ភ្នំពេញៈ សំណង់​បន្ទប់​សម្រាប់​មេធាវី​ជួប​ជាមួយ​កូនក្តី ឬ​ជនជាប់ចោទ​នៅ​តាម​ពន្ធនាគារ​ទូទាំង​ប្រទេស​នឹងត្រូវ​បញ្ចប់​ការសាងសង់​រួចរាល់​នៅ​ឆ្នាំ​ ២០១៩ ​ខាង​មុខ​នេះ ខណៈ​បន្ទប់​មេធាវី​នៅ​ពន្ធនាគារ​ចំនួន​ ៤ ​ខេត្ត​ត្រូវ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ដោយ​ការប្រើ​កម្លាំង​ពលកម្ម​របស់​ទណ្ឌិត ហើយ​ដែល​ក្នុង​បន្ទប់​នីមួយៗ​ត្រូវ​ចំណាយ​ថវិកា​ពី​ ៥ ​ពាន់​ទៅ​ ៦ ​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​។

លោកស្រី​មេធាវី លឹម ច័ន្ទលីដា ប្រធាន​គណៈកម្មការ​សាងសង់​នៃ​គណៈមេធាវី​បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា សំណង់​បន្ទប់​មេធាវី​សម្រាប់​ជួប​កូនក្តី​នៅ​តាម​ពន្ធនាគារ​ទូទាំង​ប្រទេស​ដែល​គណៈមេធាវី​ចាប់​ផ្តើម​ធ្វើការ​សាងសង់​តាំងពី​ខែ​សីហា ឆ្នាំ​ ២០១៨ រហូត​មក​ដល់​ពេល​នេះ​សាងសង់​រួចរាល់​បាន​ ៤ ​ខេត្ត​ហើយ គឺ​ខេត្ត​តាកែវ ស្វាយរៀង ព្រៃវែង និង​ខេត្ត​បាត់ដំបង​។ លោកស្រី​បាន​បន្ថែម​ថា​បន្ទប់​មេធាវី​នៅ​ពន្ធនាគារ​តាម​ខេត្ត​ផ្សេងៗ​ដែល​មាន​ជាង​ ១០ ​ខេត្ត​ទៀត​ក្នុង​ចំណោម​ ២៥ ​ខេត្ត-ក្រុង​នោះ សង់​បាន​សម្រេច​ពី​ ៤០ ​ទៅ​ ៦០ ​ភាគរយ​ដែរ​ហើយ​។

លោកស្រី​បាន​បញ្ជាក់​ថា​៖ «​នៅ​តែ​យើង​ដាក់​ស្លាក​ឈ្មោះ​សប្បុរសជន​ដែល​ភាគច្រើន​ជា​មេធាវី ជា​អ្នក​ឧបត្ថម្ភ​ថវិកា​ និង​ស្លាក​ឡូហ្គោ​របស់​គណៈមេធាវី​នៅ​សង​ខាង​ច្រកទ្វារ​ចូល​បន្ទប់​តែ​ប៉ុណ្ណោះ​។ ចំពោះ​តុ​កៅអី​ក្នុង​បន្ទប់​នោះ​យើង​ទិញ​ដាក់​សុទ្ធ​តែ​ជា​ប្រភេទ​ឈើ​​ល្អ​រួម​បំពាក់​ម៉ាស៊ីន​ត្រជាក់​ ១ ​និង​កង្ហា​ ១ ​ផង​។ សំណង់​បន្ទប់​មេធាវី​ [​ទាំងអស់​] ​នឹង​សាងសង់​រួចរាល់​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០១៩»​។

លោកស្រី ច័ន្ទលីដា បាន​បន្ត​ឲ្យ​ដឹង​ថា ចំពោះ​ថវិកា​មួយ​ផ្នែក​ដែល​ក្រុម​មេធាវី​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​សាងសង់​បន្ទប់​មេធាវី​ទាំងនោះ​គឺជា​ចំណែក​​មួយ​ដែល​ពួកគាត់​មាន​បំណង​ជួយ​ដល់​ផ្នែក​កិច្ចការ​សង្គម​។ ចំពោះ​កម្លាំង​ពលកម្ម​វិញ​គឺ​ខាង​ពន្ធនាគារ​ជា​អ្នក​ជួយ​ពោល​គឺ​ខាង​គណៈមេធាវី​បាន​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ហើយ​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ជា​អ្នក​ជួយ​ផ្តល់​កម្លាំង​ពលកម្ម ដោយ​ប្រើ​កម្លាំង​អ្នក​ជាប់ឃុំ​ដើម្បី​សាងសង់​ដែល​ពួកគេ​មាន​ជំនាញ​ផ្នែក​សំណង់​។ ប៉ុន្តែ​ខាង​គណៈមេធាវី​ក៏​បាន​ជួយឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដែរ​ដល់​ពួកគេ​មិនមែន​ថា​មិន​ឲ្យ​កម្រៃ​ពលកម្ម​នោះ​ទេ​។

