ភ្នំពេញៈ ​ខណៈ​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​សម្ដែង​កង្វល់​អំពី​សេរីភាព​សារព័ត៌មាន​ និង​ចាត់ទុក​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ក្នុង​ការបោះឆ្នោត​របស់​អតីត​គណបក្ស​ប្រឆាំង​ថា​ «​មិនមែន​ជា​ការ​បង្ខិតបង្ខំ​ ឬ​បំភិតបំភ័យ​» ​នោះ គណកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ច្រានចោល​ការអះអាង​ទាំងនេះ​ដោយ​ចាត់ទុក​ថា​ជា​ «​រឿង​មិន​ត្រឹមត្រូវ​» និង «​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​» ប៉ុន្តែ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​ប្រកាស​គាំទ្រ​។

តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ពី​ក្រុង​ហ្សឺណែវ​កាល​ថ្ងៃ​សុក្រ​ «​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​» ​របស់​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​ «​គោរព និង​ធានា​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិយោបល់​» ដោយ​សម្តែង​កង្វល់​អំពី​ការបង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មុន​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី ២៩ ខែ​កក្កដា បន្ទាប់ពី គ.ជ.ប បាន​ចេញ​ក្រមសីលធម៌​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការបោះឆ្នោត​ដោយ​ហាមប្រាម​មិន​ឲ្យ​ចុះផ្សាយ​ព័ត៌មាន ដែល​អាច​នាំ​ឲ្យ​មាន​ការ​ភាន់ច្រឡំ ឬ​បាត់បង់​ទំនុក​ចិត្ត​ក្នុង​ការបោះឆ្នោត ដោយ​ធ្វើការ​ផ្សាយ​ព័ត៌មាន​ដែល​រារាំង​ប្រជាពលរដ្ឋ មិន​ឲ្យ​បោះឆ្នោត និង​បញ្ចេញមតិ​ផ្ទាល់​ខ្លួន ឬ​បុរេវិនិច្ឆ័យ​ជាដើម​។

ក្រុម​អ្នក​ជំនាញ​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា​៖ «​ការហាមប្រាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ក្រមសីលធម៌​នេះ​បាន​នាំ​ឲ្យ​មាន​កង្វល់​ជា​ខ្លាំង​អំពី​សេរីភាព​សារព័ត៌មាន​»​។ «​ការហាមឃាត់​ទាំង​នេះ​ប្រើ​ពាក្យពេចន៍​ក្នុង​ន័យ​ទូលាយ និង​មិន​ច្បាស់លាស់​ដែល​អាច​នាំ​ឲ្យ​មាន​ការ​រឹតត្បិត​លក្ខណៈ​ទូលំទូលាយ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​អាច​មិន​ស្រប​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ​»​។

ពួកគេ​បន្ត​ថា ​អ្នក​សារព័ត៌មាន​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ធ្វើ​សេចក្តី​រាយការណ៍​អំពី​បញ្ហា​ទាំងឡាយ​ដែល​កើត​មាន​នៅ​មុន​ពេល​បោះឆ្នោត ជាពិសេស​បញ្ហា​ចម្រូងចម្រាស​នានា​។ ការរាយការណ៍​បែប​នេះ​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ការរាយការណ៍​ព័ត៌មាន​ដែល​មាន​តម្លាភាព និង​មាន​ទទួល​ខុសត្រូវ​នៅក្នុង​អំឡុងពេល​បោះឆ្នោត​។ ការរាយការណ៍​នេះ​ជួយ​ដល់​អ្នកបោះឆ្នោត​ឲ្យ​ធ្វើការ​ជ្រើសរើស​ដោយ​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា​៖ «​ការហាមប្រាម​នេះ​ក៏​មាន​ផលប៉ះពាល់​អវិជ្ជមាន​ផងដែរ​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម និង​ការជួបប្រជុំ​ដោយ​សន្តិវិធី​ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការចូលរួម​ជា​សាធារណៈ​ក្នុង​បរិបទ​នៃ​ការបោះឆ្នោត​»​។

