ភ្នំពេញៈ មូលនិធិ​ប្រជាជន​អង្គការ​សហ​ប្រជាជាតិ (UNFPA) បាន​ចេញ​ផ្សាយ​របាយ​ការណ៍​នៅ​ថ្ងៃ​ទី ១០ មេសា​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៤ មក​អត្រា​មរណភាព​មាតា​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ស្រប​ពេល​ដែល​ការ​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​តាម​បែប​ទំនើប​មាន​ការ​កើន​ឡើង ថ្វី​បើ​នៅ​មាន​កម្រិត​ក្ដី។

របាយការណ៍​បន្តថា អត្រា​មរណភាព​មាតា​បាន​ធ្លាក់ចុះពី​ជាង ៩០០ នាក់​ក្នុង​ចំណោម​កំណើត​រស់​ចំនួន ១ សែន​នាក់​ក្នុង​ឆ្នាំ ១៩៩៤ មក​នៅ​ត្រឹម​តិច​ជាង ១៧០ នាក់​នាពេល​បច្ចុប្បន្ន។

រីឯ​អត្រា​ប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​ទំនើប​វិញ​បាន​កើនឡើង​ពី ១៩ ភាគរយ​ក្នុង​ឆ្នាំ ២០០០ មក​ដល់ ៣៩ ភាគរយ ក្នុង​ឆ្នាំ ២០១៤។

ទោះជា​យ៉ាងណា របាយ​ការណ៍​នេះ​បាន​បង្ហាញថា អត្រា​មរណភាព​មាតា​ដែល​ធ្លាក់ចុះ​នេះ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​នៅ​ឡើយ ខណៈ​ការ​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប​ក៏​នៅ​មាន​កម្រិត​ផងដែរ។

របាយការណ៍​សរសេរ​ថា «ការប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​បែប​ទំនើប​នៅមាន​កម្រិត​គឺ ៣៩ ភាគរយ​នៅ​ឆ្នាំ ២០១៤ (៣៣% នៅ​ទីក្រុង​និង ៤០% នៅ​ជនបទ)»។

លោកស្រី ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខា​ភិ​បាល​នៃ​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង​សុខាភិបាល​កំពុង​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ធ្វើឱ្យ​អត្រា​មរណភាព​មាតា​និង​ទារក​កាន់​តែ​ធ្លាក់​ចុះ ហើយ​ក៏​មិន​មាន​ជា​ឧបសគ្គ​អ្វី​ដែរ តែ​រដ្ឋាភិបាល​ទាមទារ​ពេល​បន្ថែម​ព្រោះថា​មិន​អាច​សម្រេច​ភ្លាមៗ​ទេ។

លោកស្រី​បន្តថា កិច្ច​ប្រឹងប្រែង​ទាំងនោះ មានដូចជា ការដាក់ចេញ​នូវ​កម្មវិធី​គាំពារ​សុខភាព​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ និង​ស្ដ្រី​សម្រាល​កូន​ដែល​មាន​ជីវភាព​ក្រីក្រ​តាមរយៈ​ការ​លើក​ទឹកចិត្ត​ដោយ​ផ្ដល់​ថវិកា​ជា​ដំណាក់ៗ ចាប់ពី​ពួកគេ​មាន​កំណើត​កូន​បាន ៥ ខែ រហូត​កូន​មាន​អាយុ ២ ឆ្នាំ​ដែល​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​របស់​រដ្ឋាភិបាល​លើ​សុខភាព​មាតា​និង​ទារក។

លោកស្រី​ថា៖ «អ៊ីចឹង ការ​ខិតខំ​របស់​យើង​នេះ គឺ​អនុវត្តតាម​អនុសាសន៍​របស់​សម្ដេច​ហើយ​ក៏​ធ្វើ​ម៉េច​ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​មន្ត្រី​យើង​បន្ថែម​ទៀត ជាពិសេស​គឺ​ប្រជា​ពលរដ្ឋ​យើង​ត្រូវ​តែ​មាន​ការ​យល់​ដឹង​លើ​បញ្ហា​ហានិភ័យ ដែល​អាច​កើត​ឡើង​ពេល​សម្រាល​បុត្រ​ហើយ​ត្រូវតែ​មក​ត្រួត​ពិនិត្យ​ផ្ទៃពោះ​ហ្នឹង​ឱ្យបាន​គ្រប់ ៤ លើក»។

មន្ត្រី​សុខាភិបាល​អះអាងថា​ការចាក់​ថ្នាំ​បង្ការ​ត្រូវធ្វើ​ឱ្យបាន​គ្រប់​ទៅតាម​ការកំណត់​ហើយ​ការ​សម្រាល​កូន​ត្រូវ​តែ​សម្រាល​ជាមួយ​គ្រូពេទ្យ​ដែល​មាន​ការ​បណ្ដុះ​បណ្ដាល​ត្រឹមត្រូវ​ចៀស​វាង​ទៅ​កន្លែង​ផ្សេង​គ្មាន​ជំនាញ​ជាហេតុ​បង្ក​ហានិភ័យ​ដល់​ស្ដ្រី​ជា​ម្ដាយ។

លោកស្រី ឱ វណ្ណឌី​ន បន្ថែមថា ចំពោះ​ការ​ប្រើម​ធ្យោ​យ​បាយ​ពន្យារកំណើត​បែប​ទំនើប​ក៏​នៅ​មាន​កម្រិត​ដែរ ដូច្នេះ​វា​ក៏​ទាមទារ​រយៈពេល​បន្ថែម​ទៀត​សម្រាប់​ឱ្យ​ពលរដ្ឋ​កាន់តែ​យល់ដឹង។

