ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា ក្នុង​ខែវិច្ឆិកា​កន្លងមក​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​នៅ​ទូទាំងប្រទេស​បាន​ចំនួន​ ២៥៥ ​គ្រឿង​ ដោយ​ក្នុង​នោះបាន​ផាកពិន័យ​ជា​ប្រាក់​សរុប​ជាង ៥៣២ ​លាន​រៀល​។

របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឲ្យ​ដឹង​បន្ថែមថា អាជ្ញាធរ​បាន​ឃាត់​រថយន្ត​ដឹក​លើស​ចំណុះ​ទាំងនេះ​នៅ​តាម​ស្ថានីយ​ត្រួតពិនិត្យ​ទូទាំង​ប្រទេស​ចំនួន​ ២៧ គោលដៅ និង​បានដាក់​ពង្រាយ ក្រុម​ត្រួតពិនិត្យ​ចល័ត​ជាប្រចាំ​ដោយ​ក្នុងនោះ​ចំនួន​រថយន្ត​ដែល​ចាប់បាន​មាន​ការកើនឡើង ៤៣ ​គ្រឿង បើ​ធៀប​នឹង​ខែ​តុលា​គឺ​ពី​ ២១២ ​គ្រឿង​មក​ ២៥៥ គ្រឿង​ ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០១៩​។

តាម​របាយការណ៍​ដដែល​បញ្ជាក់ថា ខេត្ត​ដែល​បាន​ឃាត់​រថយន្ត​ដឹក​លើស​កម្រិត​កំណត់​បាន​ច្រើន​ជាងគេ​គឺ​កំពង់ចាម​នៅ​ត្រង់​ចំណុច​ស្ថានីយ​ថ្នល់កែង ដែល​បាន​ឃាត់​រថយន្ត​ ៤៥ គ្រឿង និង​កំពង់ធំ​នៅ​ត្រង់​ចំណុច​ស្ថានីយ​ប្រាសាទ​ដែល​ឃាត់​រថយន្ត​ ៣៣ គ្រឿង ខណៈ​ដែល​រាជធានី-ខេត្ត​ដែល​មាន​រថយន្ត​ដឹក​លើស​តិច​ជាង​គេ​ដែល​មានតែ ១ ​ករណី​ គឺ​ភ្នំពេញ ខេត្ត​ស្វាយរៀង ព្រៃវែង និង​កណ្តាល​។ ចំណែកឯ​ក្រុមការងារ​ចល័ត​របស់​ក្រសួង​បាន​ឃាត់​រថយន្ត​ដឹក​លើស​កម្រិត​កំណត់​បាន​ចំនួន ៥៤ ​គ្រឿង​ ក្នុង​ចំណោម ២៥៥ គ្រឿង​។

លោក គង់ វិមាន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​អាទិត្យ​ថា បើទោះ​ជា​មាន​ការចុះ​ត្រួតពិនិត្យ និង​រឹតបន្តឹង​ដូច​ភ្លៀងរលឹម​យ៉ាងណាក្តី ក៏​ជន​មួយ​ចំនួន​តូច​នៅ​តែ​បន្ត​ផ្ទុកទំនិញ​លើស​កម្រិត​កំណត់​នៅ​តាម​ដងផ្លូវ​។ លោក​បន្តថា​ក្នុង​ចំណោម​រថយន្ត​ដែល​ចាប់​ឃាត់​នោះ​ភាគច្រើន​ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥ ​តោន​ រហូត​ដល់ ៣៤ ​តោន​។ «​យើង​ធ្វើបាន​ល្អប្រសើរ​ច្រើន​ណាស់​។ បើ​យើង​អត់​ធ្វើ​ទេ គឺ​អ្វីៗ​វា​នឹង​អាច​ឆាប់​បាត់បង់​ (​ប៉ះពាល់​ផ្លូវ​)»​។

បន្ថែម​ពីនេះ​លោក គង់ វិមាន​បន្តថា​៖ «​យើង​មាន​ស្ថានីយ​ថ្លឹង​ចំនួន​ ២៧ ទូទាំង​ប្រទេស និង​មាន​ក្រុមការងារ​ចល័ត​។ ប៉ុន្តែ​យើង​នៅតែ​មិន​អាច​ទប់ទល់​ទៅនឹង​បទល្មើស​ដែល​កើតឡើង​ជារឿយៗ​អស់​ទេ​ដោយសារ​តែ​មន្ត្រី​យើង​នៅ​មាន​កម្រិត​ហើយ​ទីតាំង​ដែល​យើង​កំពុង​ដាក់​ (​ត្រួតពិនិត្យ​) ​ហ្នឹង​ក៏មាន​កម្រិត ហើយ​មធ្យោបាយ​បច្ចុប្បន្ន​នេះ​មាន​ការកើនឡើង​ខ្លាំងណាស់​»​។

លោក គង់ សុវណ្ណ ទីប្រឹក្សា​ជំនាញ និង​ជា​អនុប្រធាន​ក្រុម​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជនបទ​ជំហាន​ទី ២ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ថ្លែង​ថា ក្រសួង​ត្រូវ​តែ​មាន​វិធានការ​រឹតបន្តឹង​ជុំវិញ​បញ្ហា​នេះ​បន្ថែមទៀត ជាពិសេស​ការបន្ថែម​ក្រុមការងារ​ចល័ត​ឲ្យ​បាន​ច្រើនជាង​មុន និង​ធ្វើការ​ប្តូរ​គោលដៅ​ត្រួតពិនិត្យ​ឲ្យ​បានជា​ប្រចាំ​។ ក្រៅពី​វិធានការ​នេះ​លោក​ក៏​រំពឹង​ដែរ​ថា ម្ចាស់​យានយន្ត​ទាំងអស់ គួរតែ​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ដើម្បី​ធ្វើឲ្យ​ស្ថានភាព​ផ្លូវ​មាន​ភាពល្អ​ប្រសើរ​ចៀសវាង​ការចង់​ទទួល​បាន​ផលប្រយោជន៍​តែ​ខ្លួនឯង​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់ និង​ខាតបង់​ដល់​ផលប្រយោជន៍​ជាតិ​ទាំងមូល​។

លោក​បញ្ជាក់​ថា​៖ «​ឧទាហរណ៍​ថា ផ្លូវ​យើង​ធ្វើ​មក​ចំណាយ​អស់​ថវិកា​ជាតិ​ច្រើនណាស់ ដោយ​រំពឹង​ទុក​ថា យើង​ប្រើប្រាស់​ដល់​ទៅ​ ១៥ ​ឆ្នាំ​បើ​មាន​ការថែទាំ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​បើសិន​ជា​នាំគ្នា​ឆ្មក់​ប្រព្រឹត្ត​អំពើ​ល្មើស ដោយ​ការដឹកជញ្ជូន​លើស​ទម្ងន់​ធ្វើឲ្យ​ផ្លូវ​ហ្នឹង​មិន​អាច​ទ្រទ្រង់​បាន​យូរ​រហូតដល់​ ១០ ឆ្នាំ​ទៅ​ ១៥ ​ឆ្នាំ​ទេវា​នឹង​ឆាប់​ខូច​។ កាលណា​ឆាប់​ខូច រដ្ឋ​ត្រូវ​ខាតបង់​ថវិកា​មក​ធ្វើ​ផ្លូវ​កន្លែង​ហ្នឹង​ទៀត​អស់​រាប់លាន​ដុល្លារ​ព្រោះតែ​ការចំណេញ​របស់​ពួកគាត់​ (​ឈ្មួញ​) ​តែ​មួយ​ភ្លែត​»៕