ភ្នំពេញៈ មុនការបោះឆ្នោតជាតិ ១ សប្ដាហ៍គណបក្សនយោបាយធំៗបានបង្ហាញពីក្ដីរំពឹងទុករបស់គេរៀងៗខ្លួនចំពោះលទ្ធផលនៃការបោះឆ្នោតដែលគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិចូលរួម ដោយបក្សកាន់អំណាចបានអះអាងថានឹងឈ្នះលើសពីសំឡេង ៥០ ភាគរយបូក ១ ចំណែកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដាក់គោលដៅយកឲ្យបានយ៉ាងតិច ៤២ អាសនៈនៅក្នុងរដ្ឋសភា នឹងអាចឈ្នះបើគ្មានយុទ្ធនាការមិនទៅបោះឆ្នោតរបស់អតីតបក្សប្រឆាំង។
ក្នុងបទសម្ភាសដាច់ដោយឡែកពីគ្នាជាមួយកាសែតភ្នំពេញ-ប៉ុស្តិ៍ កាលពីចុងសប្ដាហ៍កន្លងមកនេះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថាបើទោះបីជាគ្មានគូប្រជែងដូចជាអតីតគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតក៏គណបក្សកាន់អំណាចមិនរំពឹងខ្ពស់ថា អាចនឹងឈ្នះភ្លូកទឹកភ្លូកដីដែរ ខណៈដែល GDP រំពឹងថា គេអាចនឹងឈ្នះ បើគ្មានយុទ្ធនាការឃោសនាឲ្យពលរដ្ឋធ្វើពហិការក្នុងការបោះឆ្នោតបានធ្វើឡើងដោយអតីតគណបក្សប្រឆាំង។
លោក សុខ ឥសាន ថ្លែងថា CPP ជឿជាក់ថានឹងឈ្នះការបោះឆ្នោតជាតិខាងមុខនេះ ១០០ ភាគរយ ប៉ុន្តែមិនធ្វើការរំពឹងខ្ពស់រហូតដល់សំឡេង ២ ភាគ ៣ នៃចំនួនសរុបចំនួន ១២៥ នៅក្នុងរដ្ឋសភានោះទេ។
លោក ឥសាន បានអះអាងថាគណបក្សកាន់អំណាចនឹងឈ្នះ យ៉ាងហោចណាស់លើសពីសំឡេង ៥០ ភាគរយបូក ១ ដែលជាសំឡេងអាចឲ្យបង្កើតរដ្ឋាភិបាលថ្មីបាន។
លោកថ្លែងថា៖ «យើងដឹងថា [យើងនឹងឈ្នះ] លើសពី ៥០ ភាគរយបូក ១ ។ ក្រោយពីយើងឈ្នះហើយ យើងនឹងបង្កើតរដ្ឋាភិបាលបាន។ ក៏ប៉ុន្តែត្រង់ថាឈ្នះសំឡេង ២ ភាគ ៣ យើងមិនទាន់អាចនិយាយកើតទេ»។
លោកបន្តថា៖ «យើងនឹងឈ្នះពីព្រោះយើងបានបង្កើតស្នាដៃ និងគុណសម្បត្តិផ្សេងៗជាក់ស្ដែងប្រជាពលរដ្ឋមើលឃើញច្បាស់នឹងភ្នែក លោកស្ទាបនឹងដៃ ហើយលោកកំពុងទទួលបានផលនៅក្នុងជីវភាពរស់នៅក៏ដូចជាក្នុងផលប្រយោជន៍សម្រាប់ប្រទេសជាតិទាំងមូល»។
លោក ឥសាន បានផ្តល់ទឡ្ហីករណ៍គាំទ្រការរំពឹងទុករបស់គណបក្សកាន់អំណាចដែលថាពលរដ្ឋនឹងបន្តបោះឆ្នោតឲ្យដោយសារការរំដោះប្រទេសចេញពីរបបខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩ កសាងសមិទ្ធផលនានាក្រោយសង្គ្រាម ការពារបានរដ្ឋធម្មនុញ្ញ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារបាននូវសន្តិសុខ សុវត្ថិភាពសង្គម ជាដើម។
លោក ឥសាន ថ្លែងថា៖ «បញ្ហាសំខាន់គឺយើងរកបានសន្តិភាពពេញលេញ មានការឯកភាពជាតិ ដែលមិនធ្លាប់មានរាប់រយឆ្នាំពីមុនមកហើយ។ យើងមានឱកាសស្ដារ កសាងប្រទេសជាតិឲ្យមានការរីកចម្រើន ដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់ប្រជាជន លើកកម្ពស់ប្រជាជនឲ្យកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់ និងមានក្ដីសង្ឃឹមទៅអនាគត»។
លោក សាម អ៊ីន អគ្គលេខាធិការ និងជាអ្នកនាំពាក្យ GDP ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា GDPដាក់គោលដៅយកអាសនៈរដ្ឋសភាយ៉ាងតិច ៤២ អាសនៈក្នុងការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨ ខាងមុខនេះ។
លោកបន្តថា៖ «តាមស្ថិតិនៃអ្នកបោះឆ្នោត ៨,៣ លាននាក់ដែលបក្សប្រជាជន មានអ្នកគាំទ្រតែ ៣,៥ លាននាក់ GDP នៅមានលទ្ធភាពឈ្នះ បើពលរដ្ឋចង់ដូរ ៤ ទៅ ៥ លាននាក់ទៅបោះឆ្នោត។ បញ្ហាប្រឈមគឺយុទ្ធនាការដេកផ្ទះរបស់ លោក សម រង្ស៊ី ដែលបង្កការរំខាន។ យ៉ាងណាក៏ដោយយើងនៅចង់បំបែកសំឡេង ២/៣ របស់បក្សប្រជាជនគឺយើងចង់បានកៅអីរដ្ឋសភាយ៉ាងតិច ៤២ កៅអី»។
