ភ្នំពេញៈ សហភាពសហជីពកម្ពុជា (CCU) កាលពីថ្ងៃសៅរ៍បានរិះគន់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ចំពោះការលើកឡើងថា ការដួលសន្លប់ដែលបណ្តាលមកពីការខ្វះជាតិស្ករ សូដ្យូម និងប៉ូតាស្យូមក្នុងឈាមត្រូវបានទុកថាជាករណីគ្រោះថ្នាក់បុគ្គលមិនមែនដោយសារលក្ខខណ្ឌការងារមិនល្អទេ ប៉ុន្តែការរិះគន់នេះត្រូវបាន ប ស ស បដិសេធភ្លាមៗដោយព្រមានថានឹងប្ដឹងទៀតផង។
ប.ស.ស បាននិយាយថាចាប់ពីថ្ងៃទី ១ ខែមិថុនាខាងមុខ ប.ស.ស នឹងទទួលស្គាល់ករណីខ្វះសារជាតិទាំងនេះថាជាបញ្ហាជំងឺបុគ្គល ដែលមិនមែនមកពីបរិយាកាសការងារទេ។ ដូច្នេះកម្មករនឹងទទួលការព្យាបាល និងថែទាំវេជ្ជសាស្ត្រក្រោមរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពវិញ។ ប៉ុន្តែក្នុងករណីដួលសន្លប់បណ្តាលមកពីគ្រោះថ្នាក់ការងារ ប.ស.ស នឹងផ្តល់សំណងដល់ទាំងបុគ្គល និងគ្រួសារ។
ប៉ុន្តែលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានរិះគន់ ប.ស.ស ដោយថ្លែងថា ប្រសិនបើកម្មករដួលសន្លប់ក្នុងអំឡុងម៉ោងការងារ និងក្នុងអគារក្រុមហ៊ុន ក្រុមហ៊ុនគួរតែទទួលខុសត្រូវ និងផ្តល់សំណងពេញលេញសម្រាប់ការថែទាំសុខភាព និងផ្តល់ទៅសមាជិកគ្រួសារពួកគេផង។
លោក ឈុន បានបញ្ជាក់ថា៖ «យើងកំពុងធ្វើការងារដើម្បីឲ្យប្រាកដថា សមាជិករបស់យើង និងកម្មករទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុន ប្រសិនបើពួកគេឈឺ។ ប្រសិនបើឃើញកម្មករបាត់បង់អត្ថប្រយោជន៍ក្នុងលក្ខណៈបែបនេះយើងជាសហជីពត្រូវតែការពារ»។
CCU បានចេញសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើការឈឺនេះបណ្តាលឲ្យពួកគេស្លាប់ ប្រសិនបើវាមិនគ្របដណ្តប់ដោយ ប.ស.ស ថាជាគ្រោះថ្នាក់ការងារ សមាជិកគ្រួសារ ដូចជា កូន និងឪពុកម្ដាយនឹងមិនទទួលបានសំណង។ នេះជាការបំពានមាត្រា ២៤៨ និង ២៥៦ ២៤៨ នៃច្បាប់ស្តីពីការងារ។
អ្នកនាំពាក្យ ប.ស.ស លោក ជាវ ប៊ុរិទ្ធ មិនអាចសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ខណៈទូរស័ព្ទរោទ៍តែគ្មានអ្នកទទួល។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ បសស បានបដិសេធដោយចាត់ទុកការរិះគន់ថា ផ្ទុយនឹងខ្លឹមសារនៃលិខិតខ្លួន ហើយថានឹងដាក់ពាក្យប្ដឹងលោក ឈុន ចំពោះការធ្វើឲ្យខូចកិត្តិយស។
យ៉ាងណាក្ដីលោក រ៉ុង ឈុន បានថ្លែងថា៖ «ខ្ញុំមិនបារម្ភទេចំពោះ ប.ស.ស ដែលនឹងដាក់ពាក្យបណ្តឹងប្រឆាំងខ្ញុំពីព្រោះខ្ញុំមិនបានធ្វើអ្វីខុស។ ផ្ទុយទៅវិញ ពួកគេគួរតែស្តាប់សហជីព និងគាំទ្រកម្មករ...»៕ PS