ភ្នំពេញៈ រដ្ឋាភិបាល​ប្រកាស​ស្វាគមន៍​ចំពោះ​ការសុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​របស់​រដ្ឋាភិបាល​និរទេស​នៃ​ក្រុម​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ (KNLF) ​របស់​លោក​ សម សេរី ដែល​នឹង​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​សប្តាហ៍​នេះ ខណៈ​ពួកគេ​កំពុង​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម ក្រោយ​ពី​ក្រុម​នេះ​ធ្វើ​សកម្មភាព​នៅ​ក្រៅ​ប្រទេស​ជាយូរ​ឆ្នាំ​មក​ហើយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ វ៉ន វុត ប្រធាន​គណៈកម្មការ​រដ្ឋបាល​ KNLF កាលពី​ថ្ងៃ​សៅរ៍​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​ ១២ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ​ខ្លួន​នឹង​ចុះ​បញ្ជី​គណបក្ស​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​ «​គណបក្ស​រំដោះ​ជាតិខ្មែរ​» ​នៅ​ក្រសួង​មហាផ្ទៃ​។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ស្វាគមន៍​ការត្រឡប់​ចូល​ស្រុក​ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ដោយ​ថា​ជា​រឿង​ «​ល្អ​»​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មើល​ឃើញ​ថា​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​កម្ពុជា​បាន​ការពារ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ម្នាក់ៗ​លើកលែង​តែ​បុគ្គល​ដែល​ត្រូវ​តុលាការ​ដកសិទ្ធិ ដូច្នេះ​ការ​ត្រឡប់​មក​បង្កើត​គណបក្ស​គឺជា​ការធ្វើ​ត្រឹមត្រូវ ការប្រកួត​ប្រជែង​យក​ប្រជាពលរដ្ឋ​ជា​អ្នក​សម្រេច​ក្ដី​។ សាលដីកា​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការបោះឆ្នោត​គឺ​មាន​ន័យ​ធំធេង​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​មាន​ន័យ​ធំធេង​សម្រាប់​សន្តិភាព និង​ស្ថិរភាព​»​។

លោក​ក៏​រំឭក​ថា​ពួក ​«​ឧទ្ទាម​ខ្មែរក្រហម​» ​ដែល​កាន់​អាវុធ​នៅក្នុង​ព្រៃ​ក៏​នៅ​តែ​អាច​ចូល​មក​រួបរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដែល​ជា​សមត្ថភាព​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​នាយករដ្ឋមន្ត្រី​។

លោក​បន្ថែម​ថា​៖ «​វា​ជា​រឿង​ល្អ ខ្ញុំ​ថា​ល្អ​។ ខ្ញុំ​ថា​អា​នេះ​ជា​សមត្ថភាព​របស់​សម្ដេច​តេជោ ហ៊ុន សែន លោក​បង្ហាញ​ពី​ស្នាដៃ​ជាមួយ​ខ្មែរក្រហម​រួច​ស្រេច​ទៅ​ហើយ យើង​យក​ឧទ្ទាម​ពី​ក្នុង​ព្រៃ​ចូល​មក​ជា​កម្លាំង​ជាតិ ដើម្បី​កសាង​ជាតិ​។ ដូច្នេះ​សមត្ថភាព​សម្ដេច​តេជោ​ ហ៊ុន សែន លោក​បាន​បង្ហាញ​ពី​គុណធម៌ សីលធម៌ និង​សមត្ថភាព​ក្នុង​ការផ្សះផ្សា​ជាតិ​តាមរយៈ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នេះឯង​»​។

លោក​ ស៊ីផាន បន្ត​ថា​ចំពោះ​សមាជិក​រណសិរ្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ ហើយ​ដឹង​កំហុស និង​សាលក្រម​ចូល​ជា​ស្ថាពរ​នាយក​រដ្ឋមន្ត្រី​អាច​ប្រើប្រាស់​បុព្វសិទ្ធិ​ក្នុង​ការ​ស្នើ​ទៅ​ព្រះមហាក្សត្រ​លើកលែង​ទោស​បាន​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ដូច្នេះ​ការសម្រេចចិត្ត​ក្លាយ​ទៅ​ជា​គណបក្ស ល្អ​បំផុត រួមរស់ រួមសុខ ជាមួយ​មហាជន​...​។ យើង​ដឹង​ថា​មាន​តែ​ទណ្ឌិត​ទាំងអស់​នោះ ទទួល​បាន​ការសម្រេច​ចុង​ក្រោយ​របស់​តុលាការ ហើយ​ទណ្ឌិត​ទាំងអស់​នោះ​ទទួល​ស្គាល់​ទោស​កំហុស​របស់​ខ្លួន និង​មិន​ប្រឆាំង​សាលដីកា​នោះ​នឹង​បើក​ផ្លូវ​ជូន​សម្ដេច​តេជោ​ប្រើប្រាស់​បុព្វសិទ្ធិ​របស់​លោក​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​ទទួល​ការ​កាត់បន្ថយ​ទម្ងន់ទោស ឬ​ក៏​ (​ដោះ​) ​លែង​ឲ្យ​មាន​សេរីភាព​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ខាង​លើ​មាន​ខ្លឹមសារ​ថា​៖ «​គណបក្ស​រំដោះ​ជាតិ​ខ្មែរ​ជា​គណបក្ស​ប្រជាធិបតេយ្យ​ពិតប្រាកដ​រួបរួម​ខ្មែរ​ទាំងអស់​គ្រប់​និន្នាការ​នយោបាយ ឯកភាព​ជាតិ សន្តិភាព សេរីភាព សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​»​។ គណបក្ស​រំដោះ​ជាតិ​ខ្មែរ​សូម​ស្វាគមន៍​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​គ្រប់​សមាគម គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​មាន​បំណង​ចង់​ចូលរួម​កសាង​ជាតិ​ខ្មែរ​ឲ្យ​មាន​ភាពរីកចម្រើន​សម្បូរ​សប្បាយ និង​រស់នៅ​ដោយ​មាន​សេចក្ដី​ថ្លៃថ្នូរ​ដូច​ជាតិសាសន៍​ដទៃ​ទៀត​»​។

