ភ្នំពេញៈ ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ ១ ​ធ្នូ​ នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ «​សាមគ្គីភាព​ជា​សកល និង​ការទទួល​ខុសត្រូវ​រួមគ្នា​» ក្នុងការ​ប្រយុទ្ធប្រឆាំង​ និង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​អេដស៍ ខណៈ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​កត់សម្គាល់​ថា កម្ពុជា​កំពុង​បង្ហាញ​ឱ្យឃើញ​នូវ​សញ្ញា​វិជ្ជមាន​លើ​ប្រសិទ្ធភាព​ និង​គុណភាព​ខ្ពស់ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​គោលដៅ បញ្ចប់​ជំងឺអេដស៍​នៅ​ឆ្នាំ​ ២០២៥ មុន​កាលកំណត់​ ៥ ​ឆ្នាំ​ របស់​អង្គការ​សហប្រជាជាតិ​។

អង្គការ​សហប្រជាជាតិ​បាន​កំណត់​យក​ឆ្នាំ​ ២០៣០ ជា​ឆ្នាំ​ត្រូវ​បញ្ចប់​ជំងឺអេដស៍​ឱ្យអស់​។

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​បង្ហាញ​ថា អត្រា​ផ្ទុកមេរោគ​អេដស៍​ក្នុងចំណោម​មនុស្សពេញវ័យ​ដែលមាន​អាយុ​ចាប់ពី​ ១៥ ​ឆ្នាំ​ដល់​ ៤៩ ​ឆ្នាំ​បាន​ថយចុះ​ពី​ ០,៨% ​នៅ​ឆ្នាំ​ ២០១០ ​មក​នៅត្រឹម​ ០,៥% នៅ​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​ចំនួន​អ្នកស្លាប់​គ្រប់​វ័យ​ដោយសារ​ជំងឺអេដស៍​បាន​ថយចុះ​ពី​ប្រមាណ ២ ៣០០ ​នាក់ ​នៅ​ឆ្នាំ ២០១០ ​មក​នៅត្រឹម​ប្រមាណ​ ១ ៣០០ ​នាក់ ​ក្នុង​ឆ្នាំ​ ២០១៩​។

បើ​តាម​របាយការណ៍​ដដែល​បច្ចុប្បន្ន​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​គ្រប់​វ័យ​មាន​ប្រមាណ​ ៧៣ ០០០ ​នាក់​ក្នុងនោះ​ ៨៤% បានធ្វើ​តេស្ត​ឈាម​ដឹង​ពិតប្រាកដ​ថា បាន​ផ្ទុកមេរោគ​អេដស៍ ១០០% បាន​ទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង​ ៩៦% ​ទទួល​បាន​ប្រសិទ្ធភាព​នៃ​ការព្យាបាល​នាំឱ្យ​មាន​សុខភាព​ល្អ​។ ចំនួន​អ្នក​ឆ្លង​ថ្មី​គ្រប់​វ័យ​បាន​ថយចុះ​ពី​ប្រមាណ​ ១ ៩០០ ​នាក់​ នៅ​ឆ្នាំ​ ២០១០ មក​នៅត្រឹម​ប្រមាណ​ ៧៨០ ​នាក់​ នៅ​ឆ្នាំ​ ២០១៩​។

តាមរយៈ​សារលិខិត​មួយ​នាឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ ១ ​ធ្នូ ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សមិទ្ធផល​ទាំងនេះ​កំពុងតែ​បង្ហាញ​ឱ្យ​ឃើញ​នូវ​សញ្ញា​វិជ្ជមាន​លើ​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​នៃ​កិច្ចអន្តរាគមន៍​របស់​យើង​ក្នុង​ការទប់ស្កាត់​ការរាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​គោលដៅ ៩៥ ៩៥ ៩៥ ឬ​គោលដៅ​បញ្ចប់​ជំងឺអេដស៍​នៅ​ឆ្នាំ​ ២០២៥ គឺ​មុន​កាលកំណត់​ ៥ ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ​។

លោក​ថ្លែង​ថា​៖ «​យើង​មិនត្រូវ​ភ្លេចខ្លួន ស្កប់ស្កល់​ជាមួយ​ជោគជ័យ​ដែល​យើង​ទទួល​បាន​នោះឡើយ ព្រោះ​ចាប់​តាំងពី​មាន​ការរាតត្បាត​មេរោគ​អេដស៍​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ​មក​រហូត​ដល់​ពេលនេះ​ពិភពលោក​មិនទាន់​រកឃើញ​វ៉ាក់សាំង​ ឬ​ឱសថ​ព្យាបាល​ជំងឺអេដស៍​ឱ្យ​ជាសះស្បើយ​ជា​ស្ថាពរ​នៅឡើយ​ទេ​»​។

