ភ្នំពេញៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​ (​អសប​) ​លោក​ ណី សំអុល បាន​ឆ្លើយតប​ការ​លើក​ឡើង​របស់​ប្រតិភូ​ប្រទេស​នូវែលសេឡង់ ដែល​បាន​រិះគន់​ថា មាន​ការ​រឹតត្បិត​សិទ្ធិមនុស្ស និង​រំលាយ​បក្សប្រឆាំង​នោះ​ថា ព្រោះ​តែ​ពួកគេ​មាន​របៀបវារៈ​លាក់កំបាំង​របស់​ខ្លួន ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ និង​សមិទ្ធផល​ជាច្រើន​ដែល​មាន​ការវិវឌ្ឍ​ឥត​ឈប់ឈរ​ដូច្នេះ​ពួកគេ​ពុំ​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការ​បន្ទាប​តម្លៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដោយ​ប្រើ​ក្រុមប្រឹក្សា​ជា​ឧបករណ៍​នយោបាយ​ដើម្បី​ជ្រៀតជ្រែក​ការបោះឆ្នោត​នៅ​កម្ពុជា​។

ក្នុង​សម័យ​ប្រជុំ​លើក​ទី​ ៣៨ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ​កាលពី​ថ្ងៃទី​ ១៩ ខែ​មិថុនា​លោក​ Jarrod Clyne មន្ត្រី​តំណាង​ប្រទេស​នូវែលសេឡង់​ផ្នែក​សិទ្ធិមនុស្ស​ថ្លែង​ថា​៖ «​ដំណើរការ​បោះឆ្នោត​មួយ​ដែល​គណបក្ស​ប្រឆាំង​សំខាន់​ជាងគេ​ត្រូវ​បាន​ដកចេញ​តាម​អំពើ​ចិត្ត​មិន​អាច​ចាត់ទុក​ថា​ត្រឹមត្រូវ ឬ​អាច​ធានា​បាន​នូវ​ការបញ្ចេញ​មតិ​ដោយ​សេរី​នៃ​ឆន្ទៈ​អ្នកបោះឆ្នោត​បាន​ទេ​»​។

ប៉ុន្តែ​លោក​ ណី សំអុល ថ្លែង​ថា​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ ២៩ ​កក្កដា​ខាង​មុខ​នេះ គឺ​មាន​លក្ខណៈ​ដូច​ការបោះឆ្នោត​ឆ្នាំ​ ១៩៩៣ ដែល​ពេល​នោះ​មាន​គណបក្ស​នយោបាយ​ចំនួន​ ២០ ​បាន​ចូលរួម​។ លោក​ក៏​បាន​ថ្លែង​ដែរ​ថា ការ​រិះគន់​លើ​ការបោះឆ្នោត​ឆ្នាំ​នេះ​ «​បណ្ដាល​មកពី​ការអនុវត្ត​ស្តង់ដារ​ ២ និង​ការ​លាក់​ពុតត្បុត​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ចំនួន​អនុវត្ត​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​»​។

លោក ណី សំអុល ថា​៖ «​ជា​ទីបញ្ចប់​វា​ធ្វើឲ្យ​មាន​ការ​ភាន់ច្រឡំ និង​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​សេចក្តី​ថ្លែងការណ៍​រួម​នេះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មិន​ឲ្យ​ធ្វើ​អន្តរាគមន៍​ក្នុង​ករណី​បណ្ដឹង​របស់​តុលាការ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​សេចក្តី​ថ្លែងការណ៍​នេះ​បែរ​ជា​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​បុគ្គល​មួយ​ចំនួន​ដែល​កំពុង​ជាប់ឃុំ ហើយ​ដែល​រឿងក្តី​របស់​ពួកគេ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ​»​។

ទោះ​ជា​យ៉ាង​ណា​លោក Jarrod Clyne ថា កម្ពុជា​កំពុង​ដើរ​ថយក្រោយ​លើ​ការអភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​អភិវឌ្ឍ​ និង​រីកចម្រើន​ក្នុង​រយៈពេល​ ២៦ ​ឆ្នាំ​គិត​ចាប់ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១​។

លោក​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ទោសនយោបាយ​ផ្សេង​ទៀត​ឥត​លក្ខខណ្ឌ​។ អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​ ១១៨ ​រូប​ធ្វើ​នយោបាយ​ឡើង​វិញ​។ ដកចេញ​ច្បាប់​វិសោធនកម្ម​មួយ​ចំនួន​ដែល​មិន​ស៊ីចង្វាក់​ជាមួយ​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​កម្ពុជា​។ បញ្ឈប់​ការធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នកនយោបាយ​ប្រឆាំង អ្នកកាសែត និង​សង្គម​ស៊ីវិល​។ ឈប់​ធ្វើ​អន្តរាគមន៍​លើ​សំណុំ​រឿង​របស់​តុលាការ និង​ធានា​ឯករាជភាព​ប្រព័ន្ធ​តុលាការ និង​បង្ក​បរិយាកាស​រស់​រវើក សេរី និង​ឯករាជ្យ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​។

ជាមួយ​គ្នា​នេះ​ដែរ​អតីត​ប្រធាន​នៃ​អតីត​គណបក្ស​ប្រឆាំង​ដ៏ធំ​លោក​ សម រង្ស៊ី បង្ហាញ​ហេតុផល​ ២ ​ចំណុច​ដែល​នាំ​ឲ្យ​ការបោះឆ្នោត​ថ្ងៃទី​ ២៩ ​ខែ​កក្កដា​មិន​អាច​ជឿជាក់​បាន​ និង​មិន​មាន​ភាព​ស្រប​ច្បាប់​។