លោក​ វ៉ន វុត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ខាង​រដ្ឋាភិបាល​បាន​ផ្តល់​ «​ភ្លើង​ខៀវ​» ​ឲ្យ​ខាង​រណសិរ្ស​របស់​លោក​រៀបចំ​ឯកសារ​ដើម្បី​ចុះបញ្ជី​ដោយ​នឹង​ពិចារណា​លើ​នីតិវិធី​ច្បាប់​បន្ថែម​។ លោក​ក៏​សង្ឃឹម​ថា សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ទាំងឡាយ​ដែល​កំពុង​ជាប់​ពន្ធនាគារ​នឹង​ទទួល​បាន​ការលើកលែង​ទោស​ក្រោយ KNLF ចូល​មក​ធ្វើ​នយោបាយ​ក្នុង​ប្រទេស​វិញ​។

លោក​ថ្លែង​ថា​៖ «​ខាង​ក្រសួង​មហាផ្ទៃ​គេ​បាន​ឲ្យ​ខាង​ខ្ញុំ​រៀបចំ​ឯកសារ​ដើម្បី​ចុះបញ្ជី ហើយ​ឥឡូវ​នេះ​គេ​កំពុង​ពិចារណា​លើ​នីតិវិធី​ច្បាប់​ហើយ​។ ពេល​ដែល​ខាង​ខ្ញុំ​ចុះ​បញ្ជី​ហើយ រដ្ឋាភិបាល​អាច​នឹង​ពិចារណា​ក្នុង​ការលើកលែង​ទោស​ពួកគាត់​ (​សមាជិក​) ​រួម​នឹង​លោក​ប្រធាន​ សម សេរី ហើយ​សមាជិក​ដែល​ជាប់​ពន្ធនាគារ​ទាំងអស់ គណបក្ស​បាន​ធ្វើការ​តែងតាំង​ជា​គណៈកម្មការនាយក​»​។

លោក​បន្ថែម​ថា​៖ «​ដោយសារ​តែ​កន្លង​មក​យើង​ខ្ញុំ​តែងតែ​ត្រូវ​បាន​បក្ស​កាន់​អំណាច​ចោទប្រកាន់​ទម្លាក់​កំហុស​ថា មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល អ៊ីចឹង​ហើយ​ពួក​ខ្ញុំ​គ្មាន​ឱកាស​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​បាន​ពេល​នេះ​យើង​មើលឃើញ​ពី​ចំណុច​វិជ្ជមាន​ច្រើន ហើយ​យើង​ខ្ញុំ​សង្ឃឹម​ថា​ក្រោយ​បាន​ចុះបញ្ជី​បង្កើត​បក្ស​រួចរាល់​ហើយ​នឹង​អាច​ធ្វើ​សកម្មភាព​បាន​ក្នុង​ស្រុក​ដោយ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​»​។

លោក​ ធុយ វី អ្នក​នាំពាក្យ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ដែរ​ថា ការចុះ​បញ្ជី​គណបក្ស​រំដោះជាតិ​ខ្មែរ​គឺជា​ «​សញ្ញា​វិជ្ជមាន​ឈាន​ទៅ​រក​ការដោះស្រាយ​វិបត្តិ​នយោបាយ​ខ្មែរ​» ហើយ​លោក​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការចុះបញ្ជី​ដោយ​ស្រប​ច្បាប់​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​រដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង​មហាផ្ទៃ​នឹង​ទទួល​ការចុះបញ្ជី​គណបក្ស​រំដោះ​ជាតិ​ខ្មែរ បើ​យើង​គិត​ដល់​ផលប្រយោជន៍​រួម​ជាធំ​របស់​ជាតិ​ក៏​ដូចជា​ការគិតគូរ​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​ជាតិ​ខ្មែរ​យើង​ទាំងមូល​ជាធំ​។ ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ថា​រដ្ឋាភិបាល​លោក​នឹង​ពិចារណា​ឲ្យ​យើង​បាន​ចុះបញ្ជី​គណបក្ស​ដោយ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​នៃ​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​»​។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​ពី​ម្សិលមិញ​។

លោក​ សម សេរី កាលពី​ប៉ុន្មាន​ខែ​មុន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន ខណៈ​លោក​ស្នាក់នៅ​ប្រទេស​ថៃ​ហួសកំណត់​ទិដ្ឋាការ ប៉ុន្តែ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ដាណាម៉ាក​ទី​ដែល​លោក​សុំ​សិទ្ធិ​ជ្រកកោន ទោះបី​រដ្ឋាភិបាល​សុំ​បញ្ជូន​មក​កម្ពុជា​ក៏ដោយ​៕