ភ្នំពេញៈ ក្រសួង​បរិស្ថា​ន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ ​បាន​បង្ហាញ​ពីការ​​រក​ឃើញ​សារធាតុ «ហ្សានីដ» ខ្លះ​ៗ ទាក់ទង​នឹង​ករណី​ពុលដ៏​ចម្រូង​ចម្រាស​នៅ​ខេត្ត ​ក្រចេះ កាល​​ពី​ដើម​ខែ​នេះ ដែល​អាច​ជា​ផ្នែក​មួយធ្វើឲ្យ​ពលរដ្ឋ​ ១៤ ​នាក់​ស្លាប់ ​និង​ ជិត​ ៣០០ ​នាក់​ទៀត​ធ្លាក់​ខ្លួន​ឈឺ​ និង ​ត្រូវ​បាន​សង្គ្រោះ​ដោយ​ក្រុម​គ្រូ​ពេទ្យ​ ។ ថ្លែង​ក្រោយ​បញ្ចប់​សុន្ទរក​ថា ក្នុង​ពិធី​បើក​សិក្ខា​សាលា​បណ្ដុះ​បណ្ដាល​ស្ដី​ពី ​«ការ​ប្រែប្រួល​អាកា​ស​ធាតុ​ សម្រាប់​ថ្នាក់​ដឹក​នាំ​វ័យ​ក្មេង ​និង ​យុវ​ជន​រាជ​ធានី​ភ្នំពេញ» នៅ​ឯ​សណ្ឋា​គារ​កាំបូ​ឌីយ៉ា​ណា ​រាជ​ធា​នី ​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ លោក ​ទិន​ ពន្លក​ អគ្គ​លេខា​ក្រុម​ប្រឹក្សា​ជាតិ​អភិ​វឌ្ឍន៍​ដោយ​ចីរ​ភាពនៃ​ក្រសួង​បរិ​ស្ថាន ​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​​យ៉ាង​ខ្លី​ថា ការធ្វើ​សំណាក​ឈាម​លើ​ជន​រង​គ្រោះ​ដែល​​ស្លាប់​ក្នុង​ឧប្ប​ទ្ទវ​ហេតុ​ពុល​ នៅ​ខេត្ត​ក្រចេះ​ កាលពី​ ៣ សប្ដាហ៍​មុន​នេះ ​បាន​រក​ឃើញ​មាន​សា​រធាតុ «ហ្សា​នីដ​» ប៉ុន្តែ​ក្នុង​កម្រិត​តិច​តួច​បំផុត​។ លោក​បាន​ប​ញ្ជាក់​ថា៖ «ខ្ញុំ​មិន​ទាន់​ហ៊ាន ​[អធិប្បា​យ​រឿង]​ នេះ​ទេ ប៉ុន្តែ ​បើ​តាម​ខ្ញុំមើល​ជំ​ហាន​ដំបូង​ ដូច​ជា ​គ្មាន​កម្រិត​ខ្ពស់​ប៉ុន្មាន​ទេនៅ​ក្នុង​ស៊ែម​ផល​ [សំ​ណាក]​ ដូច​ជា​មាន ១-២​ ទេ​។​ តែ ​ខ្ញុំ​សូម​អធ្យា​ស្រ័យ ​ការងា​រហ្នឹង​ប្រហែល​ជា​នៅ​ក្នុង​កម្រិ​ត​ជំនាញ​ គាត់​ត្រូវ​បក​ស្រាយ​ទៀត។ លទ្ធ​ផល​ដំបូង​នេះ​ គឺ​គ្រាន់​តែ​ប្រាប់​យើង​ថា​ កម្រិត​ណាៗ​ទេ ​តែ​ការ​បក​ស្រាយធៀប​ជា​មួយ​ស្តង់​ដារ​ជាតិ ស្ដង់​ដារ​យើង​ហ្នឹង​ គឺជា​រឿង​មួយ​ផ្សេង​ទៀត ដើម្បី​ពន្យល់​ថា ​កម្រិត​គ្រោះ​ថ្នាក់​ហ្នឹង​វា​ប៉ុន​ណា​ និង ​ដើម្បី​ត្រូវ​ចាត់​វិធាន​អី​ទៀត»​៕