ភ្នំពេញៈ ​តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ ជំនុំជម្រះ ស្ត្រី​ខ្មែរ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ខណៈ​ស្ត្រី​ថៃ​ម្នាក់​ក្នុង​សំណុំ​រឿង​នេះ មិន​ប្តឹង​សារទុក្ខ​ដែល​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់គុក ២០ ឆ្នាំ​ពាក់ព័ន្ធ​ថ្នាំញៀន​ចំនួន ៤៩១១,៤ ក្រាម​កាលពី​ឆ្នាំ ២០១៣ នៅ​រាជធានី​ភ្នំពេញ​។

តាម​អង្គហេតុ​នៃ​សំណុំ​រឿង​នេះ​បង្ហាញ​ថា​ស្ត្រី​ថៃ​ឈ្មោះ WiLAWAN CHINPANG បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​ទៅ​យក​គ្រឿងញៀន​នៅ​ប្រទេស​ឥណ្ឌា​។ លុះ​ត្រឡប់​មក​វិញ​ស្ត្រី​ជាប់ចោទ​បាន​នាំ​គ្រឿងញៀន​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី រួច​បន្ត​ដំណើរ​មក​ប្រទេស​កម្ពុជា​ឆ្លង​កាត់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃទី ២៩ ខែ​កក្កដា​ឆ្នាំ ២០១៣​។

អង្គហេតុ​បន្ត​ថា​នៅ​ពេល​ស្ត្រី​ថៃ​ជាប់​ចោទ​អូស​វ៉ាលិស​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ ក្នុង​ព្រលាន​យន្តហោះ​ក៏​ត្រូវ​សមត្ថកិច្ច​ឆែកឆេរ​វ៉ាលិស​ឃើញ​លាក់​គ្រឿងញៀន នៅ​បាត​វ៉ាលិស ហើយ​ក៏​ឃាត់​ខ្លួន​ស្ត្រី​សង្ស័យ​តែ​ម្តង​។ គ្រឿងញៀន​នោះ​ត្រូវ​គេ​រុំ​ស្តុត​ចំនួន ៤ ដុំ​បង្កប់​នៅ​បាត​វ៉ាលិស​ហើយ​លទ្ធផល​ធ្វើ​កោសល្យ​វិច័យ​បង្ហាញ​ថា ជា​ប្រភេទ​ម្សៅ​មេតំហ្វេតាមីន​ដែល​មាន​ទម្ងន់​ ៤៩១១,៤ ​ក្រាម​។ បន្ទាប់មក​សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​រក​អ្នក​ទទួល​រហូត​ឃាត់​ខ្លួន​បាន​ស្ត្រី​ខ្មែរ​ឈ្មោះ កែវ ដាវី អាយុ ៤៤ ឆ្នាំ​ម្នាក់​ទៀត​។

ស្ត្រី​ កែវដាវី ឆ្លើយ​ក្នុង​សវនាការ​ពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​បាន​ស្គាល់​បុរស​ស្បែក​ខ្មៅ​ម្នាក់ ឈ្មោះ អូចេ ​ហើយ​នៅ​ថ្ងៃទី ២៩ កក្កដា​ឆ្នាំ ២០១៣ ត្រូវ​បុរស​ម្នាក់​នោះ​បាន​ទូរស័ព្ទ​មក​ពឹង​ខ្ញុំ​ឲ្យ​ទៅ​​យក​ខោអាវ​ ២ ​កំប្លេ​ពី​មិត្តស្រី​​របស់​គាត់​នៅក្នុង​បន្ទប់​ផ្ទះ​សំណាក់​ហើយ​គាត់​ឲ្យ​កម្រៃ​ ២០០ ដុល្លារ​។ ពេល​នោះ​ខ្ញុំ​ទៅ​តាម​ការ​ប្រាប់​របស់​បុរស​នោះ​។ លុះ​ពេល​ខ្ញុំ​ចូល​ដល់​មាត់ទ្វារ​បន្ទប់​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​តែ​ម្តង​»​។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​រាជធានី​កាលពី​ថ្ងៃទី ២៩ មេសា​ឆ្នាំ ២០១៤ សម្រេច​ផ្តន្ទាទោស​ឈ្មោះ WiLAWAN CHINPANG អាយុ ២៩ ឆ្នាំ​ដាក់​គុក ៣០ ឆ្នាំ និង​ពិន័យ​ប្រាក់​ ៨០ ​លាន​រៀល​ស្ត្រី​ឈ្មោះ កែវ ដាវី ដាក់​គុក ២០ ឆ្នាំ ពិន័យ​ប្រាក់ ៥០ លាន​រៀល​ចោទ​ពី​បទ​ «​ដឹកជញ្ជូន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញឿន​» ​តាម​បញ្ញត្តិ​មាត្រា ៤០ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។

លោក​ ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារង និង​ជា​តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​៖ «​ស្ត្រី​ជាប់ចោទ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ជាក់ស្តែង​ជាមួយ​គ្រឿងញៀន​។ ដូច្នេះ​ការចោទ​ប្រកាន់​របស់​តុលាការ​ថ្នាក់​ក្រោម​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ច្បាប់​ខ្ញុំ​សូម​តម្កល់​សាលដីកា​ដដែល​»​។

ប៉ុន្តែ​លោក​មេធាវី​ ឡោ គីមហ្គិច មេធាវី​ចាត់តាំង​ការពារ​សិទ្ធិ​ឲ្យ​ស្ត្រី​ជាប់ចោទ បាន​សន្និដ្ឋាន​ថា​កូនក្តី​លោក​ត្រូវ​ស្ត្រី​ថៃ​ឈ្មោះ WiLAWAN CHINPANG ពឹង​ពាក់​ឲ្យ​ជួយ​យក​ខោអាវ​ពី​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​ឲ្យ​ព្រោះ​ថា​គេ​ឈ្លោះ​គ្នា​ជាមួយ​សង្សារ​។ ប៉ុន្តែ​ពេល​ទៅ​ដល់​មាត់​ទ្វារ​បន្ទប់​នោះ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​តែ​ម្តង​។

លោក​ថ្លែង​ថា​៖ «​កូនក្តី​ខ្ញុំ​ត្រូវ​បាន​ស្ត្រី​ថៃ​ឆបោក ហើយ​គាត់​ក៏​មិន​ទាន់​បាន​កាន់​វ៉ាលិស​គ្រឿង​ញៀន​នោះ​ដែរ​។ ប៉ុន្តែ​បែរ​ជា​តុលាការ​ចោទ​គាត់​ថា ដឹក​ជញ្ជូន​គ្រឿងញៀន​ទៅ​វិញ​។ សូម​តុលាការ​ដោះលែង​គាត់​វិញ​»​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម​ ឃឹម ប៉ុណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា​សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃទី​ ៣០ មេសា​៕