ភ្នំពេញៈ បន្ទាប់បរាជ័យក្នុងការតវ៉ាទាមទារឲ្យក្រុមហ៊ុនទូទាត់ប្រាក់អតីតភាពការងារនិងអត្ថប្រយោជន៍ផ្សេងៗ មួយចំនួនទៀត អស់រយៈពេលជិត ៣ ខែកន្លងមកនោះ កម្មករកម្មការិនីនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ W&D Cambodia Co., Ltd ប្រមាណ ២០០ នាក់ក្នុងចំណោមកម្មករ កម្មការិនី ១១០៤ នាក់ដែលត្រូវបានរោងចក្របញ្ឈប់កាលពីដើមខែមករា ឆ្នាំ ២០១៩ នេះ បានមកប្រមូលផ្ដុំ គ្នាជាថ្មីកាលពីម្សិលមិញ នៅសួនច្បារមុខភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរស្តូបវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ ដើម្បីឲ្យពួកគេបានត្រឡប់ចូលធ្វើការវិញ។
កម្មករកម្មការិនី ១ ១០៤ នាក់បានធ្វើកូដកម្មតវ៉ាអស់រយៈពេលជាង ១ សប្ដាហ៍ (២៤ ធ្នូ ២០១៨ ដល់ ១ មករា ២០១៩) ដើម្បីទាមទារឲ្យភាគីក្រុមហ៊ុនបើកប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជាកញ្ចប់ដល់ពួកគេនាពេលកន្លងមកនោះ។
កម្មការិនីឈ្មោះ សាំង ចាន់រី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅពេលកំពុងតវ៉ាកាលពីម្សិលមិញថា នៅពេលនេះក្រុមកម្មករទាំងអស់មិនចង់បន្តការតវ៉ាទាមទារឲ្យមានការទូទាត់ប្រាក់អតីតភាពការងារជាកញ្ចប់ទៀតនោះទេគឺសុំឲ្យតែភាគីរោងចក្រទទួលយកកម្មករទាំងអស់ចូលធ្វើការវិញ ដោយពុំមានការរើសអើង បុរស នារី ក្មេង ចាស់ ឬអ្នកមានផ្ទៃពោះ។
ចាន់រី និយាយថា៖ «ភាគីរោងចក្របានបញ្ឈប់ពួកយើងពីការងារ និងប្ដឹងចោទពួកយើងខ្ញុំជាតំណាង ពីបទបំផុសបំផុលចលនាកម្មករឲ្យធ្វើកូដកម្មប្រឆាំងនឹងក្រុមហ៊ុនទៅតុលាការ គឺវាអយុត្តិធម៌សម្រាប់ពួកយើងខ្ញុំជាតំណាង ដូច្នេះហើយទើបបងប្អូនកម្មករយើងខ្ញុំ ទាំងអស់មិនសុខចិត្ត ហើយពួកគាត់ បាននាំគ្នាបន្តកូដកម្មតវ៉ា សុំឲ្យភាគីរោងចក្រទទួលពួកយើងខ្ញុំទាំងអស់គ្នាចូលធ្វើការវិញ ដោយពុំមានការរើសអើង»។
តំណាងម្នាក់ទៀត ដែលមានវត្តមាននៅក្នុងការតវ៉ានោះដែរ លោក វិត វណ្ណ បានឲ្យដឹងផងដែរថា បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញលិខិតរក្សាការពារមួយកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ដោយបង្គាប់ឲ្យភាគីកម្មករវិលចូលធ្វើការវិញក្នុងរយៈពេល ៤៨ ម៉ោង ក្រោយពីពួកគាត់បាននាំគ្នាតវ៉ាអស់រយៈពេល ១ សប្ដាហ៍នោះ ពួកគាត់បានវិលត្រឡប់ចូលធ្វើការតាមដីកាបង្គាប់បញ្ជារបស់តុលាការ ប៉ុន្តែខាងរោងចក្រ បានបញ្ចប់កិច្ចសន្យាបញ្ឈប់ពីការងារ។
លោក វណ្ណ បាននិយាយថា៖ «យើងក៏បានចាប់ផ្ដើមធ្វើការតវ៉ាជាថ្មី ព្រោះភាគីរោងចក្រមិនគោរពតាមការបង្គាប់បញ្ជារបស់តុលាការ»។
អ្នកស្រី ឆេង សុគន្ធា ជំនួយការរដ្ឋបាលរោងចក្រ W&D Cambodia Co., Ltd បានថ្លែងថាខាងភាគីក្រុមហ៊ុន បានស្នើឲ្យមានការជួបប្រជុំសម្របសម្រួលដំណោះស្រាយបញ្ចប់វិវាទនៅក្រសួងការងារនៅរសៀលថ្ងៃអង្គារ ដោយសុំឲ្យមានតែតំណាង ៦ នាក់ចូលរួម។
លោក ហែម ហឿន អគ្គលេខាធិការរងនៃគណៈកម្មការដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានថ្លែងថា ក្រសួងបានព្យាយាមសម្របសម្រួលដំណោះស្រាយវិវាទការងាររវាងភាគីក្រុមហ៊ុនរោងចក្រ W&D Cambodia Co., Ltd និងកម្មករដែលមកតវ៉ានេះ ច្រើនដងមកហើយ ប៉ុន្តែពួកគេមិនសះជានឹងគ្នា៕