លោកស្រី​ថា៖ «អ៊ីចឹង! ក្រសួងសុខាភិបាល​ជាមួយ​អង្គការ UNFPA កំពុង​រួម​សហការ​គ្នា​ក្នុងការ​អប់រំ​សុខភាព​ដល់​ក្រុម​យុវវ័យ​របស់​យើង តែ​យើង​មិនត្រូវ​ភ្លេច​ថា កាល​ដែល​យើង​ពង្រីក​នូវ​សេវា​គ្រប​ដណ្ដប់​សម្រាប់​ក្រុម​យុវវ័យ​នេះ​គឺ​យើង​ធ្វើ​បាន​ល្អ​ប្រសើរ​ហើយ​ដោយ​មានការ​ទទួល​ស្គាល់​ពី​ឆាក​អន្តរជាតិ​តាំង​ពី​ឆ្នាំ ២០១៤ ម្ល៉េះ។

កាលពី​ឆ្នាំ ២០១៤ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលបាន​ពានរង្វាន់ ដោយសារ​គេ​ចាត់​ទុក​ថា ព្រះរាជា​ណាចក្រ​កម្ពុជា​របស់​យើង​អនុវត្ត​បាន​ជោគជ័យ​ក្នុងការ​ពង្រីក​សេវា​គ្រប​ដណ្ដប់​ជា​សកល​សម្រាប់​សុខភាព​បន្ត​ពូជ​ហើយ​គេ​រៀន​សូត្រ​ពី​យើង»។

UNFPA ក៏បាន​បន្ត​ដែរ​ថា នៅ​កម្ពុជា​ស្ដ្រី​ដែល​ទើប​រៀបការ​រួច ១២ ភាគរយ​ពុំមាន​តម្រូវការ​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ផែនការ​គ្រួសារ ខណៈ​ការ​យល់​ដឹង​របស់​ស្ដ្រី ពិសេស​ស្ដ្រី​វ័យ​ពី ១៥ ដល់ ១៧ ឆ្នាំ​អំពី​មេរោគ​អេដស៍/​ជំងឺអេដស៍ ក៏មាន​ការ​ធ្លាក់​ចុះ​ជាង​មុន។ ការ​ផ្ដល់​កំណើត​ទាំង​នៅ​វ័យក្មេង​ចាប់ពី​អាយុ ១៥ ដល់ ១៩ ឆ្នាំ​ក៏បាន​កើន​ឡើង​គឺ​ពី ៤៤ នាក់​ក្នុង​ចំណោម ១០០០ នាក់​ក្នុង​ឆ្នាំ ២០០០ មក​ដល់ ៥៧ នាក់​ក្នុង​ចំណោម ១០០០ នាក់​ក្នុង​ឆ្នាំ ២០១៥ ហើយ​អត្រា​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ក្នុង​ចំណោម​ស្ដ្រី​ទើប​រៀបការ​រួច​ចាប់ពី​អាយុ ១៥ ដល់ ១៩ គឺ​មាន​តែ ២៩,១% ។

បើតាម UNFPA ពិភពលោកត្រូវតែ​ធ្វើការ​បន្ថែមទៀត​ដើម្បី​ធានា​ឱ្យបាន​សិទ្ធិ​បន្ត​ពូជ​និង​សិទ្ធិរួមភេទ​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា ថ្វី​ដ្បិត​ចលនា​ទាមទារ​សិទ្ធិ​នេះ​តាំងពី​ឆ្នាំ ១៩៦០ មក​បាន​ជួយ​ផ្លាស់ប្ដូរ​ជីវិត​ស្ដ្រី​រាប់រយ​លាន​នាក់​ក្នុង​លោកតា​មរយៈ​ការ​ផ្ដល់​អំណាច​ឱ្យ​ស្ដ្រី​ចេះ​ការពារ​ខ្លួន​និង​កំណត់​ពី​អនាគត​របស់​ពួកគេ​ក្ដី។

UNFPA បញ្ជាក់​ក្នុង​របាយការណ៍​ថា «ស្ដ្រី​និង​ក្មេងស្រី​នៅតែ​ប្រឈម​របាំង​សេដ្ឋកិច្ច​និង​សង្គម​នៅ​គ្រប់​ជំហាន​នៅ​តាម​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​រក​សិទ្ធិ​និង​ជម្រើស។ ​កិច្ច​ប្រឹង​ប្រែង​នៃ​ចលនា​ទាមទារ​សិទ្ធិ​បន្ត​ពូជ​កន្លងមក​បាន​ធ្វើ​ឱ្យ​ធ្លាក់ចុះ​យ៉ាង​ច្រើន​នៃ​ចំនួន​មាន​ផ្ទៃពោះ​ដោយ​មិនបាន​ព្រាងទុក​និង​ការ​ស្លាប់​របស់​ម្ដាយ​ដែល​បាន​ជួយ​ឱ្យ​ស្ដ្រី​ទទួល​បាន​សុខភាព​កាន់តែ​ល្អ​និង​ស្ដ្រី​រាប់​លាន​នាក់​កាន់​តែ​មាន​ជីវិត​ល្អ​ប្រសើរ​ជាង​មុន»៕