លោកស្រី​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ការផ្តួចផ្តើម​គំនិត​ពី​ការកសាង​បន្ទប់​សម្រាប់​មេធាវី​នេះ​គឺ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ផ្តល់​ថវិកា​ផ្ទាល់​របស់​លោក​ចំនួន​ ៧ ​ម៉ឺន​ដុល្លារ​អាមេរិក​រួម​នឹង​ថវិកា​ពី​សប្បុរសជន​ជា​មេធាវី​ចំនួន​ ៧ ​ម៉ឺន​ដុល្លារ​ទៀត​សរុប​ ១៤ ​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ចំណាយ​លើ​ការ​សាងសង់​បន្ទប់​មេធាវី​ទាំង​ ២៥ ​ខេត្ត-ក្រុង​។

ជាមួយ​គ្នា​នេះ​លោក​មេធាវី ឡោ គីមហ្គិច ក៏​បាន​ថ្លែង​ដែរ​ថា​មាន​បន្ទប់​មេធាវី​បែប​នេះ​គឺជា​ការល្អ​ហើយ​សម្រាប់​កិច្ចការ​សម្ងាត់​ក្នុង​ការជួប​កូនក្តី​ដោយ​មិន​មាន​មន្ត្រី​ពន្ធនាគារ​ណា​មក​រំខាន​ដល់​ការពិគ្រោះ​យោបល់​ជាមួយ​កូនក្តី ហើយ​នឹង​មាន​សន្តិសុខ​ល្អ​សម្រាប់​មេធាវី​ដែរ​។

ទោះ​យ៉ាង​ណា​លោក​ថ្លែង​ថា​៖ «​អ្វី​ជា​សំណូមពរ​ត្រឡប់​វិញ​នោះ​គឺ​កុំ​ឲ្យ​មន្ត្រី​ពន្ធនាគារ​យក​បន្ទប់​មេធាវី​ហ្នឹង​ទៅ​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​ដែល​ជា​ជនជាប់ចោទ​ចូល​ជួប​ក្រុម​គ្រួសារ​គេ​រហូត​នៅក្នុង​បន្ទប់​មេធាវី​។ ដល់​មេធាវី​ចង់​ជួប​កូនក្តី​វិញ គឺ​ខាង​មន្ត្រី​ពន្ធនាគារ​បែរ​ជា​ឲ្យ​មេធាវី​អង្គុយ​នៅ​ក្រោម​ដើមឈើ​រហូត ពិសេស​នៅ​ពន្ធនាគារ​ព្រៃស​តែ​ម្តង​។ គាត់​ប្រាប់​យើង​ថា បង​អញ្ជើញ​ទៅ​អង្គុយ​ក្រោម​ដើមឈើ​វិញ​ម្លប់​ត្រជាក់​ស្រួល​»​។

លោក​ ស៊ឹង សែនករុណា មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​សិទ្ធិមនុស្ស អាដហុក លើកឡើង​ថា បន្ទប់​សម្រាប់​មេធាវី​នេះ​បាន​ផ្តល់​ភាព​សម្ងាត់​សម្រាប់​មេធាវី​បាន​ជួប​ពិគ្រោះ​យោបល់​ជាមួយ​កូនក្តី ហើយ​ការសាងសង់​បន្ទប់​នេះ គឺជា​ចេតនា​មួយ​សម្រាប់​ការជួប​រវាង​កូនក្តី​ និង​មេធាវី​។ តែ​ប្រសិន​បើ​មាន​ការ​សាងសង់​បន្ទប់​ហើយ នៅ​តែ​មិន​អាច​មាន​ភាព​សម្ងាត់​បាន​ទេ ហើយ​មាន​ការ​លប​ស្តាប់​ណាមួយ​នោះ​វា​ផ្ទុយ​ពី​គោលបំណង​នៃ​ការកសាង​បន្ទប់​ហើយ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​ការសាងសង់​បន្ទប់​នេះ​នឹង​អាច​ផ្តល់​ផលប្រយោជន៍​ដល់​កូនក្តី​ក៏ដូចជា​មេធាវី​អាច​ជួប​កូនក្តី​គាត់​ដោយ​មិន​មាន​ការជ្រៀតជ្រែក​ ឬ​មានកា​រឹតត្បិត​អី្វ​ផ្សេងៗ តែ​បើ​ទង្វើ​នេះ​ធ្វើ​ឡើង​ដោយ​មន្ត្រី​ពន្ធនាគារ ឬ​មន្ត្រី​ស្ថាប័ន​ណា​មួយ​ពាក់ព័ន្ធ​ដែល​ផ្ទុយ​ពី​ហ្នឹង គឺ​មាន​ន័យ​ថា​វា​ជា​ការរំលោភ​ទៅ​លើ​គោលការណ៍​សម្ងាត់​ហ្នឹង​ហើយ​»​។

ពាក់ព័ន្ធ​បន្ទប់​មេធាវី​នេះ​លោក​ឧត្តមសេនីយ៍ សន កែវ អ្នក​នាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទប់​សម្រាប់​មេធាវី​នេះ​កន្លង​មក​ខាង​ពន្ធនាគារ​បាន​ធ្វើ​រួចហើយ​។ ហេតុផល​នៃ​ការសាងសង់​នេះ​គឺ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​មេធាវី និង​អ្នក​ជាប់ឃុំ​អនុវត្ត​ទៅ​តាម​ច្បាប់​ពន្ធនាគារ​ដែល​មេធាវី​មាន​សិទ្ធិ​ជួប​អ្នក​ជាប់ឃុំ​ជាសម្ងាត់​៕