បន្ថែម​លើ​នេះ​មន្ត្រី UN ក៏​បាន​ចាត់ទុក​ការចាត់​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​អ្នក​ដែល​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​ក្នុង​ការ​បោះឆ្នោត​របស់​អតីត​គណបក្ស​ប្រឆាំង​ថា​ «​មិនមែន​ជា​ការ​បង្ខិតបង្ខំ​ ឬ​បំភិតបំភ័យ​ឡើយ​» ហើយ​ការអំពាវនាវ​នោះ​ទៀតសោត​ក៏​មិន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ដែរ​។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​ទោះ​ជា​ច្បាប់​សិទិ្ធ​មនុស្ស​កម្ពុជា និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ហាមប្រាម​យ៉ាង​ត្រឹមត្រូវ​ចំពោះ​ការបំភិតបំភ័យ​ ឬ​ការគំរាមកំហែង​អ្នក​បោះឆ្នោត​ក៏ដោយ​ក៏​ការ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត មិនមែន​ជា​ការបង្ខិតបង្ខំ ឬ​បំភិតបំភ័យ​ឡើយ ហើយ​ការអំពាវនាវ​នោះ​ទៀត​សោត​ក៏​មិន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ដែរ​។ ផ្ទុយ​ទៅ​វិញ​ការអំពាវនាវ​នេះ គឺ​ទុក​ឲ្យ​អ្នក​បោះឆ្នោត​សម្រេច​ដោយ​សេរី​ថា​ត្រូវ​ចូលរួម ឬ​មិន​ចូលរួម​បោះឆ្នោត​»​។

ប៉ុន្តែ​លោក កត្តា អន សមាជិក និង​ជា​អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទាំងនោះ​កំពុង​តែ​ធ្វើការងារ​ប្រាសចាក​ពី​សីលធម៌ និង​បំផ្លាញ​នូវ​សិទ្ធិសេរីភាព​របស់​មនុស្ស​ទៅវិញ​ទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​យល់​​ថា នេះ​ជា​ចរិត​នយោបាយ​មួយ​ដែល​រដូវកាល​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ជិត​មក​ដល់ យើង​តែងតែ​ឃើញ​ក្រុម​ផ្សេងៗ​ដែល​តាំង​ខ្លួន​ជា​អ្នក​សិទ្ធិមនុស្ស ផ្ទុយ​ទៅ​វិញ​បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​សិទ្ធិ​មនុស្ស​។ នេះ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ​»​។

លោក​ថា ​បរិបទ​សិទ្ធិមនុស្ស​គឺ​អាស្រ័យ​លើ​អធិបតេយ្យ​ជាតិ ដូច្នេះ​គេ​មិន​អាច​ប្រើប្រាស់​អ្វី​ដែល​ផ្ទុយ​នឹង​ច្បាប់​ជាតិ​នោះ​ទេ​។

លោក​ថ្លែង​បែប​ចំអក​ថា​៖ «​គេ​ត្រូវ​គោរព​ច្បាប់​ប្រទេស​កម្ពុជា​ផង​ដែរ​ឧទាហរណ៍​លោកស្រី រ៉ូណា ស្មីត ​គាត់​ជា​ជនជាតិ​អង់គ្លេស ប៉ុន្តែ​ប្រជាជន​អង់គ្លេស​ភាគច្រើន​គេ​ញ៉ាំ​នំប៉័ង គេ​ញ៉ាំ​ឈីស​ (cheese) ​ប៉ុន្តែ​គាត់​ចង់​ឲ្យ​កម្ពុជា ប្រជាជន​ខ្មែរ​ដែល​ញ៉ាំ​អង្ករ (​បាយ​) ឲ្យ​ដូរ​ទៅ​ញ៉ាំ​នំប៉័ង ញ៉ាំ​ឈីស ដូច​គាត់​...»​។

បន្ថែម​លើ​នេះ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​ការ​ថ្លែង​របស់​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ថា​ «​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​» ​របស់​ប្រទេស​កម្ពុជា​។

លោក​ចោទ​ជា​សំណួរ​ថា​៖ «​ជា​ទស្សនៈ​ភ្លីភ្លើ ដែល​ពួក​អ្នក​សិទ្ធិមនុស្ស​អន្តរជាតិ​ចូលចិត្ត​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ថា​ខ្វះ​ស្តង់ដារ​អន្តរជាតិ​? អា​លូកដៃ​រំលោភ​ឯករាជ្យ និង​អធិបតេយ្យភាព​ប្រទេស​ដទៃ​ ឬ​គឺជា​ស្តង់ដារ​អន្តរជាតិ​នោះ​? ការស្ទង់មតិ ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ ការបំភិតបំភ័យ​នោះ​ ឬ​ជា​ស្តង់ដារ​អន្តរជាតិ​នោះ​? នៅក្នុង​កម្ពុជា ត្រូវការ​បទដ្ឋាន​កម្ពុជា​មិន​ត្រូវការ​ការបង្គាប់​បញ្ជា​ពី​បរទេស​ណា​ជាដាច់ខាត ហើយ​មិនមែន​ពួកអ្នក​ក្រៅ​ជា​អ្នក​បកស្រាយ​ថា ត្រូវ​ឬ​មិន​ត្រូវ​នោះ​ទេ​»​។

