កណ្តាលៈ អង្គការ​ទស្សនៈ​ពិភពលោក (World Vision) កាលពី​ថ្ងៃ​ពុធ​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា កាលពី​ ១៩ ​ឆ្នាំ​មុន​កុមារ​នៅ​ស្រុក​ខ្សាច់កណ្តាល​ដែល​បាន​រៀន​ចប់​ថ្នាក់​បឋមសិក្សា​មាន​ចំនួន​តែ​ ៣៨ ​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​កុមារ​នៃ​ស្រុក​នេះ​បាន​រៀន​ចប់​ថ្នាក់​បឋមសិក្សា​មាន​ការកើនឡើង​ដល់​ ៩៩ ​ភាគរយ​។

លោកស្រី ពិន ទិត្យវាសនា ប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ WV ប្រចាំ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ពី​ថ្ងៃ​ពុធ​ថា កត្តា​សំខាន់​ដែល​ធ្វើឱ្យ​មាន​ការកើនឡើង​នេះ​ដោយសារ​មាន​ការចូលរួម​ពី​អាណាព្យាបាល​សិស្ស​គ្រូបង្រៀន​នាយក​សាលា អាជ្ញាធរ និង​មួយ​ជ្រុង​ទៀត​ពី​អង្គការ​ទស្សនៈ​ពិភពលោក​។

លោកស្រី​បន្ត​ថា អាណាព្យាបាល​សិស្ស​ពី​មុន​គិតថា ការបញ្ជូន​កូន​ទៅ​រៀន​មិន​មាន​ប្រយោជន៍​នោះ​ទេ​។ ពួកគាត់​គិត​ថា បើ​កូន​ពួកគាត់​ទំនេរ​ហើយ​ជួយ​រកប្រាក់​ឱ្យ​ពួកគាត់​គឺ​មាន​ប្រយោជន៍​ជាង​។ «​តែ​យើង​ឃើញ​ថា​គាត់​ផ្លាស់ប្តូរ​គឺ​ឥឡូវ នៅពេល​ដែល​កូន​គាត់​គ្រប់​អាយុ​ចូលរៀន​ ៦ ​ឆ្នាំ​គឺ​គាត់​បញ្ជូន​មក​បឋមសិក្សា​តែម្តង ហើយ​គាត់​យល់​ថា​កូន​សំខាន់​នៅពេល​ដែល​គាត់​ចេះដឹង​គឺ​អនាគត​របស់​គាត់​ក៏​ប្រសើរ​ដែរ​»​។

លោកស្រី​បញ្ជាក់​ថា​ មួយ​ជ្រុង​ទៀត​គឺ​គ្រូបង្រៀន​ និង​នាយក​សាលា​ដែល​គិតគូរ​ខ្លាំង និង​បាន​ផ្លាស់ប្តូរ​ទៅ​លើ​របៀប​នៃ​ការបង្រៀន​។ ការផ្លាស់ប្តូរ​នេះ​ឆ្លើយតប​ទៅ​នឹង​កម្មវិធី​អប់រំ​របស់​រដ្ឋាភិបាល​ដែល​បាន​ដាក់​បញ្ចូល​ការអប់រំ​បែប​សិស្ស​មជ្ឈមណ្ឌល​ដែល​ធ្វើឱ្យ​សិស្ស​ចូលចិត្ត​រៀន​ជាង​មុន​។

លោកស្រី​ ទិត្យវាសនា ថ្លែង​ថា​៖ «​និយាយ​ទៅ​សាលា​បើ​យើង​មើល​ឥឡូវ​ទាំង​គុណភាព​នៃ​ការបង្រៀន របៀប​គ្រូ​ប្រើ​តិចនិក​ក្នុង​ការបង្រៀន​ហើយ​បរិស្ថាន​ជុំវិញ​ការរៀបចំ​អី ធ្វើឱ្យ​សិស្ស​គាត់​ចង់​រៀន​តែម្តង​។ គាត់​ចំណាយពេល​ច្រើន​ជាមួយ​កុមារ​។ គាត់​មាន​បណ្ណាល័យ​។ អ៊ីចឹង​គាត់​ចេះ​តាមដាន​ជាមួយ​នឹង​សៀវភៅ​តាមដាន​របស់​កុមារ​»​។

