ភ្នំពេញៈ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ថ្លែង​កាលពី​ម្សិលមិញ​ថា បើទោះបី​ជាមាន​បញ្ហា​ប្រឈម​ដោយ​ជំងឺ​កូវីដ​១៩​ក៏ដោយ ក៏​សកម្មភាព​ប្រឆាំង​ការជួញដូរ​មនុស្ស​ក្នុង​រយៈពេល​ ៦ ​ខែ​ឆ្នាំ​ ២០២០ នេះ បាន​បន្ត​យ៉ាងសកម្ម​ដោយ​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​បាន ៧៩ ​ករណី​។

លោកស្រី​មាន​ប្រសាសន៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​បើ​និយាយ​ពី​ការបង្ក្រាប​ក្នុង​រយៈពេល ៦ ​ខែ​ដូចគ្នា ឆ្នាំ ២០២០ នេះ​យើង​ធ្វើបាន​ច្រើនជាង​មុន ១ ​ករណី​គឺ​ចំនួន ៧៩ ករណី កើន​ពី ៧៨ ​ករណី​។ ក្នុងនេះ​អំពើ​ជួញដូរ​មនុស្ស​យើង​បង្ក្រាបបាន ២៩ ​ករណី មាន​ជនសង្ស័យ ៣៦ ​នាក់​ដែល​មាន​ជនបរទេស​ ៣ ​នាក់​។ ក្នុងចំណោម ២៩ ករណី​នេះ​មាន​ជនរងគ្រោះ​ ១៩០ ​នាក់​»​។

លោកស្រី​បន្តថា​៖ «​ចំណែក​ករណី​ជួញដូរ​ផ្លូវភេទ​ឆ្នាំ​នេះ​ការបង្ក្រាប​មាន​ការថយចុះ​ ១៦ ​ករណី ដោយសារ​តែ​ឆ្នាំនេះ សេវា​កម្សាន្ត​ត្រូវបាន​ផ្អាក​ច្រើន ដូច្នេះ​ឆ្នាំ​នេះ​បង្ក្រាប​បាន ៥០ ​ករណី​ធៀប​នឹង ៦ ​ខែ​ឆ្នាំ​មុន​ដែល​មាន ៦៦ ​ករណី​។ ក្នុងនេះ​មាន​ជនសង្ស័យ​ចំនួន ៦៧ នាក់​ដែល​ ១៤ ​នាក់​ជា​ជនបរទេស​។ ចំណែក​ជនរងគ្រោះ​មាន​ចំនួន​ ៩៧ ​នាក់​»​។

លោកស្រី ជូ ប៊ុនអេង បន្ត​ថា​ការជួញដូរ​ដោយ​ការនាំចេញ​មិន​មាន​ច្រើន​ទេ ដោយសារ​តែមាន​ការបិទ​ច្រកព្រំដែន​ពី​ប្រទេស​ជិតខាង និង​ការបិទ​ជើងយន្តហោះ​។ ប៉ុន្តែ​ទោះបី​ថៃ​បិទ​ច្រកទ្វារ​ព្រំដែន​ជាមួយ​កម្ពុជា​ក្នុង​វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​១៩ ក៏ដោយ ក៏​ពលរដ្ឋ​ខ្មែរ​ជិត ១ ​ពាន់​នាក់​ ​បាន​ចាញ់បោក​មេខ្យល់​ដោយ​ព្យាយាម​ចូលទៅ​ប្រទេស​ថៃ ប៉ុន្តែ​ត្រូវបាន​ថៃ​ចាប់បញ្ជូន​មកវិញ​។

