ភ្នំពេញៈ អគ្គិសនី​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយដោយ​បាន​បង្ហាញ​អំពី​កិច្ច​ខិតខំ​​ប្រឹង​ប្រែង​របស់​ខ្លួន នៅ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ឆ្លើយ​តប​ជា​បន្ទាន់​ នូវបញ្ហាកង្វះ​ការ​ផ្គត់​ផ្គង់​អគ្គិសនី ដល់​អ្នកប្រើ​ប្រាស់ នារដូវ​ប្រាំង​នេះ ខណៈ​ដែល​កង្វះ​​អគ្គិសនី​នៅ​តាម​តំបន់​នានា អាច​នឹង​អូស​​បន្លាយ​រហូត​ដល់​​មាន​ភ្លៀង​ធ្លាក់។

​ក្នុង​សេចក្ដី​ប្រកាសនោះ អគ្គិសនី​កម្ពុជា បាន​លើក​ឡើង​ថា ក្នុង​គោលដៅ​នៃការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី ដល់​ឆ្នាំ ២០៣០​ រាជ​រដ្ឋាភិបាល​កម្ពុជាបា​ន​​រៀបចំ​ផែន​កាអ​ភិវឌ្ឍ​ប្រភព​អគ្គិស​នី​រួម​មាន វារី​អគ្គិស​នី រោង​ចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម និង​ប្រភព​ផ្សេងៗ​ទៀត ដូច​ជា ថាមពល​ពន្លឺ​ព្រះអា​ទិត្យ ផ្គុំជា​មួយ​នឹង​ការនាំចូល​ប្រភព​អគ្គិស​នី​ ពីប្រទេស​ជិត​ខាង ដោយ​បាន​ដាក់​ឲ្យ​ដំណើ​ការ គម្រោង​ជា​បន្ត​បន្ទាប់ តាម​ផែនការ​ដែល​បាន​គ្រោង​ទុក។

លើស​ពីនេះ​ អគ្គិសនី​កម្ពុជា ក៏បាន​និង​កំពុង​សិក្សា​ប្រភព​បន្ថែម​ជា​លក្ខ​ណៈ​ប្រញាប់​ដទៃ​ទៀតដែល​អាច​មាន​ ដោ​យ​រក្សា​គោល​ការណ៍​មិន​ឲ្យ​មាន​ការ​ដំឡើ​ង​​ថ្លៃ​អគ្គិសនី ហើយ​នៅ​តែ​អាច​ចុះ​ថ្លៃ​ភ្លើ​ង ជូន​​ពលរដ្ឋនៅ​ឆ្នាំ​ក្រោយ​ថែម​ទៀត។

ដោយ​សារ​ស្ថិរ​ភាព​នយោ​បាយ​ក្រោយ​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ ២០១៨ និងគោល​នយោ​បាយ​នៃការ​បញ្ចុះ​ថ្លៃ​អគ្គិសនី បាន​ធ្វើ​ឲ្យចំនួន​អ្នកប្រើ​ប្រាស់​ និង​ការ​វិនិយោគ​​ពីក្នុង​និង​ក្រៅ​ប្រទេស​មាន​កំណើន​ខ្ពស់។ ប៉ុន្តែ​ចាប់​ពីខែ​មក​រា អាកាស​ធាតុ​ក្តៅ​ខ្លាំង និង​ការ​ខ្វះ​ទឹក​ខុស​ប្រក្រតី ធ្វើ​ឲ្យ​តម្រូវ​ការ​ប្រើប្រាស់​ថាមពល​អគ្គិស​នី នៅឆ្នាំ​ ២០១៩ បា​ន​កើន​ឡើង​យ៉ាង​គំហុក លើស​ពី​ការ​រំពឹង​ទុក។

សេច​ក្តី​ប្រកាស​​បាន​គូស​បញ្ជាក់​ថា៖​ «ការ​ខ្វះ​ទឹក​នេះ ធ្វើ​ឲ្យសមត្ថភាព​ផ្គត់​ផ្គង់​ចេញ​ពីប្រភព​វារីអគ្គិស​នី ថយចុះ​ មិន​អាច​ធានា​​​ដល់​ការផ្គត់​ផ្គង់​ថាមពល​អគ្គិសនី ពេញ​លេញ​ទូទាំង​ប្រទេសដល់​ចុង​រដូវ​ប្រាំង​ដូច​សព្វ​មួយ​ដង»។

