ភ្នំពេញៈ​ តម្លៃ​ដី​នៅ​តាម​បណ្តា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​តែ​បង្ហាញ​ពី​កំណើន​គិត​ត្រឹម​ដើម​ឆ្នាំ ២០១៩ នេះ ដែល​កំណើន​នេះ​ត្រូវ​បាន​នាំ​មុខ​ដោយ​ខណ្ឌ សែនសុខ ខណៈ​ខណ្ឌ​ជ្រោយចង្វារ​ស្ថិត​នៅ​ទ្រឹង។ នេះ​បើ​តាម​របាយ​ការណ៍​ស្រាវជ្រាវ​​ពី​​ក្រុមហ៊ុន​អចលន​ទ្រព្យ​ ឃី រៀល​អ៊ី​ស្ទេត​។

របាយការណ៍​ស្រាវជ្រាវ​តម្លៃ​ដី របស់​ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត ​ដែល​ភ្នំពេញ ប៉ុស្តិ៍​ ទើប​ទទួល​បាន​ឲ្យ​ដឹង​ថា ជា​មួយ​​​អត្រា​កំណើន ១៧,១ ​​ភាគរយ ធៀប​ទៅ​នឹង​ដើម​ឆ្នាំ​​ ២០១៨ ខណ្ឌ​សែនសុខ បាន​ក្លាយ​ជា​តំបន់​ដែល​អចលន​ទ្រព្យ​កើន​តម្លៃ​​​ខ្ពស់​ជាង​គេ​នា​ដើម​ឆ្នាំ ​២០១៩ ដែល​តាម​ពី​ក្រោយ​ដោយ​​តម្លៃ​ដី​​ក្នុង​ខណ្ឌ​មានជ័យ ជា​មួយ​​នឹង​​អត្រា​កំណើន​ ១៦ ​ភាគរយ ខណ្ឌ​ដង្កោ​ ១២,១ ​ភាគរយ ខណ្ឌ​ព្រែកព្នៅ ១០,១ ​ភាគរយ និង​ខណ្ឌ​ឫស្សីកែវ ៩,៦ ​​ភាគរយ។

របាយ​ការណ៍​បង្ហាញ​ថា តម្លៃ​​ដី​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ មាន​កំណើន​ ៩,៣ ​ភាគរយ ខណ្ឌ​ទួលគោក ៦,៣​ ភាគរយ ខណ្ឌ​ពោធិ៍សែនជ័យ ៥,៥ ​ភាគរយ និង​ខណ្ឌ ​៧ ​មករា ចំនួន ២,៩ ​ភាគរយ។ ចំណែក​តម្លៃ​ដី​នៅ​ខណ្ឌ​​ដូនពេញ មាន​កំណើន​ ១,៧ ​ភាគរយ ខណ្ឌ​ចំការមន ១ ​ភាគរយ និង​​ដី​នៅ​ខណ្ឌ​ជ្រោយចង្វារ​មិន​មាន​កំណើន​​ទេ​។​

លោក សន សៀប នាយក​ក្រុមហ៊ុន​ ឃី រៀល​​អ៊ីស្ទេត បាន​ប្រាប់​ថា ការ​ស្ទុះ​ឡើង​នៃ​តម្លៃ​ដី​នៅ​ក្នុង​ខណ្ឌ​សែនសុខ​ គឺ​ដោយ​​សារ​​ទី​នោះ​មាន​​គម្រោង​ធំៗ​ជា​ច្រើន​​ដូច​ជា ផ្សារ​ទំនើប​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​អគារ​ខុនដូ ​ការិយាល័យ និង​លំនៅឋាន​ជា​ដើម​។ បច្ចុប្បន្ន​ខណ្ឌ​សែនសុខ​ កំពុង​វិវឌ្ឍ​ខ្លួន​ក្លាយ​ទៅ​ជា​កន្លែង​រស់​នៅ និង​​ប្រកប​មុខ​ជំនួញ​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​គ្រប់​លំដាប់​ថ្នាក់​។​

