កំពង់ចាមៈ ខណៈ​យុទ្ធនាការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​ពិនិត្យ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​លើ​ផ្លូវ​កំពុង​បន្ត នគរបាល​ខេត្ត​កំពង់ចាម​បាន​បញ្ឈប់​អ្នក​បើកបរ​រថយន្ត​ដឹកជញ្ជូន​ចំនួន​ ៦៤៨ ​នាក់ និង​សហការី​របស់​ពួកគេ​ដែល​ក្នុង​នោះ​ ៩៥ ​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​មាន​សារជាតិ​គ្រឿង​ញៀន​ចាប់​តាំងពី​ខែ​ឧសភា​មក​។

កាលពី​ថ្ងៃ​អង្គារ​អ្នក​បើកបរ​រថយន្ត​ដឹកជញ្ជូន​ចំនួន​ ១៦៧ ​នាក់ ព្រូ និង​កម្មករ​​រថយន្ត​របស់​ពួកគេ​រួម​ជាមួយ​នឹង​រថយន្ត​ដឹកជញ្ជូន​ចំនួន​ ៧៦ ​គ្រឿង​ត្រូវ​បាន​បញ្ឈប់​ដើម្បី​ពិនិត្យ ហើយ​ ២០ ​នាក់​ក្នុង​ចំណោម​ពួកគេ​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​មាន​សារជាតិ​គ្រឿងញៀន​វិជ្ជមាន​។

អ្នក​ទាំង​ ២០ ​នាក់​នោះ​មាន​វ័យ​ជាង ​៣០ ​ឆ្នាំ​ដែល​រួមមាន​អ្នក​បើករថយន្ត​ ៧ ​នាក់ ព្រូ​ ៥ ​នាក់ និង​កម្មករ​ ៨ ​នាក់​។

លោក អ៊ិត ដារ៉ា ស្នងការរង​នគរបាល​បាន​ថ្លែង​ថា​ពួកគេ​បាន​ចាប់ផ្តើម​យុទ្ធនាការ​ពិនិត្យ​អ្នក​បើកបរ​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ចាប់​តាំងពី​ខែ​ឧសភា​ឆ្នាំ​នេះ​ដោយ​មាន​គោលការណ៍​ណែនាំ​ពី​អាជ្ញាធរខេត្ត​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​បាន​ពិនិត្យ​មនុស្ស​ប្រុស​ ១៦៧ ​នាក់​។ យើង​ពិនិត្យ​តែ​រថយន្ត​ដឹកជញ្ជូន​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​»​។ ​លោក​បាន​បន្ថែម​ថា​ពួកគេ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​បុរស​ទាំង​នោះ​ទៅ​តុលាការ​។

លោក ដារ៉ា បាន​បន្ថែម​ថា​វា​ជា​លើក​ទី​ ៥ ​ហើយ​ដែល​ពួកគេ​បាន​ពិនិត្យ ហើយ​ ៩៥ ​នាក់​ក្នុង​ចំណោម​បុរស​ ៦៤៨ ​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញ​ប្រើប្រាស់​​គ្រឿងញៀន​វិជ្ជមាន​នៅ​ក្នុង​ស្រុក​ជើងព្រៃ ស្រុក​បាធាយ និង​ស្រុក​កំពង់សៀម ក្នុង​ខេត្ត​កំពង់ចាម​។

លោក​បាន​បន្ត​ថា​៖ «​គោលបំណង​នៃ​យុទ្ធនាការ​នេះ​គឺ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿងញៀន និង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​»​។

លោក ដារ៉ា បាន​គូសបញ្ជាក់​អំពី​គ្រោះថ្នាក់​គួរ​ឲ្យ​ខ្លាច​ដែល​បង្ក​ឡើង​ដោយ​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងញៀន​។ ​គាត់​បាន​បើក​រថយន្ត​ចុះ​ពី​ស្ពាន ហើយ​បុក​ផ្ទះ​មួយ​កាលពី​ខែ​ឧសភា​។

លោក​បាន​ថ្លែង​ថា​៖ «​អ្នកបើកបរ​បាន​បើក​ចុះ​ពី​ស្ពាន ហើយ​បុក​ផ្ទះ​តែ​ម្តង បន្ទាប់មក​យើង​បាន​រកឃើញ​គ្រឿងញៀន​ចំនួន​ ២ ​ថង់​។ គាត់​ដឹកទំនិញ ប៉ុន្តែ​យើង​បាន​រកឃើញ​គ្រឿងញៀន ហើយ​គាត់​ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញ​ប្រើប្រាស់​គ្រឿងញៀន​វិជ្ជមាន​»​។

លោក រុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​សាធារណៈ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា ការពិនិត្យ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​នៅ​លើ​ដង​ផ្លូវ​​ជា​រៀងរាល់ថ្ងៃ​គឺជា​ការងារ​ចម្បង​របស់​នគរបាល​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការប្រើប្រាស់​គ្រឿងញៀន​។