សេច​ក្តី​ប្រកាស​​បាន​បន្ត​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហានេះ អគ្គិសនី​កម្ពុជា បាន​ទំនាក់​ទំនង​ប្រទេស​ជិត​ខាង​ឲ្យ​ជួយ​បង្កើន​ការ​ផ្គត់​ផ្គង់​អគ្គិសនី​បន្ថែម​ដល់​កម្ពុជា។ ជា​លទ្ធផល ប្រទេ​ស​ ថៃ បាន​ជួយ​បង្កើន​ការ​ផ្គត់​ផ្គង់​បន្ថែម ៨០​MW ប្រទេស​ឡាវ​ បន្ថែម ​១០​MW និង​ ប្រទេស​ វៀត​ណាម​ បាន​ជួយ​រក្សា​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ឲ្យ​នៅ​ដដែល​ ទោះបី​ជាភាគ​ខាង​ត្បូង​ប្រទេស ​វៀតណាម កំពុង​ជួប​បញ្ហា​ខ្វះ​ខាត​អគ្គិសនី ប្រើ​ប្រាស់​ដូចគ្នា​ក្តី។

អគ្គិសនី​កម្ពុជា​ បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេច​ក្តី​ប្រកាស​​ទៀ​ត​ថា៖ «ទោះបី​យ៉ាង​នេះ​ក៏ដោយ យើង​នៅ​មាន​កង្វះ​ថា​​​មពល​ប្រមាណ​ ១៣% ដែល​តម្រូវ​ឲ្យ​អគ្គិសនី​កម្ពុជា ធ្វើ​ការ​កាត់​បន្ថយ​ការ​ផ្គត់​​ផ្គង់​ខ្លះរហូត​ដល់រដូវ​វស្សាមក​ដល់។ ការកាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​នេះ ធ្វើ​នៅ​ពេល​ថ្ងៃ តាម​កន្លែង​ឆ្លាស់​គ្នា ដើម្បី​រក្សា​ការ​ផ្គត់​​ផ្គង់​នៅ​ពេល​យប់ ដែល​ជា​ពេល​ប្រជា​ពលរដ្ឋ​ត្រូវការ​ប្រើប្រាស់​ចាំបាច់»។

ជា​មួយ​គ្នា​នោះ ​​អគ្គិសនី​កម្ពុជា ក៏បា​ន​គិត​គូ​រឲ្យ​អស់​លទ្ធភាព​ផ្គុំគ្នា​ជាមួយ​ការ​ជួយ​ដំណើរការម៉ាស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន ​ក្នុង​ការ​ផ្គត់​​ផ្គង់​ពេល​ថ្ងៃ សម្រាប់​ដំណើ​​​​រការ​ផ្នែក​​ឧស្សា​ហកម្ម ការកិន​ស្រូវ​អង្ករ ​(សម្រាប់​នាំចេញ) មន្ទីរ​ពេទ្យ រដ្ឋាករ​ទឹក ស្ថានទូត​និង​ស្ថាប័ន​​រាជរដ្ឋាភិបាល។

ក្នុង​រយៈ​ពេល​ដែល​មាន​ការ​លំបាក​ ៧២ ​ថ្ងៃ រហូត​ចុង​ខែឧសភា ដោយ​​ឡែក​ថ្ងៃបុណ្យ​ជាតិ​រួមនឹង​ថ្ងៃអាទិត្យ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ការងារ​សរុប​ ២៣​ ថ្ងៃអគ្គិសនី​កម្ពុជា​​នឹង​រក្សា​ការ​ផ្គត់ផ្គង់​ឲ្យមាន​ជាធម្មតា។ ប្រសិន​បើ​មាន​ភ្លៀង​ធ្លាក់​មុន​ចុង​ខែ​ឧសភា ការ​ផ្គត់ផ្គង់​នឹង​មាន​ជា​ប្រក្រតី​ឡើង​វិញ។

អគ្គិសនី​កម្ពុជា ក៏បាន​អំពាវ​នាវ​ផងដែរដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អ​ស់ មេត្តា​យោគ​យល់ អធ្យា​ស្រ័យ និង​ជួយ​សន្សំ​សំចៃ ការ​ប្រើ​ប្រាស់ អគ្គិស​នី ដើម្បី​បន្ថយ​ការ​លំបាក ដែល​កំពុង​ជួប​ប្រទះក្នុង​រយៈពេល​អន្តរកាល​នេះ។

ជាមួយ​គ្នានេះ​ដែរ អគ្គិសនី​កម្ពុជា ក៏​បាន​ណែនាំ​ដល់​អតិថិ​ជនឲ្យតាម​ដា​ន​ពិនិត្យ​មើល​ព័ត៌មាន​ពី​កម្មវិធី​កាត់​ចរន្ត​នៅ​តាម​គេហទំព័រ​បណ្ដាញ​សង្គម ​Facebook ផ្លូវ​ការ​របស់​អគ្គិសនី​កម្ពុជា «អគ្គិសនី​កម្ពុជា-EDC» ឬ អាច​ទំនាក់​ទំនង​តាម​រយៈ​លេខ​ទូរស័​ព្ទ​ Hotline 1298 ដែល​មាន​ក្រុម​ការងារ​អគ្គិសនីក​ម្ពុជា រង់​ចាំ​បម្រើ​សេវា ២៤ ម៉ោង​លើ ២៤ ម៉ោង៕