លោកស្រី​ថ្លែងថា​៖ «​ពួកគាត់​ (​អ្នក​ដែល​ថៃ​ចាប់បញ្ជូន​មកវិញ​) គឺជា​ជនរងគ្រោះ​ដោយសារ​អំពើ​ជួញដូរ ហើយដោយ​សារ​គាត់​ចាញ់បោក​មេខ្យល់​យកទៅ​លក់​។ ពួកគាត់​មិនអាច​រក​ការងារ​អី​បានទេ បាន​ត្រឹម​តែ​ចំណាយលុយ​ឲ្យ​មេខ្យល់​។ គេ​ប្រាប់ថា យកទៅ​ឲ្យ​និយោជក ប៉ុន្តែ​ពេល​ចូលទៅ​ដល់ មិន​បាន​ផល​ទេ គាត់​ក៏​បណ្ដោយ​ទៅតាម​យថាកម្ម គឺ​គាត់​ត្រូវបាន​គេ​ចាប់ និង​បញ្ជូន​មកវិញ​»​។

លោកស្រី​បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ពិចារណា កុំ​ឲ្យ​ចាញ់បោក​គេ ព្រោះ​ពេលនេះ​ការផ្សង​ព្រេង​អាច​ទទួលបាន​ត្រឹមតែ​ការខាតបង់​ប្រាក់កាស​ប៉ុណ្ណោះ​។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​កាលពី​ម្សិលមិញ​បាន​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ប្រចាំ​​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​។

លោក​បាន​ថ្លែងថា​៖ «​សូម​ក្រុមការងារ​អនុវត្ត​ច្បាប់​បន្ត​តាមដាន​ស្រាវជ្រាវ ស្វែងរក​មេខ្យល់​ជួញដូរ​មនុស្ស និង​ល្បិចកល​ថ្មីៗ ដើម្បី​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​។ លើសពី​នេះ​ទៅ​ទៀត​គ្រប់​អង្គភាព​សមត្ថកិច្ច គប្បី​ពង្រឹង​វិន័យ​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​កងកម្លាំង បញ្ចៀស​ឲ្យ​បាន​ការប្រព្រឹត្ត​ខុសឆ្គង​នឹង​វិន័យ​ក្រមសីលធម៌​វិជ្ជាជីវៈ បទបញ្ជា​ដែល​នាំឲ្យ​ប្រឈម​នឹង​ការដាក់ទោស​ទណ្ឌ​ជាយថាហេតុ​»​។

លោក​បានផ្ដល់​អនុសាសន៍​ដល់​ក្រុមការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ចងក្រង និង​ចែករំលែក​ទិន្នន័យ​ជា​ប្រព័ន្ធ​ឲ្យ​មាន​លក្ខណៈ​រលូន និង​ជា​ទិន្នន័យ​រួម​ថ្នាក់ជាតិ​ដែល​ឆ្លើយតប​ទៅនឹង​ការដោះស្រាយ​បញ្ហា ជាពិសេស​សម្រាប់​ចែករំលែក​ជាមួយ​អន្តរជាតិ​។

លោក ស ខេង បានស្នើ​ឲ្យ​មាន​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អ​ថែមទៀត​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ការប្រមូល​ទិន្នន័យ​អំពី​ការផ្តន្ទាទោស​អំពើ​ជួញដូរ​មនុស្ស​ត្រូវ​បាន​បញ្ចូន​យ៉ាងលឿន​មក​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រឆាំង​ការជួញដូរ​មនុស្ស​។

លោក​បន្តថា​៖ «​គ្រប់​ក្រសួង ស្ថាប័ន អង្គភាព ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ គប្បី​បន្ត​ចូលរួម​សហការ និង​គាំទ្រ​អនុវត្ត​គោលនយោបាយ និង​វិធានការ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​ជម្នះ​នូវ​រាល់​ឧបសគ្គ​ និង​ភាពប្រឈម​ទាំងឡាយ​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ទប់ទល់​នឹង​សភាពការណ៍​ដែល​វិវត្ត​ឥតឈប់ឈរ និង​ប្រធាន​ស័ក្តិ​ទាំងឡាយ ដែល​ប៉ះពាល់​ដល់​ប្រជាជន និង​ប្រទេស​ជាតិ​យើង​»៕