លោក​បាន​ថ្លែង​ថា​៖ «​ចំពោះ​រថយន្ត​ដឹកជញ្ជូន​នៅ​ពេល​យប់ អ្នក​បើកបរ​បាន​ប្រើប្រាស់​វា​ជា​ញឹកញាប់ ហើយ​នៅពេល​ពួកគេ​ប្រើ​ជ្រុល ពួកគេ​មាន​ទំនោរ​បំពាន​លើ​អ្នក​ដទៃ​ដែល​បើកបរ​នៅលើ​ដងផ្លូវ​ដូច​គ្នា​»​។

លោក​បាន​អះអាង​ថា​៖ «​នៅពេល​ពួកគេ​ប្រើប្រាស់​គ្រឿងញៀន ពួកគេ​មិនអាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​បាន​។ ​យើង​ពិនិត្យ​វា ប៉ុន្តែ​វា​នៅ​តែ​ជា​ក្តីបារម្ភ​របស់​យើង​ថា​អ្នក​បើកបរ​កំពុង​ប្រើប្រាស់​គ្រឿងញៀន ខណៈ​កំពុង​ប្រើប្រាស់​ផ្លូវ ហើយ​ការផ្តោត​របស់​យើង​មិន​មាន​សមត្ថភាព​ទៅ​គ្រប់​ដង​ផ្លូវ​នោះទេ​»​។

លោក អៀរ ចរិយា នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែង​ថា នៅពេល​អ្នក​បើកបរ​ប្រើប្រាស់​គ្រឿងញៀន​វា​ធ្វើឲ្យ​គាត់​មិនអាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​បាន ដោយសារ​គ្រឿងញៀន​គឺ​ដូច​គ្រឿង​ស្រវឹង​ដែរ​។

លោក​បាន​បន្ត​ថា​៖ «​យើង​ក៏​បាន​ចែងច្បាប់​ផង​ដែរ​ថា អ្នកប្រើប្រាស់​គ្រឿងញៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើកបរ​ទេ​។ ប្រសិន​បើ​គាត់​ប្រើប្រាស់​គ្រឿងញៀន គាត់​មិន​អាច​ប្រើប្រាស់​ផ្លូវ​ថ្នល់​ប្រកប​ដោយ​សុវត្ថិភាព​ទេ​»​។

លោក​ថា​រដ្ឋាភិបាល​ក៏​គួរ​ពិនិត្យ​ផង​ដែរ​ទៅ​លើ​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​កាត់ដេរ​ដោយសារ​រាល់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​កម្មករ​តែងតែ​ពាក់ព័ន្ធ​ជាមួយ​កម្មករ និង​មាន​របួស​ជាច្រើន​។

លោក សួន វ៉ាន់ហុង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ក្រសួង​ការធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា​យានយន្ត​ប្រមាណ​ ៦០ ​ម៉ឺន​គ្រឿង​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​លោក​ដែល​រួម​មាន​រថយន្តក្រុង រថយន្ត​ភីកអាប់ និង​រថយន្ត​ដឹកជញ្ជូន​ជាដើម​។

លោក មាស វីរិទ្ធ អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​ថា ពួកគេ​នៅ​បន្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់​ខ្លួន​។

លោក​បាន​ថ្លែង​ថា​ច្បាប់​ចែង​រួច​ហើយ​ថា ការប្រើប្រាស់​គ្រឿងញៀន​ក៏​ផ្តល់​ទុក្ខទោស​ដល់​អ្នក​បើកបរ​លើ​ដងផ្លូវ​ផង​ដែរ​។

លោក​បាន​បន្ត​ថា​៖ «​នៅក្នុង​យុទ្ធនាការ​របស់​យើង យើង​ក៏​ធ្វើ​វា​ផង​ដែរ​។ ​ដំបូង​យើង​បាន​ណែនាំ​ទៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់​រួច​ហើយ ឲ្យ​ចូលរួម​នៅក្នុង​សកម្មភាព​របស់​យើង​។ ពួកគេ​ពិនិត្យ​ទៅ​លើ​បុគ្គលិក​របស់​ខ្លួន​នៅ​ក្នុង​ក្រុមហ៊ុន​ដឹកជញ្ជូន​របស់​ពួកគេ​ដោយសារ​យើង​គិត​ថា អ្នក​ដែល​ធ្វើការ​ពេល​យប់ អាច​ធ្លាក់​ចូល​ទៅ​ក្នុង​ការប្រើប្រាស់​គ្រឿងញៀន​ហើយ​ពេល​ខ្លះ​ពួកគេ​ប្រើប្រាស់​ជ្រុល​វា​បង្ក​ឲ្យ​មាន​បញ្ហា​»​។

លោក​បាន​ថ្លែង​ថា​ផ្នែក​នៃ​យុទ្ធនាការ​នេះ​ពួកគេ​ក៏​បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ទាំងនោះ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿងញៀន និង​បញ្ឈប់​ការជួញដូរ​គ្រឿងញៀន​។

លោក​បាន​បន្ត​ថា​៖ «​យើង​បាន​ប្រាប់​ពួកគេ​ឲ្យ​ពិនិត្យ និង​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ស្តាប់​ការណែនាំ​របស់​យើង​។ ​យើង​ព្យាយាម​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ទំនង​ជា​ប្រើប្រាស់​គ្រឿងញៀន ហើយ​យើង​បាន​ធ្វើការ​ពិនិត្យ​ទឹកនោម​ទូទាំង​ប្រទេស​»៕ PS