អតីតគណបក្សប្រឆាំង ពិសេសប្រធានចលនាសង្គ្រោះជាតិ (CNRM) លោកសម រង្ស៊ី កំពុងធ្វើយុទ្ធនាការឲ្យពលរដ្ឋធ្វើពហិការក្នុងការបោះឆ្នោតជាតិដែលលោកចាត់ទុកថាជាការបោះឆ្នោត «ក្លែងក្លាយ» និងមិនឆ្លុះបញ្ចាំងពីឆន្ទៈម្ចាស់ឆ្នោត។
លោក អ៊ីន ថ្លែងថាបើគ្មានយុទ្ធនាការបែបនេះ GDP អាចឈ្នះដោយសំឡេង ៥០ ភាគរយបូក ១ ដែរ។
លោកបន្តថា៖ «ប្រសិនបើពុំមានការអំពាវនាវឲ្យដេកផ្ទះ ឬមានការប្រែប្រួល GDP នៅមានលទ្ធភាពឈ្នះ ដោយមានសំឡេងលើសពី ៥០ ភាគរយបូក ១»។
លោកបានលើកទឡ្ហីករណ៍ធំ ៣ នៃបរិបទកម្រិតជាតិ និង ៣ នៃបរិបទកម្រិតបក្សដែល GDP មានសង្ឃឹមឈ្នះ។ ហេតុផលកម្រិតជាតិ ទី ១ បរាជ័យនៃនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់បក្សកាន់អំណាច។ ទី ២ មរណភាពលោក កែម ឡី និងទី ៣ ការរំលាយគណបក្សសង្គ្រោះជាតិ។
ហេតុផលកម្រិតបក្ស ទី ១ GDP មានប្រវត្តិកកើតពីបញ្ញវន្តខ្មែរដូចជាលោក កែម ឡី លោក យ៉ង សាំងកុមារ លោក យ៉េង វីរៈ និង លោក សាម អ៊ីន ដែលមានបទពិសោធការងារ សង្គម អភិវឌ្ឍន៍ និងសិទ្ធិមនុស្ស។ ទី ២ GDP មានគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងច្បាស់លាស់ដែលពលរដ្ឋគាំទ្រ និងទី ៣ GDP មានគោលនយោបាយល្អក្នុងសៀវភៅបៃតងដែលឆ្លើយតបនឹងតម្រូវការពលរដ្ឋ។
បន្ថែមពីលើនេះលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) កាលពីថ្ងៃទី ១៩ ខែកក្កដាកន្លងទៅក៏បានព្យាករទុកថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទទួលបានជ័យជម្នះនៅថ្ងៃទី ២៩ ខែកក្កដា មិនខាន។
ទោះយ៉ាងណាលោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនៅក្នុងសង្គមស៊ីវិលថ្លែងថា ការអះអាងដែលធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជាច្បាស់ណាស់វាទំនងដូចជាការអះអាងរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ទោះយ៉ាងណាលោកបានអះអាងថា អត្រាអ្នកមិនទៅបោះឆ្នោតច្រើនគឺជាបរាជ័យទៅវិញទេ។
លោកថ្លែងបន្តថា៖ «គ្មានអ្វីសំខាន់ជាងជ័យជម្នះភ្លូកទឹកភ្លូកដី ហើយប្រសិនបើចំនួនអ្នកទៅបោះឆ្នោតតិចជាងកាលពីការបោះឆ្នោតចុងក្រោយគេបង្អស់នោះ វាគឺស្មើនឹងភាពបរាជ័យរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជាមិនមានដៃគូប្រកួតប្រជែងខ្លាំងក្លានោះទេហើយគណបក្សប្រជាជនកម្ពុជាក៏បានគ្រប់គ្រងស្ទើរតែទាំងស្រុងលើអ្នកបោះឆ្នោតតាមរយៈការបង្ខិតបង្ខំ ការគំរាមកំហែង និងការបំភិតបំភ័យ។ លើសពីនេះទៅទៀតគណបក្សប្រជាជនកម្ពុជាក៏បានគ្រប់គ្រងផ្ដាច់មុខលើប្រព័ន្ធផ្សព្វផ្សាយបានប្រើប្រាស់គោលនយោបាយប្រជានិយមជាច្រើនដើម្បីធ្វើយ៉ាងណាទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោត ហើយក៏មានការចូលរួមដោយផ្ទាល់ និងយ៉ាងសកម្មពីសំណាក់លោកនាយករដ្ឋមន្ត្រីដ៏មានអំណាចរបស់យើងផងដែរ»។
អ្នកវិភាគរូបនេះបានថ្លែងបន្តថា៖ «ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់របស់គណបក្សលោក (នាយករដ្ឋមន្ត្រី) នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងមានរយៈពេលយូរដែលរួមមានទាំងការស្នើសុំការគាំទ្រពីអ្នកបោះឆ្នោតបានចាប់ផ្ដើមតាំងពីមុនពេលយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការ»៕