បើ​តាម​លោកនាយក​រដ្ឋមន្ត្រី​នៅ​កម្ពុ​ជាមាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ​ ១២ ០០០ ​នាក់ ​នៅ​មិនទាន់​បាន​ត្រឡប់មក​ធ្វើតេស្ត​ឈាម ដើម្បី​បញ្ជាក់​ពិតប្រាកដ​អំពី​ស្ថានភាព​មេរោគ​អេដស៍​នៅក្នុង​ខ្លួន​នោះទេ ខណៈ​អ្នក​ជំងឺអេដស៍​មួយ​ចំនួន​ទៀត​បាននិង​កំពុង​លះបង់​ការព្យាបាល​ឡើងវិញ​។

រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ចាត់ទុក​ការប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ជា​អាទិភាព​ខ្ពស់​ព្រោះ​មេរោគ​អេដស៍​ជា​ការគំរាមកំហែង​ដល់​សុខភាព​សាធារណៈ​ដែល​ជា​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ និង​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។

លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាននិង​កំពុង​បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ និង​ដោយ​ប្រសិទ្ធភាព​ជាមួយ​ដៃគូ​ទាំងអស់​រួមមាន ប្រទេស​ផ្តល់​ជំនួយ​អង្គការ​អន្តរជាតិ​មាន​ជា​អាទិ៍​អង្គការ​សុខភាព​ពិភពលោក​ (WHO) កម្មវិធី​រួម​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ការងារ​អេដស៍ (UNAIDS) មូលនិធិ​សកល (Global Fund) ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​មេរោគ​អេដស៍​នៅ​កម្ពុជា​។

ពី​ឆ្នាំ​ ២០២១ ​ដល់​ឆ្នាំ​ ២០២៣ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិកាបដិភាគ​ចំនួន​ ១៩,៦៥ ​លាន​ដុល្លារ​ ដែល​ក្នុងនោះ​មាន​ថវិកា​ចំនួន​ ១១ ​លាន​ដុល្លារ​ សម្រាប់​ទិញ​ឱសថ​ព្យាបាល​អ្នកជំងឺ​អេដស៍​។

ជាមួយ​គ្នា​នេះ​ដែរ​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកាភាព​ជា​អ្នកដឹកនាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​ក៏បាន​អំពាវនាវ​ផងដែរ​ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ ១ ​ធ្នូ ២០២០ ​នេះ​ដោយ​លោកស្រី​ជំរុញ​ឱ្យ​មាន​ការយកចិត្ត​ទុកដាក់​លើ​ការងារ​ជា​អាទិភាព​ចំនួន​ ៣ ​គឺ​ការចូលរួម​ទប់ស្កាត់​មិន​ឱ្យ​មានការ​ឆ្លង​ថ្មី​ជាពិសេស​ក្នុង​ចំណោម​យុវវ័យ និង​ទប់ស្កាត់​ការចម្លង​ពី​ម្តាយ​ទៅ​កូន​។

លោកស្រី​បាន​បន្ថែមថា​៖ «​ការងារ​អាទិភាព​ទី​ ២ ​គឺ​ផ្តល់​សេវា​គាំទ្រ​ចិត្តសាស្ត្រ​សង្គម​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​ជំងឺអេដស៍ និង​ទី​៣ ​គឺ​បន្ត​ពង្រឹង និង​ពង្រីក​ការអប់រំ​ផ្សព្វផ្សាយ​លើកកម្ពស់​លុបបំបាត់​រាល់​ទម្រង់​នៃ​ការមាក់ងាយ និង​រើសអើង​ចំពោះ​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​អ្នក​ជំងឺអេដស៍​»​។

លោកស្រី​បាន​សង្កត់ធ្ងន់​ថា ថ្វីដ្បិតតែ​ប្រទេស​កម្ពុជា​សម្រេច​បាន​នូវ​ជោគជ័យ​ជា​បន្តបន្ទាប់​យ៉ាងណា​ក៏ដោយ ក៏​ស្ថាន​ភាពជោគជ័យ​នេះ​នៅតែ​ផុយស្រួយ​នៅឡើយ​ដោយសារ​ «​យើង​អាច​ភ្លេច​អេដស៍ តែ​អេដស៍​ពុំ​ភ្លេច​យើង​ឡើយ​» ហើយ​បើ​មាន​ការភ្លេចខ្លួន​បន្តិច​នោះ ការរីករាលដាល​មេរោគ​អេដស៍​នឹង​អាច​ផ្ទុះ​ឡើង​ជា​មិនខានឡើយ​៕