើន​ទាប​ជាង​មុន​នៅ​ដំណាច់ឆ្នាំ​ ២០១៩ ធៀប​នឹង​ដំណាច់ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​ទិន្នន័យ​ផ្លូវការ​។

ធនាគារកណ្តាល​ចិន​បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ប្រចាំត្រីមាស​ចុងក្រោយ​បំផុត​របស់ខ្លួន​ថា តម្លៃ​ផ្ទះ​ពាណិជ្ជកម្ម​ដែល​សាងសង់​ថ្មី​នៅក្នុង​ទីក្រុង​ធំ និង​មធ្យម​ចំនួន ៧០ ​ទីក្រុង​នៅ​ទូទាំង​ប្រទេស​ចិន បាន​កើនឡើង ៦,៨ ​ភាគរយ​នៅ​ដំណាច់ឆ្នាំ​ ២០១៩ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​ ២០១៨ និង​ធ្លាក់​ ៣,៧ ​ពិន្ទុ​ភាគរយ​ពី​ឆ្នាំ​ ២០១៨​។

តម្លៃ​ផ្ទះ​ដែល​ប្រើប្រាស់​រួច​បាន​កើនឡើង ៣,៧ ​ភាគរយ​នៅ​ដំណាក់កាល​ឆ្នាំ​ ២០១៩ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​ ២០១៨ និង​ធ្លាក់ចុះ ៤ ​ពិន្ទុ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

ផ្ទៃក្រឡា​ពាណិជ្ជកម្ម​ដែល​បាន​លក់​ចេញ​ទូទាំង​ប្រទេស​មាន​កម្រិត​ដូច​ទៅនឹង​ការលក់​នៅ​ឆ្នាំ​ ២០១៨ ដោយ​ការលក់​កើនឡើង ៦,៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ អត្រាកំណើន​លក់​បាន​ធ្លាក់ចុះ ៥,៧ ​ពិន្ទុ​ភាគរយ​ធៀប​នឹង​ដំណាច់ឆ្នាំ​ ២០១៨​។

អត្រាកំណើន​នៃ​កម្ចី​អចលនទ្រព្យ​បាន​បន្ត​ធ្លាក់ចុះ​ជា​លំដាប់​។

នៅ​ដំណាច់ឆ្នាំ​ ២០១៩ តុល្យការ​នៃ​កម្ចី​អចលនទ្រព្យ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំៗ (​រួមទាំង​ការវិនិយោគ​ដោយ​ប្រទេស​) នៅ​ទូទាំងប្រទេស​មាន​ចំនួន ៤៤,៤១ ​ពាន់​ពាន់​លាន​យន់ (៦,៣៤ ​ពាន់​ពាន់​លាន​ដុល្លារ​) កើនឡើង ១៤,៨ ​ភាគរយ​ធៀប​នឹង​ដំណាច់ឆ្នាំ​ ២០១៨​។ អត្រាកំណើន​បាន​ធ្លាក់ចុះ ៥,២ ​ពិន្ទុ​ភាគរយ​ធៀប​នឹង​ដំណាច់ឆ្នាំ​ ២០១៨​។

តុល្យការ​កម្ចី​អចលនទ្រព្យ​មាន​ចំនួន ២៩ ​ភាគរយ​នៃ​កម្ចី​ទាំងអស់​។ ក្នុងចំណោម​កម្ចី​ទាំងនេះ​តុល្យការ​នៃ​កម្ចី​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​មាន​ចំនួន ៣០,២ ​ពាន់​ពាន់​លាន​យន់​កើនឡើង ១៦,៧ ​ភាគរយ​ធៀប​នឹង​ដំណាច់ឆ្នាំ​ ២០១៨​។ អត្រាកំណើន​បាន​ធ្លាក់ចុះ ១,១ ​ពិន្ទុ​ភាគរយ​ធៀប​នឹង​ដំណាច់ឆ្នាំ​ ២០១៨៕ People''s Daily/KC