កំពង់ស្ពឺៈ កម្មកររោងចក្រ ម៉ូណូភា (ខេមបូឌា) Monopia(Cambodia) ប្រមាណជាង ៦០០ នាក់ បានប្រមូលផ្តុំគ្នានៅមុខរោងចក្រក្នុងខេត្តកំពង់ស្ពឺកាលពីម្សិលមិញដើម្បីទាមទារឱ្យថៅកែរោងចក្រទទួលយកតំណាងពួកគេចំនួន ២ នាក់ ឲ្យចូលធ្វើការវិញ ខណៈមន្ត្រីសម្របសម្រួលស្នើឲ្យមានការចរចាដោយសន្ដិវិធីចៀសវាងប្រើអំពើហិង្សា។
លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាកាលពីព្រឹកម្សិលមិញមានកម្មករប្រមាណជាង ៦០០ នាក់ បានប្រមូលផ្តុំគ្នានៅមុខរោងចក្រ។ លោកបន្តថា ក្រោយទទួលបានព័ត៌មាននេះ មន្ត្រីនៃមន្ទីរការងារក៏បានចុះទៅដល់រោងចក្រ និងជួបជាមួយភាគីពាក់ព័ន្ធដើម្បីទទួលពាក្យបណ្តឹងពីកម្មករ និងធ្វើការសម្របសម្រួល។
ទោះយ៉ាងណាលោក បូរិន អះអាងថាក្នុងនាមជាមន្ត្រីសម្របសម្រួលលោកសុំឱ្យភាគីទាំង ២ បន្តការចរចាគ្នាដោយសន្តិវិធី និងចៀសវាងការប្រើអំពើហិង្សាដាក់គ្នា។
លោកបញ្ជាក់ថា៖ «ការចុះទៅនេះមិនទាន់មានដំណោះស្រាយយ៉ាងម៉េចទេ ព្រោះយើងបានជួបជាមួយកម្មករ និងថៅកែ ហើយជំហររបស់ពួកគាត់នៅរឹងរៀងខ្លួននៅឡើយ។ យើងបានពាក្យបណ្តឹងអស់ហើយដូច្នេះយើងនឹងធ្វើការសម្របសម្រួលបន្តទៀត»។
តំណាងកម្មករដែលត្រូវបានបញ្ឈប់ពីការងារក្នុងរោងចក្រ ម៉ូណូភា (ខេមបូឌា) នេះមានឈ្មោះ នូវ ចន្ថា ជាប្រធានសហជីពសេរីឯករាជ្យ និងលោក អឿន ចាន់នី ជាហេរញ្ញិកនៃសហជីពសេរីឯករាជ្យ។ នេះបើតាមតំណាងកម្មករ។
លោក អឿន ចាន់នី ជាតំណាងកម្មករដែលត្រូវបានរោងចក្របញ្ឈប់ពីការងារបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រោយពីក្រុមកម្មករទទួលបានព័ត៌មានពីការបញ្ឈប់ពួកលោកកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំនេះ គឺពួកគេស្ទើរតែជិត ៨០ ភាគរយ នៃកម្មករចំនួនជិត ៩០០ នាក់ ក្នុងរោងចក្រនេះបានផ្តុំគ្នាតវ៉ា។
ទោះជាយ៉ាងណាលោកថាការតវ៉ាទាំងនេះ គឺធ្វើឡើងដោយក្រុមកម្មករផ្ទាល់ មិនមានការអំពាវនាវពីពួកលោកនោះទេ ព្រោះពួកគេយល់ឃើញថាការបញ្ឈប់ពួកគាត់គឺជារឿងអយុត្តិធម៌ ហើយកម្មករចង់ទាមទារឱ្យថៅកែទទួលយកពួកលោកឱ្យចូលធ្វើការវិញ។
លោកបញ្ជាក់ថា៖ «យើងបានដាក់ពាក្យបណ្តឹងហើយ បើមិនមានការចរចា យើងនឹងរង់ចាំមើលបន្តទៀត។ សំខាន់គោលដៅយើង យើងមិនបានធ្វើអ្វីខុសដូចដែលរោងចក្របានចោទប្រកាន់ ដូច្នេះកម្មករដែលស្រឡាញ់យើងនៅតែប្រមូលផ្តុំគ្នាតវ៉ា ហើយការតវ៉ា គឺផ្តើមឡើងដោយខ្លួនគាត់ យើងមិនបានបំផុសបំផុលនោះទេ»។
លោក អឿន ចាន់នី បានបញ្ជាក់ថា ក្រោយពីការប្រមូលផ្តុំគ្នាមួយព្រឹកពីម្សិលមិញ ក្រុមកម្មករបានប្រកាសថានៅថ្ងៃសុក្រនេះ ពួកគេនឹងបន្តការប្រមូលផ្តុំគ្នានៅមុខរោងចក្រទៀតដើម្បីជាការដាក់សម្ពាធទៅថៅកែរោងចក្រឲ្យទទួលយកពួកលោកទាំង ២ នាក់។
ភ្នំពេញប៉ុស្តិ៍មិនអាចរកប្រភពទាក់ទងថៅកែរោងចក្រម៉ូណូភា (ខេមបូឌា) ដើម្បីសុំការបកស្រាយជុំវិញករណីនេះបានទេកាលពីម្សិលមិញ។
ប៉ុន្តែបើតាមលោក ចឹក បូរិន ដែលបានចុះទៅជួបផ្ទាល់ជាមួយថៅកែរោងចក្រ បានឱ្យដឹងថាភាគីរោងចក្របានសម្រេចបញ្ឈប់តំណាង ២ រូប ដោយលើកហេតុផលថា ពួកគេមិនបានបំពេញការងារបានត្រឹមត្រូវតាមច្បាប់ និងបានប្រើប្រាស់ពាក្យសម្តីខ្លាំងៗមកកាន់ថៅកែដែលជាហេតុនាំឱ្យថៅកែបញ្ឈប់ពួកគេ។ ប៉ុន្តែយ៉ាងណាចំពោះការអះអាងនេះត្រូវបានតំណាងកម្មករទាំង ២ នាក់បដិសេធ៕