ភ្នំពេញៈ សកម្មភាពពិនិត្យ និងព្យាបាលអ្នកជំងឺ ពិសេសស្ត្រីមានផ្ទៃពោះ និងកុមាររបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផានៅតែមមាញឹក បើទោះបីស្ថានភាពហិរញ្ញវត្ថុបានពីវិភាគទានមានការធ្លាក់ចុះដោយសារវិបត្តិកូវីដ-១៩ក្តី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» ពីថ្ងៃទី ១៩ ខែមករា ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានកាលពីថ្ងៃពុធ។
របាយការណ៍ព័ត៌មានរបស់ក្រុមប្រឹក្សានេះបានបង្ហាញថាពេញ ១ ឆ្នាំ ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលវិភាគទានសរុបចំនួន ៦១ ៩៨១ លានរៀល និង ៦ លានដុល្លារអាមេរិក ដែលបានពីប្រភពនានា រួមមានពីរាជរដ្ឋាភិបាល ពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ពីកាកបាទក្រហមកម្ពុជា និងពីសប្បុរសជនទូទៅ។ ចំនួននេះបើធៀបនឹងវិភាគទានដែលទទួលបានកាលពីឆ្នាំ ២០១៩ គឺមានការថយចុះប្រមាណ ២០ ភាគរយ តែមិនរាប់បញ្ចូលថវិកាគម្រោង H.EQUIP និងការបរិច្ចាគផ្ទាល់នៅមន្ទីរពេទ្យទេ។
យ៉ាងណាក្ដី លោក DenisLaurent អគ្គនាយកមូលនិធិគន្ធបុប្ផាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ថ្វីបើក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ ខាងមន្ទីរពេទ្យទទួលបានកញ្ចប់ថវិកាវិភាគទានតិចតួចពីប្រទេសស្វ៊ីស និងកម្ពុជាក៏ដោយ ក៏ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផានៅតែបន្តដំណើរការយ៉ាងសកម្មដោយឈរលើស្មារតីមនុស្សធម៌។
លោកបញ្ជាក់ថា៖ «យើងបាននិងកំពុងធ្វើការធម្មតាសម្រាប់កុមារ និងស្ត្រីមានផ្ទៃពោះ បើទោះជាក្នុងស្ថានភាពកូវីដ១៩នេះ យើងទទួលបានថវិកាពីការបរិច្ចាគតិចតួចពីស្វ៊ីស និងកម្ពុជាក្ដី»។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជានៅក្នុងឆ្នាំ ២០២០ កន្លងទៅមន្ទីរពេទ្យគន្ធបុប្ផាបានទទួលកុមារមកពិគ្រោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅចំនួន ៦៣៩ ២៦៨ ករណី,ស្ត្រីមានផ្ទៃពោះចំនួន ១៣២ ៤៤៣ ករណី,កុមារបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៣៣ ០២៦ នាក់ ហើយក្នុងចំណោមនោះមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ៤ ៤៨៨ នាក់,ជំងឺគ្រុនឈីក ១ ៤៩២ នាក់ និងវះកាត់សរុប ២៤ ៨២២ នាក់។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានណែនាំនៅក្នុងរបាយការណ៍នោះឱ្យលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាខិតខំកៀរគរវិភាគទានសប្បុរសធម៌បន្ថែមទៀតដើម្បីបន្តរួមចំណែកទ្រទ្រង់ដល់ប្រតិបត្តិការ និងនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា និងលើកស្ទួយស្មារតី “ខ្មែរជួយខ្មែរ” ឱ្យបានកាន់តែទូលំទូលាយ៕
វីដេអូ៖