ប៉ុន្តែ​លោក ព្រាប កុល នាយកប្រតិបត្តិ អង្គការ​តម្លាភាព​កម្ពុជា​ថ្លែងថា​ជាគោលការណ៍​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​សេរី​នូវ​ទស្សនៈ​របស់​ពលរដ្ឋ​សម្រាប់​បញ្ហា​នយោបាយ និង​ការបោះឆ្នោត​។

លោក​ថ្លែង​ថា​៖ «​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ហើយ​ពួកគេ​ក៏​មាន​សិទ្ធិ​មិន​បោះឆ្នោត​។ ជម្រើស​ទាំង​ ២ ​នេះ​គឺ​ស្រប​ច្បាប់​ក្រោម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​តាម​ច្បាប់​។ តាមរយៈ​គោលការណ៍​សាមញ្ញ​ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មិន​បោះឆ្នោត​ទាំង​ ២ ​នេះ​ត្រូវ​តែ​ស្របច្បាប់ និង​អនុញ្ញាត​»​។

លោក​បន្ថែម​ថា​ផ្ទុយ​ទៅ​វិញ ការបង្ខំ ឬ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត ឬ​ការរារាំង ឬ​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​មិន​ឲ្យ​ទៅ​បោះឆ្នោត ផ្ទុយ​នឹង​ឆន្ទៈ​របស់​ពួកគេ​គឺ​ខុស​ច្បាប់ និង​ត្រូវ​តែ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​។

លោក​បញ្ជាក់​ថា​៖ «​កម្ពុជា​បាន​ចុះហត្ថលេខា និង​ផ្តល់​សច្ចាប័ន​លើ​សេចក្តី​ប្រកាស​សកល និង​អនុសញ្ញា​ជាច្រើន រួម​ទាំង​អនុសញ្ញា​ដែល​គ្របដណ្តប់​លើ​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ ហេតុ​ដូច្នេះ​មិន​គួរ​មាន​ស្តង់ដារ​ផ្សេង​គ្នា​ ឬ​ការបកស្រាយ​ផ្សេង​គ្នា អំពី​បទប្បញ្ញត្តិ​ទាំង​នេះ​ទេ​»​។

លោកស្រី​ មូរ សុខហួរ អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​តាមរយៈ​សារ​អេឡិចត្រូនិក​ពី​ក្រៅ​ប្រទេស​ថ្ងៃ​ម្សិលមិញ​មក​ថា គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​មូលដ្ឋាន​នៃ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​គឺ​សេរីភាព​ព័ត៌មាន​សេរីភាព​នៃ​ការនិយាយស្តី សេរីភាព​នៃ​ការបញ្ចេញមតិ​។ «​ការ​បន្ត​គំរាមកំហែង ចាប់ខ្លួន ឬ​បញ្ជូន​ទៅ​អប់រំ ចំពោះ​ការបញ្ចេញមតិ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ផ្នែក​នៃ​បដិវត្តន៍​ពណ៌​ ឬ​បង្ក​ចលាចល​ក្នុង​សង្គម​។ បរិយាកាស​បច្ចុប្បន្ន​នេះ​មិន​អាច​ធ្វើឲ្យ​កើត​មាន​ការបោះឆ្នោត​សេរី និង​យុត្តិធម៌​នោះ​ទេ​»​។

លោកស្រី​ថ្លែង​ថា​លោកស្រី​មិន​ត្រឹមតែ​គាំទ្រ​ក្តីបារម្ភ​របស់​អ្នក​ជំនាញ UN ទេ​ «​ប៉ុន្តែ​ខ្ញុំ​ថែមទាំង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​ទម្រង់​ភាពស្រប​ច្បាប់​ណា​មួយ​ដល់​ដំណើរការ​បោះឆ្នោត​ដោយ​រួម​ទាំង​ការបញ្ជូន​អ្នក​សង្កេតការណ៍​»៕ PS