លោក​ថ្លែង​ថា៖ «​តម្លៃ​ដី​​ក្នុង​​ខណ្ឌ​​សែនសុខ​ នឹង​បន្ត​កើន​ឡើង​​ទៀត ខណៈ​បច្ចុប្បន្ន​ទី​នោះ​​កំពុង​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ពិសេស​ ​មាន​​ប្រព័ន្ធ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ផ្លូវ​ថ្នល់​​​ធំ​ទូលាយ និង​នៅ​មាន​ដី​ទំនេរ​ធំៗ​ជា​ច្រើន​​ទៀត​​»​។​

របាយការណ៍​​បាន​ឲ្យ​ដឹង​ទៀត​ថា នា​ដើម​ឆ្នាំ ​២០១៩ នេះ​ដី​លំនៅឋាន ​ក្នុង​ខណ្ឌ​​សែនសុខ មាន​តម្លៃ​ចាប់​ពី ​៣៥០ ​ដុល្លារ​​ទៅ ​​១ ៤០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ ចំណែក​តំបន់​ពាណិជ្ជកម្ម​ មាន​តម្លៃ​ពី ​៨០០ ​ដុល្លារ​ទៅ​ដល់​ ២ ៩០០ ​ដុល្លារ​​។

ខណៈ​របាយការណ៍​បង្ហាញ​ថា តម្លៃ​ដី​​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​មិន​បាន​កើន​ឡើង​ ដី​លំនៅឋាន មាន​តម្លៃ​ចាប់​ពី ​៥០ ​​ដុល្លារ​ដល់​​ ១​៤០០ ​ដុល្លារ និង​តំបន់​ពាណិជ្ជកម្ម មាន​តម្លៃ​ចន្លោះ​ពី ​៥៥០ ​ដុល្លារ​ទៅ​ ២ ២៥០ ​ដុល្លារ។​

សម្រាប់​ខណ្ឌ​​ទាំង​ ៤ នៅ​កណ្តាល​រាជធានី​ភ្នំពេញ លោក សន សៀប បាន​និយាយ​ថា ទួលគោក​នឹង​បន្ត​​ជា​​កន្លែង​ដែល​​តម្លៃ​ដី​​នឹង​ស្ទុះ​ងើប​​ជាង​គេ​​ដដែល​សម្រាប់​ឆ្នាំ​នេះ​។​

របាយការណ៍​ដដែល​​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ដី​លំនៅ​ឋាន​នៅ​កណ្តាល​ក្រុង​មាន​តម្លៃ​ចាប់​ពី​ ២ ១០០ ដុល្លារ​ដល់ ៤​​ ៥០០ ​​ដុល្លារ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ និង​តំបន់​ពាណិជ្ជកម្ម អាច​មាន​តម្លៃ​ចាប់​ពី​ ៣ ៥០០ ​ដុល្លារ​​ទៅ​ដល់ ៩ ០០០ ​ដុល្លារ។​​

លោក ពឹង សេរី អនុ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​ប្រាប់​ថា បច្ចុប្បន្ន​បើ​យើង​​ពិនិត្យ​មើល​ជា​រួម គឺ​មាន​តែ​តំបន់​ក្នុង​ខណ្ឌ​សែនសុខ​ប៉ុណ្ណោះ​ ដែល​មាន​ការ​ផ្លាស់​ប្តូរ​លឿន ទាំង​តម្លៃ​អចលន​ទ្រព្យ ​សំណង់​អគារ និង​​ចំនួន​ប្រជាជន​រស់​នៅ។ ការ​មក​ដល់​នៃ​ផ្សារ​ទំនើប​ធំៗ នឹង​ជំរុញ​ឲ្យ​សំណង់​ធំៗ​លេច​ឡើង​ច្រើន​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ។

លោក​បាន​បញ្ជាក់​​​ថា៖​ «​តម្លៃ​ដី​​ពិត​ជា​កើន​ឡើង​ច្រើន​កាល​ពី​ឆ្នាំ​មុន។ ខ្ញុំ​គិត​ថា តម្លៃ​អចលន​ទ្រព្យ​នៅ​ខណ្ឌ​សែនសុខ​ នឹង​បន្ត​​កើន​ឡើង​ខ្ពស់​ជាង​គេ​ទៀត​សម្រាប់​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ ​២០១៩​ នេះ​»​៕​LA