ភ្នំពេញៈ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុង​ពន្លឿន​ការកែសម្រួល​នីតិវិធី​លើ​ប្រកាស​អន្តរក្រសួង​ស្តីពី «​បែបបទ និង​នីតិវិធី​នៃ​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត​» ​និង​ការបង់ពន្ធ​ប្រថាប់ត្រា​នៅ​កន្លែង​តែមួយ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម បច្ចេកវិទ្យា​ទំនើប ដើម្បី​ពន្លឿន​ការផ្ដល់​សេវា​នេះ​ដល់​ប្រជាពលរដ្ឋ​។

លោក ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ផ្លូវគោក​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែងប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា នីតិវិធី​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ថ្មី​តាម​បច្ចេកវិទ្យា​ទំនើប​នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ការដឹកនាំ​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្រប​តាម​គោលនយោបាយ​កំណែទម្រង់​ក្នុង​ការផ្តល់​សេវាសាធារណៈ​របស់​រាជរដ្ឋាភិបាល​។

លោក​ថ្លែងថា​៖ «​កាលពី​មុន​ពលរដ្ឋ​យើង​ដែល​ត្រូវការ​សេវា​ផ្ទេរកម្មសិទ្ធិ​យានយន្ត​បែបនេះ គឺ​ត្រូវ​ទៅ​រក​សេវា ២ ​ដង​ទៅ​មកៗ​។ តាមរយៈ​ប្រកាស​អន្តរក្រសួង​នេះ​គឺ​ត្រូវ​ធ្វើ​តែមួយ​កន្លែង​ទេ​ទាំង​ការបង់ពន្ធ​ប្រថាប់ត្រា និង​ផ្ទេរកម្មសិទ្ធិ​។ ការងារ​នេះ​ជា​លទ្ធផល​មួយ​ដ៏ល្អ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យើង ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​ច្រើន ហើយ​អាច​ទទួល​បាន​សេវា​លឿន​ជាង​មុន​»​។

លោក វ៉ន់ បញ្ជាក់​ថា ចំពោះ​ថា​ពេលណា​ដែល​ប្រកាស​អន្តរក្រសួង​ស្តីពី «​បែបបទ និង​នីតិវិធី​នៃ​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត​» នេះ​នឹង​ចេញ​ឱ្យ​អនុវត្ដ​នោះ គឺ​អាស្រ័យ​នៅ​លើ​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន ក្រសួង​ទាំង​ ២ ដែល​កំពុង​រៀបចំ​កែសម្រួល​នីតិវិធី​នៃ​ប្រកាស​អន្តរក្រសួង​នេះ​។

លោក​បន្តថា​៖ «​ប៉ុន្ដែ​យើង​ធ្វើ​ម៉េច ជំរុញ​ឱ្យ​ប្រកាស​នេះ​ចេញ​ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ពេលនេះ យើង​មិន​ទាន់​អាច​កំណត់​ថា ចេញ​នៅពេល​ណា​ជាក់លាក់​បានទេ ព្រោះ​ត្រូវការ​ឆ្លង​ថ្នាក់ដឹកនាំ​ក្រសួង​ទាំង​ ២ ក្នុង​ការសម្រេច​»​។ លោក​ឱ្យដឹង​ថា តាមរយៈ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​ ២៩ ខែ​មិថុនា រវាង​ក្រុម​ការងារ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក និង​ក្រុមការងារ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​សម្រួល​នីតិវិធី​មួយ​ចំនួន​នៃ​ប្រកាស​ខាង​លើ​នេះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ប្រកាស​នេះ បងប្អូន​ប្រជាពលរដ្ឋ​អាច​ដាក់​ពាក្យ​ស្នើសុំ​តាមរយៈ​ប្រព័ន្ធ​នេះ​តែម្ដង​។ អ្វីដែល​សំខាន់​នោះ​គឺ​យើង​ធ្វើការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​នេះ​ឱ្យ​នៅ​កន្លែង​តែមួយ ទាំង​ការបង់ពន្ធ​ប្រថាប់ត្រា និង​ផ្ដល់​សេវា​ផ្សេង​ទៀត​ដោយ​មិន​ចាំបាច់​រំខាន​ពេលវេលា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ដូច​ពី​មុន​ដែល​ត្រូវ​មក​ក្រសួង​សាធារណការ រៀបចំ​ឯកសារ​ហើយ​បាន​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នៅ​កន្លែង​ពន្ធដារ រួច​ទើប​ត្រឡប់​មក​ក្រសួង​សាធារណ​ការធ្វើ​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត​ម្ដងទៀត​នោះទេ​»​។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្លែងថា​ប្រកាស​នេះ​ក្រសួង​ទាំង​ ២ ​បាន​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការដាក់​ពាក្យ​ផ្ទេរកម្មសិទ្ធិ​យានយន្ត បង់សេវា និង​បង់ពន្ធ​ប្រថាប់ត្រា​ក្នុង​ពេល​តែមួយ​នៅ​ទីតាំង​ផ្តល់​សេវា​តែមួយ​រួមគ្នា​នៅ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ដើម្បី​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ និង​កាត់បន្ថយ​ពេលវេលា​របស់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​ប្រកាស​រួម​នេះ​នឹង​ស្នើ​គោលការណ៍​ដាក់​ឱ្យ​អនុវត្ត​នៅ​ទីតាំង​ផ្តល់​សេវា​រួម​តែមួយ ដូចជា​ការបង់ប្រាក់​សេវា​ និង​ពន្ធ​ប្រថាប់ត្រា​រួម​គ្នា​ក្នុង​វិក្កយបត្រ​តែមួយ សម្រួល​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាពងាយស្រួល​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​ចំណេញ​ពេលវេលា និង​ធានា​លុបបំបាត់​ការចំណាយ​ក្រៅ​ផ្លូវការ​។ នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ​ថ្មី​នេះ​ពលរដ្ឋ​នឹងត្រូវ​ចំណាយពេល​តែ ១ ថ្ងៃ​ប្រសិន​បើ​មិនមាន​ការប្តូរ​ស្លាកលេខ​ និង​រយៈពេល​ ២ ​ទៅ​ ៣ ​ថ្ងៃ ប្រសិន​បើ​មាន​ការប្តូរ​ស្លាកលេខ​»៕

វីដេអូ៖