លោក​ សម រង្ស៊ី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​កំពុង​និរទេស​ខ្លួន​បញ្ជាក់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពី​ថ្ងៃទី​ ១៩ ថា​ហេតុផល​ដែល​មិន​អាច​ជឿជាក់​បាន​លើ​ការបោះឆ្នោត​ខាង​មុខ​មាន​ ២ ​យ៉ាង​គឺ​ហេតុផល​នយោបាយ​ និង​ហេតុផល​បច្ចេកទេស​។

សម្រាប់​ហេតុផល​នយោបាយ​លោក​ រង្ស៊ី គូស​បញ្ជាក់​ថា ពិភពលោក​ទាំងមូល​យល់ច្បាស់​ថា ការបោះឆ្នោត​ណា​មួយ​នៅ​កម្ពុជា​នាពេល​នេះ​ដែល​មិន​មានការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ពាក់កណ្តាល​នគរ គឺ​មិន​អាច​យក​ជា​ការ​បាន​ទេ​។

លោក​ រង្ស៊ី សង្កត់ធ្ងន់​ថា​៖ «​ពិភពលោក​ទាំងមូល​ក៏​យល់​ច្បាស់​ដែរ​ថា ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​គ្រាន់​តែ​ជា​លេស​មួយ​ដើម្បី​ឲ្យ​គណបក្ស​កាន់អំណាច​រួច​ផុត​ពី​ការប្រកួតប្រជែង​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​គណបក្ស​ប្រឆាំង​នេះ​កំពុង​មាន​ប្រៀប​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន ដែល​កំពុង​តែ​ភ័យខ្លាច​យ៉ាង​ខ្លាំង​»​។

ដោយឡែក​ហេតុផល​បច្ចេកទេស​លោក​អះអាង​ថា​ក្នុង​ដំណើរការ​បោះឆ្នោត​នីមួយៗ​ត្រូវតែ​មាន​ភ្នាក់ងារ​រាប់ម៉ឺន​នាក់​របស់​បក្សប្រឆាំង​ដ៏ខ្លាំង​មួយ​ដើម្បី​ទប់ស្កាត់​ការបន្លំ​ឈ្មោះ​អ្នក​បោះឆ្នោត និង​ការ​បំភ្លៃ​តួលេខ​ពី​សំណាក់​បក្ស​ប្រជាជន​កម្ពុជា​។

ជាមួយ​គ្នា​នេះ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ម្សិលមិញ​បញ្ជាក់​ជំហរ​មិន​ចូលរួម​ឃ្លាំ​មើល​ការបោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​នេះ​ទេ​។

អង្គការ​តម្លាភាព​កម្ពុជា​បញ្ជាក់​ថា​ ខ្លួន​បាន​ឃ្លាំមើល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៣ និង​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧ ក្នុង​បំណង ​«​លើក​កម្ពស់​សុចរិតភាព​ និង​តម្លាភាព​ក្នុង​ដំណើរការ​បោះឆ្នោត​»​។

តម្លាភាព​កម្ពុជា​ថ្លែង​ថា​៖ «​បរិយាកាស​ និង​លក្ខខណ្ឌ​នយោបាយ​ក្នុង​អំឡុងពេល​ប៉ុន្មាន​ខែ​មុន​ការបោះឆ្នោត​ថ្ងៃទី​ ២៩ កក្កដា បាន​ធ្វើឲ្យ​អង្គការ​តម្លាភាព​កម្ពុជា​ពុំ​អាច​ប្រមូល​បាន​ធនធាន​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​សង្កេតការណ៍​បោះឆ្នោត​ និង​រួមចំណែក​ក្នុង​ដំណើរការ​បោះឆ្នោត​ប្រកប​ដោយ​អត្ថន័យ​នោះ​ឡើយ​»​។

ឆ្លើយតប​នឹង​ការលើក​ឡើង​ខាង​លើ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ ឈឹម ផលវរុណ ថ្លែង​ថា​បក្សប្រឆាំង​មាន​អ្នក​សង្កេតការណ៍​គណបក្ស ហើយ​មាន​អង្គការ​ច្រើន​ដែល​សង្កេតការណ៍ ប៉ុន្តែ​ សម រង្ស៊ី មិន​ទទួល​យក​លទ្ធផល វាយប្រហារ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ​«​អ៊ីចឹង​មាន​ន័យ​ថា​គាត់​អត់​ស្មោះត្រង់​ទៅ​នឹង​ឆន្ទៈ​រាស្ត្រ​ដរាប​ណា​គាត់​ចាញ់ គាត់​តែងតែ​ចោទ​គេ​ហើយ​។ ឥឡូវ​នៅ​ពេល​គាត់​មិន​បាន​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ទៀត​គឺ​គាត់​ត្រូវ​តែ​ឡាំប៉ា​ខ្លាំង​ជាង​ហ្នឹង​ហើយ​»​។

លោក​បន្ថែម​ថា​៖ «​អង្គការ​ណា​ក៏ដោយ​មិនមែន​តែ​អង្គការ​តម្លាភាព​ទេ​រឿង​ចុះ​ឈ្មោះ​ទៅ​សង្កេតការណ៍​បោះឆ្នោត​ជា​សិទ្ធិ​របស់​ខ្លួន​គ្មាន​នរណា​បង្ខំ​ទេ​។ អង្គការ​ណា​មិន​ទៅ​ចុះបញ្ជី​សង្កេតការណ៍​បោះឆ្នោត​អាហ្នឹង​ជា​រឿង​របស់​អ្នក​ឯង​»៕