ស្ទឹងត្រែង/ព្រះវិហារៈ តាមរយៈគម្រោងពូជស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ប្រជាកសិករប្រមាណជាង ១ ០០០ គ្រួសារ ដែលរស់នៅក្នុង និងក្បែរ តំបន់ដែនជម្រកសត្វព្រៃនៃប្រទេស កម្ពុជា បានផ្លាស់ប្ដូរជីវភាពថ្មី ដោយពួកគេភាគច្រើនបានក្លាយខ្លួនជាកសិករគំរូ និងជាសកម្មជនការពារព្រៃឈើ និងសត្វព្រៃផងដែរ។
លោក កែវ សុជាតិ អ្នកសម្របសម្រួលអង្គការសន្សំម្លប់ព្រៃ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃអង្គារថា គម្រោងពូជស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយ៉ង បានចាប់ផ្ដើមបង្កើតឡើងក្នុងឆ្នាំ ២០០៩ នៅខេត្តព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ហើយទទួលបានការគាំទ្រ និងចូលរួមយ៉ាងផុសផុលពីប្រជាសហគមន៍មូលដ្ឋាន ដែលរស់នៅក្បែរតំបន់ដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព និងឆែប។ ដោយមានកិច្ចសហការជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិនៅឆ្នាំ ២០១៧ គម្រោងនេះត្រូវបានពង្រីកមកកាន់តំបន់ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច នៃខេត្តស្ទឹងត្រែង។
លោកសុជាតិ បាននិយាយថា៖ «គម្រោងពូជស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ គឺផ្នែកមួយនៃការចូលរួមការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃនៃតំបន់ដែនជម្រកសត្វព្រៃនៅកម្ពុជា និងជាផ្នែកមួយនៃការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ តាមរយៈការដាំដុះដំណាំសរីរាង្គ»។
លោកបន្តថា គិតត្រឹមពាក់កណ្ដាលខែ មិថុនា ឆ្នាំ ២០១៩ ប្រជាកសិករជាង ១ ០០០ គ្រួសារ បានចូលរួមជាមួយគម្រោងនេះ ដោយក្នុងនោះនៅខេត្តព្រះវិហារមានអ្នកចូលរួមជាង ៦០០ គ្រួសារ និងនៅខេត្តស្ទឹងត្រែងមានអ្នកចូលរួមជិត ៤០០ គ្រួសារ។ អ្នកចូលរួមក្នុងគម្រោងនេះទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះ តាមបែបកសិកម្មសរីរាង្គ ដែលមានគុណភាព និងបរិមាណផលខ្ពស់ តាមរយៈការផ្ដល់គ្រាប់ពូជសុទ្ធល្អ ដោយឥតគិតថ្លៃ និងការជួយជ្រោមជ្រែងផ្នែកច្បាប់ដើម្បីទទួលបានការទទួលស្គាល់ និងចុះបញ្ជីដីកសិកម្មរបស់ពួកគេពីអាជ្ញាធរពាក់ព័ន្ធនានា។ ព្រោះដីកសិកម្មរបស់ពួកគេទាំងនោះ ភាគច្រើនស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃ។
លោក សុជាតិ បញ្ជាក់ថា៖ «ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងការបង្កើនប្រាក់ចំណូលកសិករ ដែលបានចូលរួមនៅក្នុងគម្រោងរបស់យើង និងដើម្បីឲ្យពួកគាត់ចូលរួមក្នុងការអភិរក្សតំបន់ដែនជម្រកសត្វព្រៃ ដែលពួកគាត់កំពុងរស់នៅ និងអាស្រ័យផល យើងបានជួយប្រមូលទិញនូវកសិផលរបស់ពួកគាត់ក្នុងតម្លៃខ្ពស់ជាងពីតម្លៃទីផ្សារសេរី ១០ ភាគរយ សម្រាប់ឆ្នាំទី ១ និងខ្ពស់ជាង ២០-៣០ ភាគរយ ក្នុងឆ្នាំទី៣ ក្រោយ ពីមានការវាយតម្លៃថា កសិផលរបស់ពួកគេពិតជាកសិផលសរីរាង្គមួយរយភាគរយ និងត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃគម្រោងរបស់យើង»។
លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជានៃអង្គការជីវិតសត្វស្លាបអន្តរជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សម្រាប់គម្រោងពូជស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយ៉ង នៅក្នុងតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិចនេះ ដំបូងឡើយមានអ្នកចូលរួមត្រឹមតែ ៤៣ គ្រួសារប៉ុណ្ណោះ។ ប៉ុន្តែមកទល់ពេលនេះ មានអ្នកចូលរួមបានកើនឡើងរហូតដល់ ៣៨៤ គ្រួសារ។
លោកថ្លែងថា៖ «តាមរយៈការលើកទឹកចិត្តរបស់ម្ចាស់គម្រោងខាងលើនេះ កសិករតម្រូវឲ្យមានការគោរព និងអនុវត្តន៍តាមលក្ខខណ្ឌចម្បងៗចំនួន ៤ ក្នុងចំណោមលក្ខខណ្ឌចំនួន ១២ ដែលរួមមាន មិនបរបាញ់សត្វព្រៃ ឬ កាប់ឈើខុសច្បាប់។ មិនទន្រ្ទានដីព្រៃនៅដែនជម្រកសត្វព្រៃ មិនប្រើប្រាស់ជីគីមីគ្រប់ប្រភេទ និងមិន ប្រើប្រាស់ថ្នាំគីមីសម្រាប់សម្លាប់សត្វល្អិតចង្រៃគ្រប់ប្រភេទ»។
បើតាមលោក វរសក្ស ប្រជាសហគមន៍ភាគច្រើន ដែលបានចូលរួមនៅក្នុងគម្រោងនេះ បានក្លាយទៅជា កសិករគំរូ និងជាសកម្មជនការពារព្រៃឈើ និងសត្វព្រៃនៃតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាងនេះផងដែរ ដោយពួកគាត់បានចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានជាប្រចាំ។
ពីម្សិលមិញ លោក ផាន់ យុត្តិ អភិបាលស្រុកសៀមប៉ាង ប្រាប់ភ្នំពេញប៉ុស្តិ៍ថា តាមរយៈគម្រោងនេះ បទល្មើសព្រៃឈើ និងសត្វព្រៃមានការថយចុះគួរឲ្យកត់សម្គាល់។ ពិសេសបទល្មើសកាប់រានដីព្រៃត្រូវបានលុបបំបាត់ទាំងស្រុងក្នុងតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច។ ព្រោះមានការចូលរួមយ៉ាងផុលផុសពីប្រជាសហគមន៍ក្នុងមូលដ្ឋាន ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះ។
លោកបញ្ជាក់ថា៖ «ទន្ទឹមនឹងនេះ ជីវភាពរបស់បងប្អូនប្រជាកសិករយើង ដែលនៅក្នុងក្បែរ និងជុំវិញតំបន់ដែនជម្រកសត្វព្រៃខាងលើនេះ ក៏មានការប្រែប្រួលល្អប្រសើរជាងមុនផងដែរ។ ព្រោះមានការជួយជ្រោម ជ្រែងផ្នែកបច្ចេកទេសនៃការដាំដុះ ប្រមូលផល និងជួយទំនុកបម្រុង ពូជស្រូវសុទ្ធល្អ ដល់កសិករ ពិសេស បានជួយទិញកសិផលពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារ ១០-៣០ ភាគរយថែមទៀត»។
លោកបន្ថែមថា ថ្មីៗនេះ ម្ចាស់គម្រោង បាននាំយកពូជស្រូវផ្ការំដួលជាង ៦ តោន មកចែកជូនកសិករជិត ៤០០ គ្រួសារ ដែលបានចូលរួមក្នុងគម្រោងនេះដើម្បីឲ្យពួកគេធ្វើការដាំដុះសម្រាប់ដើមរដូវវស្សានេះ៕