លោកស្រី​បន្ថែម​ថា​ នៅពេល​មាន​វគ្គ​បច្ចេកទេស​ថ្មីៗ​ទាក់ទង​ការលើក​កម្ពស់​ការរៀនសូត្រ​របស់​សិស្ស និង​ការបង្រៀន​របស់​គ្រូ អាជ្ញាធរ​ខេត្ត​តែង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​ថ្នាក់មូលដ្ឋាន​ដោយ​អញ្ជើញ​គ្រូ​នៅ​បឋមសិក្សា​ចូលរៀន​។

បើ​តាម​លោកស្រី​ ទិត្យវាសនា អង្គការ​ទស្សនៈ​ពិភពលោក​ព្យាយាម​ស្វែងយល់​ពី​បរិបទភាព​ខ្លាំង​សមត្ថភាព និង​ធនធាន​នៅក្នុង​តំបន់​ដែល​ស្រុក​នេះ​មាន​ស្រាប់ បន្ទាប់​មក​ជួយ​សម្រប​សម្រួល​ឱ្យ​រដ្ឋបាល​ស្រុក ចេះ​ប្រើ​ធនធាន និង​មាន​ផែនការ និង​កិច្ចសហការ​ជាមួយ​មន្ទីរ​ដើម្បី​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​ថ្នាក់​មូលដ្ឋាន​។

សេចក្តីប្រកាស​ព័ត៌មាន​របស់ WV បញ្ជាក់​ថា​កុមារ​អាយុ​ពី ៣ ខែ​ដល់​ជិត​ ២ ​ឆ្នាំ​ដែល​ទទួល​បាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​មាន​ចំនួន​កើនឡើង​ពី ៣៨% ក្នុង​ឆ្នាំ ២០១៦ ដល់ ៧៨% ក្នុង​ឆ្នាំ​ ២០១៩​។ ក្នុង​រយៈពេល ១៩ ឆ្នាំ​កន្លង​មក​នេះ WV ម្ចាស់​ជំនួយ​ និង​អ្នក​ទំនុកបម្រុង​បាន​វិនិយោគ​ថវិកា​ជាង ៥ ​លាន​ដុល្លារ ដើម្បី​ជួយ​ឲ្យ​កុមារ​ក្នុង​សហគមន៍​ក្នុង​ស្រុក​នេះ​មាន​សុខភាព និង​សុខុមាលភាព និង​អាច​បន្ត​ការរៀនសូត្រ​យ៉ាង​ហោចណាស់​ចប់​ថ្នាក់​ទី​ ៩​។

លោក ទៀក ឃុន មេឃុំ​សន្លុង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​លោក​សង្កេតឃើញ​ជាក់ស្តែង​ការរៀន​ចប់​ថ្នាក់​បឋមសិក្សា​របស់​កុមារ​ពិតជា​មាន​ការកើនឡើង​ដូច​អ្វី​ដែល​អង្គការ​ទស្សន​ពិភពលោក​បាន​លើក​ឡើង​នោះ​មែន ពីព្រោះ​អាណាព្យាបាល​ម្នាក់ៗ​ខិតខំ​ប្រឹងប្រែង​ឱ្យ​កូន​បាន​ចូលរៀន​គ្រប់ៗ​គ្នា​។ «​អត់​មាន​កូន​អ្នកណា​ដែល​ថា​អត់​បាន​ចូល​សាលារៀន ហើយ​អត់​មាន​កូន​អ្នកណា​រៀន​ឈប់​មុន​បឋម​ទេ​។ ប៉ុន្តែ​វា​តិច​ណាស់ អ្នក​ដែល​ឈប់​មុន​តិច​ភាគរយ​ណាស់​»​។

លោក​ថា​ដោយសារ​ជីវភាព​របស់​ឪពុក ម្តាយ​មាន​ភាព​ធូរធារ​ទើប​ជំរុញ​ឱ្យ​មាន​កំណើន​បែបនេះ​។ «​ដូចជា​កូនក្មេង​ដែល​ឪពុកម្តាយ​ពិបាក​ហ្នឹង ក៏​យើង​ខិតខំ​ជំរុញ​ឱ្យ​ទៅ​រៀន​ដែរ​។ ដូច​ខាង​អាជ្ញាធរ​អ៊ីចឹង យើង​បញ្ជាក់​តាំងពី​ធ្វើ​សំបុត្រ​កំណើត​។ យើង​បំពេញ​សំណុំ​បែបបទ​ឱ្យ​គាត់​មាន​ប្រើ​មួយ​ចប់​ដើម្បី​ឲ្យ​កូន​ទៅ​ចូលរៀន​»៕